1បន្ទាប់មក ទេវតាដែលបាននិយាយជាមួយខ្ញុំពីមុនត្រលប់មកវិញហើយដាស់ខ្ញុំឲ្យភ្ញាក់ ដូចជាមនុស្សភ្ញាក់ពីដេក។
2លោកនិយាយមកកាន់ខ្ញុំថា «តើអ្នកបានឃើញអ្វី?» ខ្ញុំឆ្លើយថា «ខ្ញុំឃើញជើងចង្កៀងមួយធ្វើអំពីមាស មានទាំងចានប្រេងនៅពីលើវាផង។ ចង្កៀងប្រាំពីរនៅពីលើជើងចង្កៀងនោះ ហើយមានបញ្ឆេះចង្កៀងប្រាំពីរនៅលើចង្កៀងនីមួយៗ។
3មានដើមអូលីវពីរដើមនៅក្បែរនោះ មួយនៅខាងស្ដាំ ហើយមួយដើមទៀតនៅខាងឆ្វេងនៃចានប្រេងនោះ»។
4ខ្ញុំក៏សួរទៅកាន់ទេវតាដែលនិយាយជាមួយខ្ញុំម្ដងទៀតថា «តើរបស់ទាំងនេះមានន័យដូចម្ដេចទៅ លោកម្ចាស់?»
5ទេវតាឆ្លើយមកកាន់ខ្ញុំវិញថា «តើអ្នកមិនស្គាល់របស់ទាំងនេះមានន័យថាយ៉ាងមិចទេឬ?» ខ្ញុំឆ្លើយថា «ទេ លោកម្ចាស់»។
6ទេវតាក៏និយាយមកកាន់ខ្ញុំថា «នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់មកកាន់ លោកសូរ៉ូបាបិលថា មិនមែនដោយឥទ្ធិឫទ្ធិ ឬដោយអំណាចទេ ប៉ុន្តែដោយសារព្រះវិញ្ញាណរបស់យើងវិញ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូល។
7ភ្នំធំអើយ តើអ្នកជាអ្វី? នៅចំពោះមុខ សូរ៉ូបាបិលអ្នកនឹងក្លាយទៅជាដីរាបស្មើវិញ ហើយលោកនឹងយកកំពូលថ្មមក ដើម្បីស្រែកថា ព្រះគុណ! ព្រះគុណដល់ថ្មនេះ!»
8ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំថា
9«ដៃរបស់លោកសូរ៉ូបាបិលបានចាក់គ្រឹះព្រះដំណាក់នេះ ហើយដៃរបស់លោកនឹងនាំការបង្ហើយនៃការសាងសង់ដែរ។ នោះគេនឹងដឹងថាព្រះអម្ចាស់នៃពិភពទាំងមូលបានបញ្ជូលខ្ញុំមកមែន។
10តើអ្នកណាដែលបានមើលងាយនៅថ្ងៃនៃកិច្ចការតូចនោះ? មនុស្សទាំងនេះនឹងសប្បាយរីករាយ ហើយនឹងឃើញថ្មប្រយោលនៅក្នុងដៃរបស់លោកសូរ៉ូបាបិល។ (ចង្កៀងទាំងប្រាំពីរនេះគឺជាព្រះនេ្រតរបស់ព្រះអម្ចាស់ដែលទតមើលជុំវិញផែនដីទាំងមូល)»។
11បន្ទាប់មក ខ្ញុំក៏សួរទេវតាថា «តើដើមអូលីវទាំងពីរ ដែលនៅខាងស្ដាំ និងខាងឆ្វេងនៃជើងចង្កៀងនោះជាអ្វីទៅ?»
12ខ្ញុំសួរលោកម្ដងទៀតថា «តើមែកអូលីវទាំងពីរនៅក្បែរបំពង់មាសដែលហូរចេញប្រេងមាសមកនេះជាអ្វីទៅ?»
13លោកក៏និយាយមកកាន់ខ្ញុំថា «តើអ្នកមិនស្គាល់ទាំងនេះជាអ្វីទេឬ?» ខ្ញុំឆ្លើយថា «អត់ស្គាល់ទេ លោកម្ចាស់»។
14ដូច្នេះលោកនិយាយថា «ទាំងអស់នេះគឺជាកូនប្រុសនៃប្រេងអូលីវស្រស់ ជាអ្នកដែលឈរនៅពីមុខព្រះជាម្ចាស់នៃផែនដីទាំងមូល»។