ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

រ៉ូម 5

Read Scripture freely. Divine Threads study for this chapter is coming later.

1ដូច្នេះ យើងបានសុចរិតដោយសារជំនឿ យើងមានសន្តិភាពជាមួយព្រះជាម្ចាស់ តាមរយៈព្រះអម្ចាស់យេស៊ូគ្រិស្តរបស់យើង។
2ដោយសារព្រះអង្គ យើងក៏មានផ្លូវចូលទៅកាន់ព្រះគុណដោយជំនឿ ដែលយើងឈរ។ យើងមានអំណរនៅក្នុងទំនុកចិត្តលើព្រះជាម្ចាស់ដែលប្រទានឲ្យយើងសម្រាប់ពេលអនាគត យើងមានទំនុកចិត្តថា យើងនឹងមានចំណែកនៅក្នុងសិរីល្អរបស់ព្រះជាម្ចាស់។
3មិនគ្រាន់តែប៉ុណ្ណោះទេ ប៉ុន្តែ យើងក៏មានអំណរនៅក្នុងទុក្ខលំបាករបស់យើងផងដែរ។
4យើងដឹងថា ទុក្ខលំបាកនាំឲ្យយើងអត់ធន់។ ហើយការអត់ធន់ធ្វើឲ្យយើងគាប់ព្រះហឫទ័យដល់ព្រះជាម្ចាស់ ហើយការគាប់ព្រះឫទ័យដល់ព្រះអង្គ នាំឲ្យយើងមានទំនុកចិត្តនាពេលអនាគត។
5ទំនុកចិត្តនេះ មិនធ្វើឲ្យយើងខកចិត្តឡើយ ដោយសារសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់បានចាក់បំពេញនៅក្នុងដួងចិត្តរបស់យើងតាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ ដែលបានប្រទានមកយើង។
6កាលដែលយើងនៅខ្សោយនៅឡើយ នៅពេលកំណត់ ព្រះគ្រិស្តបានសុគតសម្រាប់មនុស្សទុច្ចរិត។
7កម្រមានអ្នកព្រមស្លាប់ជំនួសមនុស្សសុចរិតណាស់។ ហើយក៏ប្រហែលជាមានអ្នកដែលហ៊ានស្លាប់សម្រាប់មនុស្សល្អដែរ។
8ប៉ុន្តែ ព្រះជាម្ចាស់បានបង្ហាញសេចក្តីស្រឡាញ់របស់ព្រះអង្គផ្ទាល់ចំពោះយើង ព្រោះនៅពេលដែលយើងស្ថិតនៅក្នុងភាពជាមនុស្សមានបាបនៅឡើយ ព្រះគ្រិស្តបានសុគតសម្រាប់យើងរួចហើយ។
9លើសពីនេះ យើងបានសុចរិតដោយសារព្រះលោហិតរបស់ព្រះអង្គ យើងនឹងបានសង្គ្រោះឲ្យរួចផុតពីសេចក្តីក្រោធ នៃព្រះជាម្ចាស់ដោយសារព្រះលោហិតនេះ។
10ប្រសិនបើ យើងសិ្ថតនៅក្នុងភាពជាសត្រូវ ហើយយើងបានផ្សះផ្សាជាមួយព្រះជាម្ចាស់តាមរយៈការសុគតរបស់ព្រះបុត្រាព្រះអង្គ បន្ទាប់ពីយើងបានផ្សះផ្សាជាមួយព្រះអង្គហើយ លើសពីនេះ យើងនឹងបានសង្គ្រោះដោយសារព្រះជន្មរបស់ព្រះអង្គផងដែរ។
11មិនគ្រាន់តែប៉ុណ្ណោះ យើងក៏មានអំណរនៅក្នុងព្រះជាម្ចាស់តាមរយៈព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើង ដោយសារព្រះអង្គ នៅពេលនេះ យើងបានទទួលការផ្សះផ្សារឡើងវិញ។
