1ម្ចាស់ក្សត្រីអើយ! អូនពាក់ស្បែកជើងដូច្នេះស្អាតណាស់ ចង្កេះរបស់អូនរាងមូល ដូចខ្សែកដែលមានបំពាក់ត្បូង ដែលជាស្នាដៃរបស់មេជាងដ៏ចំណានបំផុត។
2ផ្ចិតរបស់អូនមានរាងដូចពែង ពេញទៅដោយស្រាដ៏ឈ្ងុយឆ្ងាញ់ជានិច្ច។ ពោះរបស់អូនប្រៀបបាននឹងគំនរស្រូវសាលី ដែលមានផ្កាក្រវាន់លំអជុំវិញ។
3សុដន់ទាំងពីររបស់អូន ប្រៀបបាននឹងកូនភ្លោះ របស់ប្រើស។
4ករបស់អូនប្រៀបបាននឹងប៉មធ្វើពីភ្លុក ភ្នែករបស់អូនភ្លឺថ្លាដូចទឹកត្រពាំង នៅក្រុងហេសបូន ដែលស្ថិតនៅក្បែរទ្វារបាត-រ៉ាប៊ីម។ ច្រមុះរបស់អូនប្រៀបបាននឹងប៉មលីបង់ ដែលបែរទៅរកក្រុងដាម៉ាស។
5ក្បាលរបស់អូនស្ថិតនៅពីលើដងខ្លួន ដូចភ្នំកើមែល សរសៃសក់របស់អូនពណ៌ស្វាយ។ ព្រះរាជា គាប់ព្រះហឫទ័យនឹង ផ្នួងសក់របស់អូនណាស់។
6ម្ចាស់ស្នេហ៍របស់បង បងពេញចិត្ត និងអូនខ្លាំង អូនល្អស្អាត គួរឲ្យស្រឡាញ់ណាស់។
7កំពស់របស់អូនល្អស្អាតដូចដើមទន្លាប់ សុដន់របស់អូនក៏ដូចផ្លែទន្លាប់ដែរ។ បងគិតថា «បងចង់ឡើងដើមទន្លាប់នេះ ហើយខ្ញុំនឹងតោងមែករបស់វា»។
8សូមឲ្យសុដន់របស់អូនប្រៀបបាននឹង ចង្កោមទំពាំងបាយជូរ ហើយឲ្យដង្ហើមរបស់អូនសាយក្លិនក្រអូបដូចផ្លែចន្ទន៍។
9មាត់របស់អូនប្រៀបបាននឹងស្រាទំពាំងបាយជូរ យ៉ាងឆ្ងាញ់ សូមឲ្យស្រាទំពាំងបាយជូរនេះ ហូរមកសម្រាប់ម្ចាស់ចិត្តអូន ហើយស្រក់លើបបូរមាត់និងធ្មេញរបស់យើង។ ស្រ្តីវ័យក្មេងនិយាយមករកម្ចាស់ចិត្តនាង
10អូនប្រគល់រូបកាយជូនម្ចាស់ចិត្តរបស់អូន ហើយគាត់ចង់បានខ្ញុំណាស់។
11ម្ចាស់ចិត្តអូនអើយ សូមអញ្ជើញមក យើងទៅចម្ការជាមួយគ្នា យប់នេះ យើងសម្រាកនៅតាមភូមិ។
12ព្រលឹមស្រាងឡើង យើងទៅចម្ការទំពាំងបាយជូរ ដើម្បីមើល ក្រែងលោទំពាំងបាយជូរពន្លកឡើង ហើយចេញផ្កា រួចយើងមើល ក្រែងលោដើមទទឹមមានផ្កា។ នៅទីនោះ អូននឹងប្រគល់ស្នេហាជូនបង។
13ផ្លែស្នេហ៍ សាយក្លិនយ៉ាងក្រអូប នៅមាត់ទ្វារកន្លែងយើងសម្រាក មានផ្លែដ៏ល្អវិសេសគ្រប់មុខ គឺទាំងផ្លែចាស់ និងផ្លែថ្មី ម្ចាស់ចិត្តអូនអើយ អូនរក្សាផ្លែទាំងនោះទុកជូនបង។