ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

សាការី 2

Read Scripture freely. Divine Threads study for this chapter is coming later.

1ក្រោយមកខ្ញុំក៏ក្រឡេកភ្នែកមើលឃើញបុរសម្នាក់ជាមួយខ្សែវាស់នៅក្នុងដៃរបស់លោក។
2ខ្ញុំក៏សួរថា «តើលោកអញ្ជើញទៅណា?» ដូច្នេះគាត់បាននិយាយមកកាន់ខ្ញុំថា «ទៅវាស់ក្រុងយេរូសាឡឹម ដើម្បីឲ្យដឹងប្រវែងទទឹង និងបណ្ដោយ»។
3បន្ទាប់មកទេវតាដែលបាននិយាយជាមួយខ្ញុំក៏ចាក់ចេញទៅ ហើយមានទេវតាមួយផ្សេងទៀតបានមកជួបលោក។
4ទេវតាទីពីរបាននិយាយទៅកាន់គាត់ថា «ចូររត់ទៅប្រាប់មនុស្សកំលោះនោះថា ក្រុងយេរូសាឡឹមនឹងទៅជាក្រុងដែលគ្មានកំផែង ពីព្រោះមានមនុស្ស និងសត្វរស់នៅជាច្រើន។
5ដ្បិត នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ យើងនឹងធ្វើជាកំផែងភ្លើងនៅជុំវិញក្រុង ហើយយើងនឹងត្រូវលើកតម្កើងនៅកណ្តាលក្នុងទីក្រុងផងដែរ។
6ចូរប្រញាប់‌! ភៀសខ្លួនចេញពីទឹកដីខាងជើងមក នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ យើងបានបែងចែកអ្នករាល់គ្នាដូចជាខ្យល់តាមទិសទាំងបួន! នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
7ចូរងើបឡើង! គេចចេញពីពួកស៊ីយ៉ូនដែលរស់នៅជាមួយកូនស្រីក្រុង​បាប៊ីឡូនអើយ!»
8ក្រោយមក ព្រះអម្ចាស់នៃពិភពទាំងមូល ប្រទានអំណាច និងបានចាត់ខ្ញុំឲ្យទៅប្រឆាំងនឹងប្រជាជាតិណាដែល បានប្លន់យកទឹកដីអ្នករាល់គ្នា អ្នកណាប៉ះពាល់អ្នករាល់គ្នា នោះគឺប៉ះពាល់ដល់ប្រស្រីភ្នែករបស់ព្រះហើយ​ បន្ទាប់មកព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា
9«យើងនឹងលើកដៃរបស់យើងប្រហារពួកគេ ហើយពួកគេនឹងក្លាយទៅជាឈ្លើយនៃពួកទាសកររបស់ពួកគេវិញ»។ ពេលនោះគេនឹងដឹងថា ព្រះអម្ចាស់នៃពិភពទាំងមូលបានចាត់ឲ្យខ្ញុំមកមែន។
10«ប្រជា‌ជន​នៃ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ច្រៀង​​ដោយ​អំណរ ដ្បិត​យើង​មក​រក​អ្នក​ហើយ យើង​នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នកហើយ! នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។
11ពេលនោះ ប្រជា‌ជន​ជា​ច្រើននឹង​ចូលរួមជាមួយព្រះ‌អម្ចាស់នៅថ្ងៃនោះ។ ព្រះអង្គមានព្រះបន្ទួលថា ពេល​នោះអ្នករាល់គ្នានឹងក្លាយទៅជាប្រជារាស្រ្តរបស់យើង ហើយ​យើង​នឹង​នៅ​កណ្ដាល​ឯង​រាល់​គ្នា» នោះអ្នក​នឹង​ទទួល​ស្គាល់​ថាព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល បាន​ចាត់​ខ្ញុំ​ឲ្យ​មក​រក​អ្នកមែន។
12ព្រះអម្ចាស់នឹងយកយូដាធ្វើជាមរតករបស់ព្រះអង្គ​​ ក្នុងទឹកដីដ៏វិសុទ្ធ ព្រះអង្គនឹងជ្រើសរើសក្រុងយេរូសាឡឹមម្ដងទៀត។
13ចូរស្ងៀមស្ងាត់ មនុស្សទាំងឡាយអើយ នៅចំពោះព្រះអម្ចាស់ ត្បិតព្រះអង្គតើនឡើងហើយយាងចេញពីព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះអង្គ!
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។