ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

សាការី 3

Read Scripture freely. Divine Threads study for this chapter is coming later.

1បន្ទាប់មក ព្រះអម្ចាស់បានបង្ហាញខ្ញុំឲ្យឃើញ លោកមហាបូជាចារ្យយេសួរ ឈរនៅមុខទេវតានៃព្រះអម្ចាស់​ និងសាតាំងឈរនៅខាងស្ដាំ ដើម្បីតវ៉ានឹងលោក។
2ទេវតានៃព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់សាតាំងថា «សូមព្រះអម្ចាស់ផ្ដន្ទាទោសអ្នកសាតាំងអើយ សូមព្រះអម្ចាស់ ដែលបានជ្រើសរើសក្រុងយេរូសាឡឹម ផ្ដន្ទាទោសអ្នកហើយ! តើមិនមែនជាអង្កត់អុសដែលគេយកចេញពីភ្លើងទេឬអី?»
3ចំណែកលោកយេសួរ ស្លៀកសម្លៀកបំពាក់កខ្វក់ ឈរនៅមុខទេវតា។
4ទេវតាពោលទៅកាន់អ្នកដែលឈរនៅពីមុខលោកថា «ចូរយកសម្លៀកបំពាក់កខ្វក់ចេញពីលោក»។ បន្ទាប់មក លោកពោលទៅកាន់ លោកយេសួរថា «ចូរមើល៍! ខ្ញុំបានដកអំពើ​ទុច្ចរិត​ចេញ​ពីអ្នក​ហើយ ខ្ញុំ​នឹង​‌ពាក់សម្លៀក​បំពាក់​ដ៏​រុងរឿង​ឲ្យអ្នកវិញ»។
5ទេវតាពោលឡើងថា «សូមឲ្យគេយកឈ្នូតស្អាតមកបំពាក់លើក្បាលរបស់លោក!» ដូច្នេះហើយ ពួកគេរៀបចំឈ្នូតស្អាតមួយលើក្បាលរបស់លោកយេសួរ និងស្លៀកពាក់ជូនលោក ដោយមានទេវតានៃព្រះអម្ចាស់ឈរនៅទីនោះដែរ។
6ក្រោយមក ទេវតានៃព្រះអម្ចាស់បង្គាប់លោកយេសួរយ៉ាងមុតមាំថា​
7«ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលយ៉ាងនេះថា​ ប្រសិនបើអ្នកនឹងដើរក្នុងផ្លូវរបស់យើង ហើយបើអ្នកនឹងរក្សាបញ្ញើររបស់យើង នោះអ្នកនឹងគ្រប់គ្រងដំណាក់របស់យើង និងរក្សាទីលានរបស់យើងដែរ ត្បិតយើងនឹងឲ្យអ្នកចូលរួមក្នុងចំណោមអ្នកដែលនៅពីមុខខ្ញុំដែរ។
8ចូរស្ដាប់ មហាបូជាចារ្យយេសួរ ព្រមទាំងពួកដៃគូររបស់អ្នកដែលរស់នៅជាមួយអ្នកផងដែរ! ត្បិតពួកគេគឺជាទីសម្គាល់ យើងនឹងនាំ ពន្លកជាអ្នកបម្រើរបស់យើងមក។
9ចូរមើល៍! ទៅកាន់ថ្មដែលយើងបានដាក់នៅពីមុខ េលោកយេសួរ។ ថ្មមួយមានភ្នែកប្រាំពីរ ហើយយើងនឹងចារអក្សរលើថ្មនោះ នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល ហើយយើងនឹងដកអំពើបាបចេញពីទឹកដីនេះនៅថ្ងៃណាមួយ។
10នៅថ្ងៃនោះ មនុស្សម្នាក់ៗនឹងអញ្ជើញអ្នកជិតខាងរបស់លោក ដើម្បីអង្គុយនៅក្រោមដើមទំពាងបាយជូរ និងដើមឧទម្ពររបស់លោក»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។