ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

រ៉ូម 4

Read Scripture freely. Divine Threads study for this chapter is coming later.

1ដូច្នេះ តើយើងនឹងនិយាយថា លោកអប្រាហាំជាបុព្វបុរសរបស់យើង ក្នុងសាច់ឈាមមែនទេ?
2ព្រោះប្រសិនបើ លោកអប្រាហាំបានសុចរិតដោយសារការប្រព្រឹត្តមែន គាត់នឹងមានហេតុក្នុងការអួត ប៉ុន្តែ មិនមែននៅចំពោះព្រះជាម្ចាស់ទេ។
3តើបទគម្ពីរបានចែងយ៉ាងដូចម្តេច? «លោកអប្រាហាំបានជឿដល់ព្រះជាម្ចាស់ ហើយបានរាប់គាត់ថាជាសុចរិត»។
4ឥឡូវនេះ សម្រាប់អ្នកដែលធ្វើការ តើគាត់នឹងបានទទួលអ្វីដែលគាត់បានធ្វើ គឺមិនមែនជាអំណោយទេ ប៉ុន្តែ ជាតម្លៃឈ្នួលវិញ។
5ប៉ុន្តែ សម្រាប់អ្នកដែលមិនបានធ្វើការវិញ ផ្ទុយទៅវិញគាត់ជឿនៅលើព្រះជាម្ចាស់ដែលធ្វើឲ្យមនុស្សអាក្រក់បានសុចរិត ដោយសារជំនឿរបស់គាត់បានរាប់ថាជាសុចរិត។
6ព្រះបាទដាវីឌបានប្រកាសពីព្រះពរចំពោះបុរសម្នាក់ដែលព្រះជាម្ចាស់បានរាប់ថាជាសុចរិតមិនមែនដោយការប្រព្រឹត្តឡើយទេ។
7ព្រះជាម្ចាស់មានបន្ទូលថា៖ «មានពរហើយអស់អ្នកដែលបាបរបស់ខ្លួនបានអត់ទោស និងបាបរបស់ខ្លួនបានគ្របបាំង។
8មានពរហើយអ្នកដែលព្រះអម្ចាស់មិនបានរាប់បាបរបស់ពួកគេ។
9ដូច្នេះ ព្រះពរនេះបានប្រកាសតែអស់អ្នកដែលកាត់ស្បែក ឬ ក៏ប្រកាសដល់អស់អ្នកដែលមិនកាត់ស្បែកដែរ? ព្រោះយើងនិយាយថា៖ «លោកអប្រាហាំបានរាប់ជាសុចរិតដោយសារជំនឿ»។
10ដូច្នេះ តើរាប់យ៉ាងដូចម្តេច? គឺនៅពេលលោកអប្រាហាំស្ថិតនៅក្នុងការកាត់ស្បែក ឬមិនកាត់ស្បែក? វាមិនមែនមកពីការកាត់ស្បែកទេ ប៉ុន្តែ នៅពេលក្នុងការមិនកាត់ស្បែកវិញ។
11លោកអប្រាហាំបានទទួលទីសម្គាល់នៃការកាត់ស្បែក។ នេះគឺជាត្រានៃសេចក្តីសុចរិតរបស់ជំនឿដេលគាត់បានទទួល​នៅពេលគាត់ស្ថិតនៅក្នុងការមិនកាត់ស្បែកនៅឡើយ។ លទ្ធផលនៃសញ្ញានេះគឺថាគាត់បានក្លាយជាឪពុកនៃអស់អ្នកដែលជឿទាំងអស់ ទោះបីជាពួកគេមិនបានកាត់ស្បែកក្តី។ នេះមានន័យថា សេចក្តីសុចរិតបានរាប់ជាមួយពួកគេដែរ។
12នេះក៏មានន័យផងដែរ ថាលោកអប្រាហាំបានក្លាយជាឪពុកនៃអស់អ្នកដែលបានកាត់ស្បែកប៉ុណ្ណោះទេ ប៉ុន្តែ លោកក៏ជាឪពុកសម្រាប់អស់អ្នកដែលដើរតាមជំហ៊ាននៃជំនឿរបស់ឪពុកយើងគឺលោកអប្រាហាំ មុនពេលគាត់បានកាត់ស្បែកទៅទៀត។
13ព្រោះសេចក្តីសន្យាចំពោះលោកអប្រាហាំ និងចំពោះពូជពង្សរបស់គាត់ដែលគាត់នឹងទទួលលោកីយ៍ជាមរតក មិនមែនបានមកដោយសារក្រឹត្យវិន័យទេ ប៉ុន្តែ តាមរយៈសេចក្តីសុចរិតនៃជំនឿវិញ។
