ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទីតុស 2

Read Scripture freely. Divine Threads study for this chapter is coming later.

1ប៉ុន្តែចំពោះអ្នកវិញ ត្រូវនិយាយតែណាដែលស្របតាមសេចក្ដីបង្រៀនដ៏ស្មោះត្រង់។
2ពួកបុរសវ័យចំណាស់ ត្រូវតែជាមនុស្សស្លូតបូត មានភាពថ្លៃថ្នូរ មានសុភវិនិច្ឆ័យ មានជំនឿស្អាតស្អំ មានសេចក្ដីស្រឡាញ់ និងចេះស៊ូទ្រាំ។
3ពួកស្រ្ដីវ័យចំណាស់ក៏ដូច្នេះដែរ ត្រូវតែមានកិរិយាមារយាទសម ជាអ្នកដែលគេគោរព មិននិយាយដើមគេ មិនចំណូលស្រា និងគួរតែបង្រៀននូវសេចក្តីល្អៗវិញ។
4ដើម្បីជួយអប់រំស្រ្តីៗដែលនៅក្មេង ឲ្យចេះស្រឡាញ់ស្វាមី និងកូនៗរបស់ខ្លួន។
5ពួកគេគួរតែអប់រំស្រ្តីទាំងនោះឲ្យមានចិត្តបរិសុទ្ធ ជាស្ត្រីមេផ្ទះដ៏ល្អ និងគោរពចុះចូលនឹងស្វាមីរបស់ពួកគេរៀងៗខ្លួន។ ធ្វើដូច្នេះ ដើម្បីកុំឲ្យនរណាម្នាក់ ប្រមាថព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។
6រីឯពួកយុវជនវិញ ចូលលើកទឹកចិត្តពួកគេឲ្យមានសុភវិនិច្ឆ័យគ្រប់កិច្ចការទាំងអស់។
7ចូរបង្ហាញ និងបង្រៀនអំពើល្អរបស់អ្នក ជាគំរូដល់គេ ដោយបង្ហាញពីភាពស្អាតស្អំ និងសេចក្តីថ្លៃថ្នូររបស់អ្នក។
8និយាយពាក្យសម្តីដែលល្អៗ ដោយមិនឲ្យគេរិះគន់បាន ដូច្នេះ អស់អ្នកដែលជំនាស់នឹងត្រូវអៀនខ្មាស់ ពីព្រោះគេគ្មានអ្វីនិយាយអាក្រក់ពីយើងបានឡើយ។
9ពួកអ្នកខ្ញុំបម្រើត្រូវស្តាប់បង្គាប់ម្ចាស់របស់ខ្លួន ក្នុងគ្រប់កិច្ចការទាំងអស់។ ពួកគេត្រូវផ្គាប់ចិត្ត និងមិនត្រូវប្រកែកជាមួយម្ចាស់ឡើយ។
10ពួកគេមិនគួរលួច​បន្លំ​ម្ចាស់ឡើយ។ ផ្ទុយទៅវិញ ពួកគេត្រូវបង្ហាញនូវជំនឿដ៏ល្អ ដើម្បី​លើកកម្ពស់​សេចក្ដី​បង្រៀន​ អំពីព្រះជាម្ចាស់​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ក្នុង​គ្រប់​ការ​ទាំង​អស់​។
11ព្រះគុណរបស់ព្រះជាម្ចាស់បានបើកសម្តែងទៅកាន់មនុស្សទាំងអស់។
12ហើយអប់រំយើងឲ្យលះចោលការមិនគោរពកោតខ្លាចព្រះជាម្ចាស់ ហើយបដិសេធសេចក្តីបងប្រាថ្នាខាងសាច់ឈាម ដើម្បីអប់រំយើងឲ្យរស់នៅដោយសេចក្តីសុចរិត និងត្រឹមត្រូវដោយការគោរពកោតខ្លាចព្រះជាម្ចាស់ នៅក្នុងសម័យនេះ។
13ខណៈពេលដែលយើងរង់ចាំទទួលសេចក្តីសង្ឃឹមរបស់ពួកយើង ព្រះយេស៊ូគ្រិស្តជាព្រះដ៏ប្រសើរឧត្តមបំផុត និងជាព្រះសង្រ្គោះរបស់ពួកយើង ព្រះអង្គនឹងបើកសម្តែងសិរីរុងរឿងរបស់ព្រះអង្គ។
14ព្រះយេស៊ូបានលះបង់ព្រះជន្មព្រះអង្គជំនួសយើង ដើម្បីដោះយើងឲ្យរួចពីការរំលងច្បាប់ទាំងអស់ និងជម្រះយើងឲ្យបានវិសុទ្ធថ្វាយព្រះអង្គផ្ទាល់ និងជាប្រជារាស្រ្តដ៏វិសេស ដែលយកចិត្តទុកដាក់ប្រព្រឹត្តអំពើល្អគ្រប់យ៉ាង។
15ចូរនិយាយ និងលើកទឹកចិត្តគ្នាទៅវិញទៅមក។ ចូរកែតម្រូវដោយប្រើសិទ្ធិអំណាចពេញទី។ កុំឲ្យនរណាម្នាក់មើលងាយអ្នកឡើយ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។