12ដូច្នេះ តាមរយៈមនុស្សបាបម្នាក់បានចូលមកក្នុងលោកីយ៍នេះ ដូចគ្នានេះដែរ សេចក្តីស្លាប់បានចូលមកក្នុងលោកីយ៍ដោយសារបាបនោះដែរ។ ហើយសេចក្តីស្លាប់បានរីកសាយទៅដល់មនុស្សគ្រប់រូប ព្រោះមនុស្សទាំងអស់បានធ្វើបាប។
13រហូតដល់មានក្រឹត្យវិន័យ បាបបានចូលមកក្នុងលោកីយ៍ហើយ ប៉ុន្តែ បាបមិនត្រូវបានស្គាល់នៅឡើយទេ ដោយសារមិនទាន់មានក្រឹត្យវិន័យនៅឡើយ។
14យ៉ាងណាក៏ដោយ សេចក្តីស្លាប់បានគ្រប់គ្រងលើលោកអដាំរហូតដល់លោកម៉ូសេ ថែមទាំងគ្រប់គ្រងលើអស់អ្នកដែលមិនបានធ្វើបាបនៃការមិនស្តាប់បង្គាប់ដូចជាលោកអដាំដែរ ក៏មានម្នាក់ដែលមានលក្ខណៈដូចជាគាត់ដែរ នឹងមក។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី អំណោយទានមិនដូចជាការរំលងទេ។
15ដូច្នេះ ប្រសិនបើការរំលងរបស់មនុស្សម្នាក់ធ្វើឲ្យមនុស្សជាច្រើនបានស្លាប់ តើព្រះគុណរបស់ព្រះជាម្ចាស់ និងអំណោយទាន ដោយសារព្រះជាម្ចាស់នៃមនុស្សម្នាក់ គឺព្រះយេស៊ូគ្រិស្ត នឹងមានលើសជាយ៉ាងណាទៅទៀត។
16អំណោយទាននេះ មិនដូចជាលទ្ធផលនៃម្នាក់ដែលបានធ្វើបាបទេ។ ផ្ទុយទៅវិញ ការជំនុំជម្រះនៃការកាត់ទោសបានមក ដោយសារការរំលងនៃមនុស្សម្នាក់។ ក៏ប៉ុន្តែ អំណោយទានបានធ្វើឲ្យមានសេចក្តីសុចរិត មកដល់បន្ទាប់ពីមានការរំលងជាច្រើន។
17ដូច្នេះ ដោយសារការរំលងរបស់មនុស្សម្នាក់ សេចក្តីស្លាប់បានគ្រប់គ្រងតាមរយៈម្នាក់នោះ តើព្រះគុណដ៏បរិបូរណ៌ និងអំណោយទាននៃសេចក្តីសុចរិតនឹងគ្រង់គ្រងលើម្នាក់ដែលមានព្រះនាមថា យេស៊ូគ្រិស្តទេឬអី?
18ដូច្នេះ ដោយសារម្នាក់បានប្រព្រឹត្តរំលង មនុស្សគ្រប់រូបត្រូវទទួលការជំនុំជម្រះ ដូចគ្នាដែរ ដោយសារមនុស្សម្នាក់ដែលប្រព្រឹត្តអំពើសុចរិត នឹងធ្វើឲ្យមនុស្សគ្រប់គ្នាមានសេចក្តីសុចរិតនៅក្នុងជីវិតយ៉ាងនោះដែរ។
19ដូច្នេះ ដោយសារមនុស្សម្នាក់ដែលមិនស្តាប់បង្គាប់ ធ្វើឲ្យមនុស្សជាច្រើនត្រូវមានបាបយ៉ាងណា ដូចគ្នាដែរ តាមរយៈការស្តាប់បង្គាប់របស់មនុស្សម្នាក់ នឹងធ្វើឲ្យមនុស្សជាច្រើនបានសុចរិតយ៉ាងនោះដែរ។
20ប៉ុន្តែ ក្រឹត្យវិន័យបានមក ដើម្បីឲ្យអំពើរំលងកាន់តែច្រើនឡើង។ ប៉ុន្តែ ទីណាមានបាបច្រើន នៅទីនោះក៏មានព្រះគុណច្រើនដែរ។
21ការនេះបានកើតឡើង ដូចដែលបាបបានគ្រប់គ្រងធ្វើឲ្យមនុស្សស្លាប់ ដូច្នេះ ព្រះគុណគ្រប់គ្រងក៏ធ្វើឲ្យបានសុចរិត សម្រាប់ជីវិតអស់កល្បជានិច្ច តាមរយៈព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់នៃយើង។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។