ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

បទ​ចម្រៀង​សាឡូម៉ូន 3

Read Scripture freely. Divine Threads study for this chapter is coming later.

1ពេល​យប់ នៅ​លើគ្រែ ខ្ញុំ​ស្វែង​រកម្ចាស់​ចិត្ត​ខ្ញុំ ខ្ញុំ​ខំ​ស្វែង​រក ប៉ុន្តែ រក​គាត់​មិន​ឃើញ​សោះ ខ្ញុំស្រែក​ហៅគាត់ តែគាត់​មិន​ឆ្លើយ។
2ខ្ញុំបាននិយាយមកកាន់ខ្លួនឯងថា៖ «ខ្ញុំ​ក៏​ក្រោក​ឡើង ដើរ​ពាស‌ពេញ​ទីក្រុង ដើម្បី​ស្វែង​រក​ម្ចាស់​ចិត្ត​របស់​ខ្ញុំ»។ នៅ​តាម​ផ្លូវ នៅ​តាម​ផ្សារ ខ្ញុំ​ស្វែង​រក​គាត់ តែ​រក​ពុំ​ឃើញ​ឡើយ។
3ពួក​យាម​ល្បាត​ដែល​ដើរ​ក្រវែល​ក្នុង​ទី​ក្រុង គេ​ប្រទះ​នឹង​ខ្ញុំ ហើយ​ខ្ញុំ​សួរ​គេ​ថា «តើ​អ្នក​រាល់​គ្នា​បាន​ឃើញ​ម្ចាស់​ដួង​ចិត្ត ដែល​ខ្ញុំ​ស្រឡាញ់​ឬ​ទេ?»
4ខ្ញុំ​បាន​ដើរ​ហួស​ពី​គេ​បន្តិច ស្រាប់​តែខ្ញុំ​ជួប​ម្ចាស់​ចិត្ត​របស់​ខ្ញុំ ខ្ញុំ​បានឱប​គាត់ជាប់ មិន​ព្រម​ឲ្យគាត់​ឃ្លាត​ទៅ​ឡើយ ទាល់​តែ​ខ្ញុំ​បាន​នាំ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ម្តាយ​ខ្ញុំ គឺ​ក្នុង​បន្ទប់​របស់​អ្នក​ដែល​មាន​គភ៌​បង្កើត​ខ្ញុំ​មក។ ស្រ្តីនិយាយទៅកាន់ស្រ្តីម្នាក់ផ្សេង
5កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ ខ្ញុំ​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ដោយ​មាន​ពួក​ប្រើស និង​ពួកក្តាន់ជា​សាក្សី​ថា នាង​ទាំង‌ឡាយ​នឹង​មិន​អង្រួន ឬ​ដាស់​ស្ងួន​សម្លាញ់​របស់ខ្ញុំ​ឡើយ ចាំ​ទាល់​តែ​ម្ចាស់​ចិត្ត​ខ្ញុំ​យល់​ស្រប។ ស្រីក្រមុំនិយាយទៅកាន់ខ្លួនឯង
6តើ​អ្នក​ណា​ឡើង​ពី​រហោ‌ស្ថាន​មក ហុយ​ដូច​ជា​ផ្សែង មាន​ក្លិន​ក្រអូប​ដោយ​ខ្លឹម​ចន្ទន៍ និង​កំញាន ព្រម​ទាំង​មាន​ម្សៅ​ក្រអូប​គ្រប់​យ៉ាង របស់​ពួក​ជំនួញ​ដូច្នេះ?
7នៅទីនោះ គឺ​ជាគ្រែ​ស្នែង​របស់​ព្រះបាទ​សាឡូម៉ូន ដែល​ហែ‌ហម​ដោយ​ទាហាន​ដ៏​អង់‌អាច ចំនួន​ហុក‌សិប​នាក់ គឺ​ជា​ទាហាន​ដ៏​អង់‌អាច​ជាង​គេនៃ​កង‌ទ័ព​អុីស្រា‌អែល។
8ពួកគេ​ទាំង​នោះ​ប្រដាប់​អាវុធ ហើយពួកគេមានជំនាញក្នុងការធ្វើ​សឹក​សង្គ្រាម។ ម្នាក់ៗ​ស្ពាយ​ដាវ ត្រៀម​ខ្លួន​តទល់​នឹង ភាព​អាសន្ន នៅ​ពេល​យប់។
9ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ​គ្រែ​ស្នែង​មួយ ពី​ឈើ​ដែលយកមកពីទឹកដី​លីបង់។
10ស្ដេច​បាន​ធ្វើ​បង្គោល​ពី​ប្រាក់ បង្អែក​ពី​មាស រីឯ​ខ្នើយ​ធ្វើ​ពី​ក្រណាត់​ពណ៌​ក្រហម​ទុំ។ ផ្នែក​ខាង​ក្នុង​លំអ ដោយ​ក្រណាត់​ប៉ាក់ ជា​ស្នា‌ដៃ​របស់​ស្ត្រីៗ​ក្រុង​យេរូ‌សាឡឹម ដែល​បំពេញ​កិច្ចការ​នេះ​ដោយ​ចិត្ត​ស្រឡាញ់។
11កូនស្រី​នៅ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​នាំ​គ្នា​ចេញ​មក​មើល​ព្រះ‌បាទ​សាឡូម៉ូន ស្ដេច​ពាក់​មកុដ​ដែល​មាតា​បាន​បំពាក់​ថ្វាយ នៅ​ថ្ងៃ​ស្ដេច​រៀប​អភិសេក ជា​ថ្ងៃ​ដែល​ស្ដេច​មាន​ព្រះ‌ហឫទ័យ​រីក‌រាយ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។