1ចូរដាស់តឿនដល់បងប្អូនឲ្យគោរពចុះចូលនឹងអាជ្ញាធរ រដ្ឋអំណាច ព្រមទាំងស្តាប់បង្គាប់ ដើម្បីប្រព្រឹត្តអំពើល្អគ្រប់យ៉ាង។
2ចូរដាស់តឿនពួកគេកុំឲ្យមើលងាយនរណាម្នាក់ ហើយក៏កុំឲ្យពួកគេទាស់ប្រឆាំង តែចូរឲ្យគេមានចិត្តសប្បុរសនិងបង្ហាញពីចិត្តសុភាពរាបសាចំពោះមនុស្សទាំងអស់វិញ។
3កាលពីដើម ពួកយើងក៏ជាមនុស្សគិតខ្លី និងមិនស្តាប់បង្គាប់ដែរ។ យើងបានវង្វេង និងជាទាសករខាងឯសេចក្តីប៉ងប្រាថ្នា ព្រមទាំងភាពស្រើបស្រាលគ្រប់បែបយ៉ាងដែរ។ យើងបានរស់នៅក្នុងការអាក្រក់ និងច្រណែនឈ្នានីស។ យើងជាមនុស្សដែលគួរឲ្យស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកផង។
4ប៉ុន្តែ នៅពេលសេចក្តីសប្បុរសរបស់ព្រះជាម្ចាស់ ជាព្រះសង្រ្គោះរបស់យើង និងសេចក្តីស្រឡាញ់របស់ព្រះអង្គ ចំពោះមនុស្សបានបើកសម្តែង
5ពុំមែនមកពីយើងបានប្រព្រឹត្តសេចក្តីសុចរិតនោះទេ គឺដោយសារព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គបានសង្រ្គោះយើង។ ព្រះអង្គបានសង្រ្គោះយើងតាមរយៈការលាងជម្រះឲ្យកើតជាថ្មី និងប្រទានជីវិតថ្មីតាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ។
6ព្រះអង្គបានចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធយ៉ាងបរិបូរ មកលើយើងតាមរយៈព្រះយេស៊ូគ្រិស្តជាព្រះសង្រ្គោះរបស់យើង។
7ព្រះអង្គសង្រ្គោះយើង ដោយរាប់យើងជាសុចរិត តាមរយៈព្រះគុណរបស់ព្រះអង្គ ដូច្នេះយើងបានទទួលជីវិតអស់កល្បជានិច្ចទុកជាមរតក ដោយសេចក្តីសង្ឃឹមរបស់យើង។
8ព្រះបន្ទូលនេះគួរឲ្យជឿទុកចិត្តបាន។ ខ្ញុំចង់ឲ្យអ្នកនិយាយពាក្យនេះ ដោយជឿជាក់ក្នុងចិត្តថា អស់អ្នកណាដែលទុកចិត្តលើព្រះជាម្ចាស់ នឹងមានចិត្តស្មោះសរប្រព្រឹត្តអំពើល្អដែលព្រះអង្គបានបង្គាប់។ សេចក្តីទាំងនេះជាការល្អប្រសើរ និងមានប្រយោជន៍ដល់មនុស្សលោក។
9ចូរចៀសចេញពីការសួរដេញដោលដ៏ល្ងង់ខ្លៅ និងពីបញ្ជីវង្សត្រកូល ការឈ្លោះប្រកែក និងជម្លោះអំពីគម្ពីរវិន័យ ដ្បិតការទាំងអស់នេះជាការឥតប្រយោជន៍ និងឥតបានការអ្វីទាំងអស់។
10ចូរបដិសេធអ្នកណាដែលបង្ករការបែកបាក់គ្នា ក្នុងចំណោមអ្នករាល់គ្នា បន្ទាប់ពីការដាស់តឿនមួយម្តងពីរម្តងរួចហើយ បណ្តេញគេឲ្យចេញទៅ
11ដោយដឹងថាជនប្រភេទនេះបានផ្លាស់ប្តូរពីរការល្អ ហើយមកប្រព្រឹត្តអំពើបាបហើយគេនឹងដាក់ទោសខ្លួនឯង។
12ពេលខ្ញុំបានចាត់លោកអើតេម៉ាស ឬលោកទីឃីកុសឲ្យទៅរកអ្នក ចូរប្រញាប់មករកខ្ញុំនៅទីក្រុងនីកូប៉ូល ជាកន្លែងខ្ញុំត្រូវស្នាក់នៅរដូវរងារ។
13ចូរខិតខំជួយលោកសេណាសជាមេធាវី និងលោកអ័ប៉ុឡូសឲ្យបន្តដំណើរទៅមុខទៀត កុំឲ្យពួកគេខ្វះអ្វីឡើយ។
14ត្រូវឲ្យបងប្អូនយើងខិតខំធ្វើការល្អផង សម្រាប់បំពេញសេចក្ដីត្រូវការចាំបាច់ទាំងឡាយ ដើម្បីកុំឲ្យត្រឡប់ជាមនុស្សមិនបង្កើតផលឡើយ។
15បងប្អូនទាំងអស់ដែលនៅជាមួយខ្ញុំក៏ជម្រាបសួរមកអ្នកដែរ។ ចូរជម្រាបសួរដល់ពួកអ្នករួមជំនឿ ដែលស្រឡាញ់យើងផង។ សូមឲ្យអ្នកទាំងអស់គ្នាបានប្រកបដោយព្រះគុណ។