ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

រ៉ូម 6

Read Scripture freely. Divine Threads study for this chapter is coming later.

1ដូច្នេះ តើយើងនឹងនិយាយយ៉ាងដូចម្តេច? តើគួរឲ្យយើងបន្តនៅក្នុងបាបទៀត ដើម្បីឲ្យព្រះគុណបានចម្រើនឡើង?
2មិនអាចធ្វើដូច្នេះបានទេ។​ យើងដែលបានស្លាប់ខាងឯបាបហើយ តើយើងអាចរស់នៅក្នុងបាបដូចម្តេចទៀតបាន?
3តើអ្នកមិនដឹងទេឬអីថា មានមនុស្សជាច្រើនបានជ្រមុជនៅក្នុងព្រះគ្រិស្តយេស៊ូ គឺបានជ្រមុជទៅក្នុងសេចក្តីស្លាប់របស់ព្រះអង្គ?
4យើងត្រូវបានកប់ ដូច្នេះ តាមរយៈព្រះអង្គ យើងបានជ្រមុជទៅក្នុងសេចក្តីស្លាប់ជាមួយព្រះអង្គ។ ការនេះ បានកើតឡើង ដើម្បីឲ្យបានដូចជាព្រះគ្រិស្តបានរស់ឡើងវិញពីស្លាប់តែម្តង ដោយសារសិរីល្អព្រះបិតា ដូច្នេះ យើងត្រូវតែដើរនៅក្នុងជីវិតថ្មីនេះ។
5ប្រសិនបើ យើងបានរួមតែមួយជាមួយព្រះអង្គនៅក្នុងសេចក្តីស្លាប់ យើងក៏នឹងរួមជាមួយការរស់ឡើងវិញរបស់ព្រះអង្គដែរ។
6យើងដឹងការនេះ ថាមនុស្សចាស់របស់យើងត្រូវបានឆ្កាងជាមួយព្រះអង្គ ដើម្បីឲ្យរូបកាយនៃបាបអាចបំផ្លាញ។ ការនេះបានកើតឡើង ដើម្បីយើងលែងស្ថិតនៅក្នុងភាពជាទាសកររបស់បាបទៀត។​
7អស់អ្នកដែលបានស្លាប់ហើយគឺប្រកាសពីសេចក្តីសុចរិត លែងពាក់ព័ន្ធជាមួយបាបទៀតហើយ។
8ប៉ុន្តែ ប្រសិនបើ យើងបានស្លាប់ជាមួយព្រះគ្រិស្តហើយ យើងជឿថា យើងនឹងរស់នៅជាមួយព្រះអង្គ។
9យើងដឹងថា ព្រះគ្រិស្តបានរស់ពីសុគតឡើងវិញតែម្តង ហើយទ្រង់ក៏លែងស្លាប់ទៀតហើយ។ សេចក្តីស្លាប់លែងគ្រប់គ្រងលើព្រះអង្គទៀតហើយ។
10ទាក់ទងទៅនឹងការសុគតគឺព្រះអង្គសុគតចំពោះបាប ទ្រង់បានសុគតតែម្តងសម្រាប់មនុស្សគ្រប់គ្នា។ ប៉ុន្តែ ជីវិតដែលព្រះអង្គរស់នៅ ទ្រង់រស់នៅសម្រាប់ព្រះជាម្ចាស់។
11ដូចគ្នាដែរ អ្នកត្រូវតែគិតថាខ្លួនអ្នកក៏ត្រូវតែស្លាប់ចំពោះបាបដែរ ប៉ុន្តែ រស់នៅគឺរស់នៅថ្វាយព្រះជាម្ចាស់នៅក្នុងព្រះគ្រិស្តយេស៊ូ។
12ដូច្នេះហើយ មិនត្រូវអនុញ្ញាតបាបគ្រប់គ្រងនៅក្នុងរូបកាយដែលពុករលួយ ដើម្បីឲ្យអ្នកអាចនឹងធ្វើតាមតណ្ហារបស់រូបកាយនោះ។
