ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

រ៉ូម 7

Read Scripture freely. Divine Threads study for this chapter is coming later.

1បងប្អូនអើយ តើអ្នកមិនដឹងទេឬអីថា (ខ្ញុំកំពុងនិយាយជាមួយអ្នកដែលស្គាល់ក្រឹត្យវិន័យ) ក្រឹត្យវិន័យគ្រប់គ្រងលើមនុស្សរហូតអស់មួយជីវិតរបស់ពួកគេ?
2ស្រី្តដែលបានរៀបការគឺជាប់ចំណងដោយសារច្បាប់ ជាមួយនឹងស្វាមីរបស់នាងក្នុងការដែលគាត់នៅរស់ ប៉ុន្តែ ប្រសិនបើ ស្វាមីរបស់នាងស្លាប់ នាងនឹងរួចពីចំណងនៃច្បាប់របស់អាពាហ៍ពិពាហ៍នោះហើយ។
3ដូច្នេះ នៅក្នុងពេលដែលស្វាមីរបស់នាងនៅរស់នៅឡើយ ប្រសិនបើ នាងរួមរស់ជាមួយបុរសផ្សេង គេនឹងហៅនាងថា ស្រីផិតប្ដី។ ប៉ុន្តែ ប្រសិនបើ ស្វាមីរបស់នាងស្លាប់វិញ នាងមានសេរីភាពពីច្បាប់ហើយ ដូច្នេះ នាងមិនមែនជាស្រីផិតប្តីទេ ប្រសិនបើនាងរួមរស់នៅជាមួយបុរសផ្សេងទៀត។
4ដូច្នេះ បងប្អូនរបស់ខ្ញុំអើយ អ្នកក៏បានធ្វើឲ្យស្លាប់នៅក្នុងក្រឹត្យវិន័យដែរ តាមរយៈព្រះកាយរបស់ព្រះគ្រិស្ត។ ការនេះ កើតឡើងដូច្នេះ ដើម្បីឲ្យអ្នកអាចចូលរួមជាមួយគ្នា គឺចូលរួមជាមួយព្រះអង្គ ដែលបានរស់ពីសុគតឡើងវិញ ដើម្បីឲ្យយើងអាចបង្កើតផលផ្លែថ្វាយព្រះជាម្ចាស់។
5ព្រោះ នៅពេលយើងនៅក្នុងសាច់ឈាម មានដួងចិត្តពេញដោយអំពើបាប ក្រឹត្យវិន័យជាអ្នកជំរុញ ធ្វើការនៅក្នុងសរីរាង្គរបស់យើង ដើម្បីបង្កើតផលជាសេចក្តីស្លាប់។
6ប៉ុន្តែ ឥឡូវនេះ យើងមានសេរីភាពពីក្រឹត្យវិន័យហើយ។ យើងបានស្លាប់ចំពោះក្រឹត្យវិន័យដែលបានចងយើងរួចហើយ។ នេះគឺជាអ្វីដែលយើងអាចបម្រើនៅក្នុងរូបភាពថ្មីខាងវិញ្ញាណ ហើយមិនស្ថិតនៅក្នុងភាពចាស់នៃតួអក្សរពីមុនទៀតទេ។
7តើយើងនឹងនិយាយយ៉ាងដូចម្តេចអ៊ីចឹង? តើក្រឹត្យវិន័យជាអំពើបាបមែនទេ? គឺមិនមែនទេ។ ប៉ុន្តែ យើងអាចនឹងមិនស្គាល់បាបទេ ប្រសិនបើអត់មានក្រឹត្យវិន័យ។ យើងមិនអាចស្គាល់ថាការលោភលន់ជាអំពើបាបទេ លុះត្រាតែក្រឹត្យវិន័យនិយាយចែងថា៖ «មិនត្រូវលោភលន់ឡើយ»។
8ប៉ុន្តែ បាបមានឱកាសតាមរយៈមនសិកា ហើយបាននាំឲ្យមានការលោភលន់គ្រប់យ៉ាងនៅក្នុងខ្ញុំ។ ព្រោះបើគ្មានក្រឹត្យវិន័យទេ អំពើបាបគឺជាសេចក្តីស្លាប់។
9នៅពេលមួយខ្ញុំបានរស់នៅដោយគ្មានក្រឹត្យវិន័យ ប៉ុន្តែ នៅពេលបញ្ញត្តិបានមកដល់ បាបបានរស់ឡើងវិញ ហើយខ្ញុំក៏ស្លាប់។
10បញ្ញត្តិដែលគួរតែនាំឲ្យមានជីវិត បែរជានាំឲ្យស្លាប់សម្រាប់ខ្ញុំទៅវិញ។
11នៅពេលបាបមានឱកាសតាមរយៈបញ្ញត្តិ​ ហើយបានបោកបញ្ឆោតខ្ញុំ។ តាមរយៈបញ្ញត្តិនោះបានសម្លាប់ខ្ញុំ។
12ដូច្នេះ ក្រឹត្យវិន័យបរិសុទ្ធ ហើយបញ្ញត្តិក៏បរិសុទ្ធ សុចរិត និងល្អដែរ។
