1ប្រសិនបើបងជាបងប្រុសរបស់អូន ដែលបៅដោះម្ដាយរបស់អូន។ ពេលអូនជួបបងនៅខាងក្រៅ អូននឹងថើបបង ហើយគ្មាននរណាមើលងាយអូនទេ។
2អូននឹងនាំបងចូលទៅក្នុងផ្ទះរបស់ម្ដាយអូន ហើយបងនឹងបង្រៀនអូនអំពីសេចក្ដីស្រឡាញ់។ ហើយអូននឹងយកស្រាដ៏ឈ្ងុយឆ្ងាញ់ព្រមទាំងទឹកដមផ្លែទទឹមជូនបងពិសា។ (ស្រ្តីវ័យក្មេងនិយាយមករកខ្លួនឯង)
3ដៃឆ្វេងរបស់បងដាក់ឲ្យខ្ញុំកើយ ហើយដៃស្ដាំរបស់បងបបោសអង្អែលខ្ញុំ។ (ស្រ្តីនិយាយទៅកាន់ស្រី្តផ្សេងទៀត)
4កូនក្រមុំនៅក្រុងយេរូសាឡឹមអើយ ខ្ញុំសូមឲ្យពួកនាងស្បត់ថា សូមកុំរំខាន់ក្តីស្នេហារបស់យើង រហូតដល់រសស្នេហ៍យើងបានចប់សិន។ (ស្រ្តីនៃយេរូសាឡិមបាននិយាយ)
5តើស្ត្រីដែលឡើងទៅវាលរហោស្ថាន ហើយផ្អែកលើម្ចាស់ចិត្តរបស់នាង នោះជានរណា?(ស្ត្រីវ័យក្មេងនិយាយទៅរកម្ចាស់ចិត្តនាង) អូនបានដាស់បង នៅក្រោមដើមចន្ទន៍ ជាកន្លែងដែលមាតារបស់បងមានគភ៌ ហើយបង្កើតបងមក។
6សូមចារឹករូបអូនក្នុងដួងចិត្តរបស់បង ដើម្បីកុំឲ្យភ្លេចឡើយ ដ្បិតសេចក្ដីស្រឡាញ់មានកម្លាំងដូច សេចក្ដីស្លាប់។ សេចក្ដីស្នេហាប្រៀបដូចស្ថានមនុស្សស្លាប់ សេចក្ដីស្នេហានេះឆាបឆេះ ដូចភ្លើងដែលមិនដែលមានភ្លើងណាដូចភ្លើងនេះឡើយ។
7មហាសាគរពុំអាចពន្លត់ភ្លើង នៃសេចក្ដីស្នេហាបានឡើយ រីឯទន្លេទាំងប៉ុន្មានក៏ពុំអាចពន្លិចសេចក្ដីស្នេហាបានដែរ។ បើសិនអ្នកណាយកទ្រព្យសម្បត្តិ ទាំងប៉ុន្មានរបស់ខ្លួនទិញសេចក្ដីស្នេហា អ្នកនោះជាមនុស្សគួរឲ្យស្អប់ខ្ពើម។ (បងប្រុសរបស់ស្រ្តីនិយាយគ្នាក្នុងចំណោមគេ)
8យើងនៅមានប្អូនស្រីម្នាក់ តែនាងមិនទាន់ពេញរូបរាងនៅឡើយទេ តើយើងអាចធ្វើអ្វីសម្រាប់ប្អូនស្រីរបស់យើង នៅថ្ងៃដែលនាងសន្យាថានឹងរៀបចំមង្គលការនោះ?
9ប្រសិនបើនាងជាកំពែងក្រុងមួយ នោះយើងនឹងសង់ប៉មពីប្រាក់ការពារនាង។ ប្រសិនបើនាងជាទ្វារក្រុង នោះយើងនឹងយកបន្ទះឈើតាត្រៅមកបាំងនាង។ (ស្រ្តីវ័យក្មេងនិយាយមកខ្លួនឯង)
10ខ្ញុំជាកំពែងក្រុងមួយ សុដន់របស់ខ្ញុំប្រៀបបាននឹងប៉មរបស់ក្រុងនេះ ដុច្នេះខ្ញុំផ្ដល់ក្ដីសុខដល់ភ្នែករបស់ម្ចាស់ចិត្តខ្ញុំ។ (ស្រ្តីវ័យក្មេងនិយាយមករកខ្លួនឯង)
11ព្រះបាទសាឡូម៉ូនមានចម្ការទំពាំងបាយជូរមួយ នៅបាលហាម៉ូន។ ស្ដេចបានប្រគល់ចម្ការនោះឲ្យអ្នកថែរក្សា មើលខុសត្រូវ។ ម្នាក់ៗត្រូវយកចេញពីផងប្រាក់មួយពាន់ស្លឹងថ្វាយ។
12បពិត្រព្រះបាទសាឡូម៉ូន ព្រះករុណាទទួលយកប្រាក់មួយពាន់ស្លឹងនេះ តែទុកពីររយស្លឹងឲ្យអ្នកថែរក្សាចម្ការ។ រីឯចម្ការទំពាំងបាយជូររបស់ខ្ញុំ ខ្ញុំរក្សាទុកខ្លួនឯង។ (ម្ចាស់ចិត្តរបស់នាងនិយាយមករកនាង)
13អូនសម្លាញ់ដែលស្ថិតនៅក្នុងសួនឧទ្យានអើយ មានគេលួចស្ដាប់សំឡេងរបស់អូន ចូរបន្លឺសំឡេងឲ្យបងឮផង។ (ស្រ្តីវ័យក្មេងនិយាយទៅកាន់ម្ចាស់ចិត្តនាង)
14សម្លាញ់ចិត្តអូនអើយ លឿនឡើង សូមរត់យ៉ាងលឿនដូចក្ដាន់ និងប្រើសស្ទាវ រត់នៅលើភ្នំដែលពោរពេញដោយគន្ធពិដោរ។