13កុំប្រគល់ចំណែកណាមួយនៅក្នុងរូបកាយរបស់អ្នកទៅកាន់បាប ដើម្បីធ្វើជាឧបករណ៍សម្រាប់សេចក្តីទុច្ចរិតឡើយ។ ប៉ុន្តែ ចូរថ្វាយខ្លួនរបស់អ្នកទៅកាន់ព្រះជាម្ចាស់ ពីមុនយើងស្លាប់ តែឥឡូវយើងរស់។ ហើយថ្វាយផ្នែកនៃរូបកាយរបស់អ្នកទៅព្រះជាម្ចាស់ ជាឧបរណ៍សម្រាប់ប្រើក្នុងសេចក្តីសុចរិតវិញ។
14កុំអនុញ្ញាតឲ្យបាបបានគ្រប់គ្រងលើអ្នកឡើយ។ ព្រោះអ្នកមិនស្ថិតនៅក្រោមក្រឹត្យវិន័យឡើយ ប៉ុន្តែ នៅក្នុងព្រះគុណវិញ។
15បើដូច្នេះ តើយើងគួរធ្វើបាប ដោយព្រោះយើងមិនស្ថិតនៅក្រោមក្រឹត្យវិន័យមែន ហើយនៅក្រោមព្រះគុណមែនទេ? មិនអាចធ្វើដូច្នោះទេ។
16តើអ្នកមិនដឹងទេឬអីថា អ្នកដែលអ្នកថ្វាយខ្លួនរបស់អ្នកដូចជាអ្នកបម្រើគឺជាម្នាក់ដែលត្រូវស្តាប់បង្គាប់ តើអ្នកត្រូវស្តាប់នរណា? ការនេះគឺជាសេចក្តីពិត មិនថាអ្នកជាអ្នកបម្រើនៃអំពើបាបដែលនាំអ្នកទៅក្នុងសេចក្តីស្លាប់ ឬជាអ្នកបម្រើដែលស្តាប់បង្គាប់ ដែលនាំទៅរកសេចក្តីសុចរិត។
17ប៉ុន្តែ សូមអរគុណដល់ព្រះជាម្ចាស់! ព្រោះអ្នកធ្លាប់ជាអ្នកបម្រើរបស់បាប ប៉ុន្តែ អ្នកបានស្តាប់បង្គាប់ពីចិត្តតាមគំរូនៃសេចក្តីបង្រៀនដែលបានប្រគល់ដល់អ្នក។
18អ្នកបានមានសេរីភាពពីបាបហើយ ហើយអ្នកបានធ្វើឲ្យក្លាយជាអ្នកបម្រើនៃសេចក្តីសុចរិតវិញ។
19ខ្ញុំនិយាយដូចជាមនុស្សទូទៅ ដោយសារសេចក្តីកម្សោយនៃសាច់ឈាមរបស់អ្នក។ ដោយព្រោះអ្នកបានថ្វាយខ្លួនរបស់អ្នកឲ្យធ្វើជាទាសករចំពោះសេចក្តីដែលមិនស្អាត ហើយចំពោះការអាក្រក់ ដូច្នេះនេះដែរ នៅពេលនេះ ចូរថ្វាយខ្លួនរបស់អ្នកដូចជាទាសករនៃសេចក្តីសុចរិតវិញ ដើម្បីឲ្យបានសុចរិត។
20ព្រោះ នៅពេលអ្នកធ្លាប់ជាទាសករនៃបាប អ្នកមានសេរីភាពពីសេចក្តីសុចរិត។
21នៅពេលនោះ តើផលផ្លែអ្វីដែលយើងមានពីការអ្វីដែលអ្នកមានសព្វថ្ងៃនេះគឺភាពអាម៉ាស់? ដ្បិត លទ្ធផលនៃការទាំងអស់នោះគឺជាសេចក្តីស្លាប់។
22ប៉ុន្តែ នៅពេលនេះ អ្នកត្រូវបានដោះឲ្យមានសេរីភាពពីបាប ហើយគឺជាអ្នកបម្រើរបស់ព្រះជាម្ចាស់វិញ អ្នកបានទទួលផលរបស់អ្នកសម្រាប់សេចក្តីសុចរិតផងដែរ។ ជាលទ្ធផលគឺបានជីវិតអស់កល្បជានិច្ច។
23ព្រោះឈ្នួលនៃបាបគឺជាសេចក្តីស្លាប់ ប៉ុន្តែ អំណោយទាននៃព្រះជាម្ចាស់វិញគឺជាជីវិតអស់កល្បជានិច្ចនៅក្នុងព្រះគ្រិស្តយេស៊ូជាព្រះអម្ចាស់នៃយើង។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។