14ប្រសិនបើ អស់អ្នកដែលរស់នៅដោយក្រឹត្យវិន័យ បានទទួលមរតក ដូច្នេះ ជំនឿក្លាយជារបស់ឥតប្រយោជន៍ ហើយសេចក្តីសន្យាក៏គ្មានតម្លៃដែរ។
15ព្រោះក្រឹត្យវិន័យនាំឲ្យមានសេចក្តីក្រោធ ប៉ុន្តែ ប្រសិនបើគ្មានក្រឹត្យវិន័យ ក៏គ្មានការរំលងដែរ។
16ដោយហេតុនេះ ដោយសារជំនឿ ដើម្បីឲ្យសេចក្តីសន្យាបានស្ថិតនៅលើព្រះគុណ ហើយអាចរាប់រងចំពោះពូជពង្សរបស់លោកអប្រាហាំទាំងអស់ មិនគ្រាន់តែចំពោះអស់អ្នកដែលនៅក្រោមក្រឹត្យវិន័យប៉ុណ្ណោះទេ ប៉ុន្តែ សម្រាប់អស់អ្នកដែលមានចំណែកនៅក្នុងជំនឿរបស់លោកអប្រាហាំដែរ។ គាត់ជាឪពុករបស់យើងគ្រប់គ្នា
17ដូចមានសេចក្តីចែងទុកមកថា៖ «ខ្ញុំបានធ្វើឲ្យអ្នកបានត្រឡប់ទៅជាឪពុកលើប្រជាជាតិជាច្រើន»។ លោកអប្រាហាំស្ថិតនៅក្នុងព្រះវត្តមាននៃព្រះអង្គ ជាអ្នកដែលព្រះបានទុកចិត្ត គឺព្រះអង្គហើយ ដែលប្រទានជីវិតដល់អ្នកស្លាប់ ហើយបានហៅអ្វីៗដែលគ្មានមកកាន់អ្វីដែលមានវិញ។
18ក្រៅពីការកាត់ស្បែកក្នុងរូបភាពខាងក្រៅ លោកអប្រាហាំបានទុកចិត្តដល់ព្រះជាម្ចាស់ទាំងស្រុងសម្រាប់ពេលអនាគត។ ដូច្នេះហើយ គាត់បានត្រឡប់ទៅជាឪពុកនៃប្រជាជាតិជាច្រើន ស្របទៅតាមអ្វីដែលបានចែងថា៖ «អ្នកនឹងមានពូជពង្សជាច្រើន»។
19គាត់មិនបានខ្សោយនៅក្នុងជំនឿរបស់គាត់ទេ។ លោកអប្រាហាំយល់ថា រូបកាយរបស់គាត់ផ្ទាល់មិនអាចមានកូនបានទេ (ដោយសារគាត់មានអាយុមួយរយឆ្នាំទៅហើយ)។ គាត់ក៏ទទួលស្គាល់ផងដែរថា ផ្ទៃរបស់នាងសារ៉ាក៏មិនអាចមានកូនបានដែរ។
20ប៉ុន្តែ ដោយសារសេចក្តីសន្យារបស់ព្រះជាម្ចាស់ លោកអប្រាហាំគ្មានការសង្ស័យនៅក្នុងជំនឿរបស់គាត់ឡើយ ផ្ទុយទៅវិញ គាត់ត្រូវបានចម្រើនកម្លាំងដោយជំនឿ ហើយបានសរសើរតម្កើងដល់ព្រះជាម្ចាស់។
21គាត់ពិតជាជឿជាក់ទាំងស្រុងថា អ្វីដែលព្រះជាម្ចាស់បានសន្យាហើយ ព្រះអង្គក៏អាចធ្វើវាឲ្យបានសម្រេចដែរ។
22ដោយសារហេតុនេះ ហើយបានជាគាត់ត្រូវបានរាប់ជាសុចរិត។
23ឥឡូវនេះ សេចក្តីដែលបានសរសេរមកនោះ មិនត្រឹមតែជាប្រយោជន៍របស់គាត់ទេ
24ប៉ុន្តែ វាត្រូវបានរាប់ជាសុចរិតចំពោះអស់អ្នកដែលជឿលើព្រះអង្គដែលបានប្រោសព្រះយេស៊ូ ជាព្រះអម្ចាស់នៃយើងពីសេចក្តីស្លាប់។
25ព្រះអង្គនេះហើយគឺជាអ្នកដែលត្រូវបានគេបញ្ជូនទៅសម្លាប់ដោយសារអំពើរំលងរបស់យើង ហើយបានប្រោសព្រះអង្គឲ្យរស់ឡើងវិញ គឺឲ្យយើងបានសុចរិត។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។