13តើ​អ្វីៗ​ដ៏​ល្អ​នេះ​បែរ​ជា​នាំ​អោយ​ខ្ញុំ​ស្លាប់​ឬ? ទេ មិន​មែន​ទេ! គឺ​បាប​វិញ​ទេ​តើ​ដែល​នាំ​អោយ​ខ្ញុំ​ស្លាប់។ បាប​បាន​ប្រើ​វិន័យ​ដែល​ល្អ​ធ្វើ​អោយ​ខ្ញុំ​ស្លាប់ ដើម្បី​បង្ហាញ​អោយ​ឃើញ​ថា បាប​ពិត​ជា​បាប​មែន ហើយ​តាម​រយៈ​បញ្ញត្តិ បាប​លេច​ចេញ​មក​រឹត​តែ​អាក្រក់​ហួស​ហេតុ​ទៅ​ទៀត។
14ព្រោះយើងដឹងថា ក្រឹត្យវិន័យគឺខាងវិញ្ញាណ ប៉ុន្តែ ខ្ញុំកើតចេញពីសាច់ឈាម។ ខ្ញុំត្រូវបានលក់នៅក្រោមទាសករនៃអំពើបាប។
15ដ្បិត អ្វីដែលខ្ញុំធ្វើ ខ្ញុំពិតជាមិនយល់ទេ។ ព្រោះអ្វីដែលខ្ញុំចង់ធ្វើ ខ្ញុំបែរជាមិនធ្វើ ហើយអ្វីដែលខ្ញុំស្អប់ ខ្ញុំបែរជាធ្វើវាវិញ។
16ប៉ុន្តែ ប្រសិនបើ ខ្ញុំធ្វើអ្វីដែលខ្ញុំមិនចង់ធ្វើ គឺខ្ញុំយល់ព្រមជាមួយក្រឹត្យវិន័យហើយ ថាក្រឹត្យវិន័យល្អ។
17ដូច្នេះ មិន​មែន​ខ្ញុំ​ទេ​ដែល​ប្រព្រឹត្ត​កិច្ចការ​នោះ គឺ​បាប​នៅ​ក្នុង​ខ្ញុំ​វិញ​ទេ​តើ​ដែល​ប្រព្រឹត្ត
18ដ្បិត​ខ្ញុំ​ដឹង​ថា អ្វីៗ​ដែល​ល្អ​មិន​ស្ថិត​នៅ​ក្នុង​ខ្ញុំ​ទេ ពោល​គឺ​មិន​ស្ថិត​នៅ​ក្នុង​ខ្ញុំ​ដែល​មាន​និស្ស័យ​លោកីយ៍​ទេ។ ខ្ញុំ​មាន​ឆន្ទៈ​នឹង​ធ្វើ​អំពើ​ល្អ តែ​ខ្ញុំ​គ្មាន​សមត្ថភាព​នឹង​ប្រព្រឹត្ត​អំពើ​ល្អ​បាន​ឡើយ។
19ខ្ញុំ​មិន​ប្រព្រឹត្ត​អំពើ​ល្អ ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​បែរ​ជា​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ​ទៅ​វិញ។
20ប្រសិន​បើ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​ណា​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ បាន​សេចក្ដី​ថា​មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​ប្រព្រឹត្ត​ដូច្នេះ គឺ​បាប​ស្ថិត​នៅ​ក្នុង​ខ្ញុំ​វិញ​ទេ​តើ ដែល​ប្រព្រឹត្ត។
21ដូច្នេះ ចំពោះ​ខ្ញុំ​ដែល​ចង់​ធ្វើ​អំពើ​ល្អ ខ្ញុំ​សង្កេត​ឃើញ​មាន​គោលការណ៍​មួយ​នេះ​ថា ខ្ញុំ​មាន​សមត្ថភាព​ធ្វើ​បាន​តែ​អំពើ​អាក្រក់​ប៉ុណ្ណោះ។
22ក្នុងជម្រៅចិត្តខ្ញុំ ខ្ញុំមានអំណរនៅក្នុងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ណាស់។
23ប៉ុន្តែ ខ្ញុំឃើញមានគោលការណ៍ផ្សេងនៅក្នុងផ្នែកនៃរូបកាយរបស់ខ្ញុំ។ វាបានតយុទ្ធទាស់ទទឹងជាមួយអ្វីដែលជាគោលការណ៍ថ្មីនៅក្នុងគំនិតរបស់ខ្ញុំ។ វាបានធ្វើឲ្យខ្ញុំជាប់ចំណងដែលជាគោលការណ៍នៃអំពើបាប ដែលស្ថិតក្នុងផ្នែកនៃរូបកាយរបស់ខ្ញុំ។
24ខ្ញុំជាមនុស្សវេទនាហើយ! តើអ្នកណារំដោះខ្ញុំចេញពីរូបកាយដែលស្លាប់នេះបាន?
25ប៉ុន្តែ អរគុណដល់ព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់នៃយើង! ដូច្នេះ ខ្ញុំខ្លួនឯងបម្រើក្រឹត្យវិន័យរបស់ព្រះជាម្ចាស់នៅក្នុងគំនិតរបស់ខ្ញុំហើយសាច់ឈាមរបស់ខ្ញុំវិញបែរជាបម្រើគោលការណ៍បាបវិញ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។