ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

រ៉ូម 3

Read Scripture freely. Divine Threads study for this chapter is coming later.

1បើដូច្នេះ តើសាសន៍យូដាមានអត្ថប្រយោជន៍អ្វីខ្លះ? ហើយការកាត់ស្បែកមានអត្ថប្រយោជន៍អ្វីខ្លះដែរ?
2ពួកគេអស្ចារ្យនៅក្នុងគ្រប់ទាំងផ្លូវ។ សាសន៍យូដាជាអ្នកដែលបានប្រទានការបើកសម្តែងមុនគេបង្អស់។
3ចុះបើ សាសន៍យូដាខ្លះដែលគ្មានជំនឿយ៉ាងម៉េចដែរ? តើការមិនជឿរបស់ពួកគេធ្វើឲ្យសេចក្តីស្មោះត្រង់របស់ព្រះលែងមានសុពលភាពឬអី?
4ប្រហែលជាមិនអាចទេ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់នៅក្នុងសេចក្តីពិតជានិច្ច ទោះបីជាមនុស្សគ្រប់រូបជាមនុស្សកុហកក៏ដោយ។ ដូចជាមានសេចក្តីចែងទុកមកថា៖ «គេនឹងបានឃើញថាព្រះអង្គសុចរិតនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ ហើយព្រះអង្គនឹងឈ្នះនៅពេលព្រះអង្គចូលទៅក្នុងការកាត់ក្តី។
5ប៉ុន្តែ ប្រសិនបើសេចក្តីទុច្ចរិតរបស់យើងបង្ហាញសេចក្តីសុចរិតរបស់ព្រះ តើយើងអាចនិយាយបានយ៉ាងដូចម្តេច? តើយើងអាចនិយាយថា ព្រះជាម្ចាស់ទុច្ចរិត ក្នុងការនាំយកព្រះពិរោធមកលើយើង? (ខ្ញុំកំពុងប្រើសេចក្តីសំអាងរបស់មនុស្ស)។
6ប្រហែលជាមិនអាចកើតឡើងបានទេ បើអ៊ីចឹងមែន តើព្រះជាម្ចាស់ជំនុំជម្រះលោកីយ៍យ៉ាងម៉េចនឹងកើត?
7ប៉ុន្តែ ប្រសិនបើ សេចក្តីពិតរបស់ព្រះជាម្ចាស់តាមរយៈការកុហករបស់ខ្ញុំផ្តល់ការសរសើរដល់ព្រះអង្គជាបរិបូរណ៌នោះ ហេតុអ្វីបានជាខ្ញុំត្រូវទទួលរងការកាត់ក្តី ថាជាមនុស្សមានបាប?
8ហើយ​ហេតុអ្វី​យើង​មិន​និយាយ​ថា​ ចូរ​យើង​ធ្វើ​ការ​អាក្រក់​ដើម្បី​ឲ្យ​ការ​ល្អ​កើត​ចេញ​មក?​ ដូចជា​មនុស្ស​មួយ​ចំនួន​បាន​និយាយ​បង្ខូច​យើង​ថា​យើង​និយាយ​ដូច្នេះ។​ អ្នក​ទាំង​នោះ​ដែល​និយាយ​ដូច្នេះ​សម​តែ​ទទួល​ការ​ជំនុំជម្រះ។
9បើដូច្នេះ តើយើងកំពុងតែដោះសារខ្លួនយើងឬអី? អត់ទេ។ គឺសម្រាប់ទាំងសាសន៍យូដា និងសាសន៍ក្រិក និងពួកគេគ្រប់គ្នា ស្ថិតនៅក្រោមអំពើបាប។
10ដូចដែលមានសេចក្តីចែងទុកមកថា៖ «គ្មាននរណាម្នាក់សុចរិតឡើយ សូម្បីតែម្នាក់»។
11គ្មាននរណាម្នាក់យល់បានទេ ក៏គ្មាននរណាម្នាក់ដែលស្វែងរកព្រះជាម្ចាស់ដែរ។
12ពួកគេគ្រប់គ្នាបានបែរចេញពីព្រះ។ ពួកគេបានត្រឡប់ទៅជាឥតបានការ។ គ្មាននរណាម្នាក់ធ្វើល្អឡើយ គ្មានសូម្បីតែម្នាក់។
13បំពង់ករបស់ពួកគេបើកចេញពីផ្នូរ។ អណ្តាតរបស់ពួកគេបោកបញ្ឆោត។ ពិសរបស់សត្វពោះស្ថិតនៅក្រោមបបូរមាត់របស់ពួកគេ។
14មាត់របស់ពួកគេពេញទៅដោយបណ្តាសារ និងភាពជូរល្វីង។
15ជើងរបស់ពួកគេរហ័សនឹងបង្ហូរឈាម។
16ការបំផ្លាញ និងការឈឺចាប់ស្ថិតនៅលើផ្លូវរបស់ពួកគេ។
17មនុស្សទាំងនេះ មិនបានស្គាល់ផ្លូវនៃសេចក្តីសុខសាន្តឡើយ។
18គ្មានការកោតខ្លាចព្រះជាម្ចាស់នៅក្នុងក្រសែភ្នែករបស់ពួកគេឡើយ។
19ឥឡូវនេះ យើងដឹងហើយថា អ្វីដែលក្រឹត្យវិន័យបានចែង គឺនិយាយទៅកាន់មនុស្សដែលនៅក្រោមក្រឹត្យវិន័យ។ ការនេះគឺដើម្បីឲ្យគ្រប់មាត់ទាំងអស់បានបិត ហើយពិភពលោកទាំងមូលទទួលខុសត្រូវនៅចំពោះព្រះជាម្ចាស់។
20ការនេះ មិនមែនដោយសារសាច់ឈាមនឹងធ្វើឲ្យយើងបានសុចរិតទេ គឺដោយធ្វើតាមក្រឹត្យវិន័យនៅក្នុងក្រសែភ្នែករបស់ពួកគេ។ តាមរយៈក្រឹត្យវិន័យ ធ្វើឲ្យមនុស្សស្គាល់អំពើបាប។
21ប៉ុន្ដែ​ឥឡូវ​នេះ​ ក្រៅ​ពី​គម្ពីរ​វិន័យ​ សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​បាន​សំដែង​ឲ្យ​ឃើញ​ហើយ​ ដោយ​មាន​គម្ពីរ​វិន័យ​ និង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ធ្វើ​បន្ទាល់​ទៀត​ផង​។
22គឺថា សេចក្តីសុចរិតរបស់ព្រះជាម្ចាស់ គឺតាមរយៈជំនឿនៅលើព្រះយេស៊ូគ្រិស្ត សម្រាប់អស់អ្នកដែលជឿព្រោះគ្មានភាពខុសគ្នាទេ។
23ព្រោះមនុស្សគ្រប់គ្នាមានបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះជាម្ចាស់
24ហើយពួកគេបានសុចរិតដោយឥតបង់ថ្លៃ ដោយសារព្រះគុណរបស់ព្រះអង្គ តាមរយៈការប្រោសលោះ ដែលនៅក្នុងព្រះយេស៊ូគ្រិស្ត។
25ព្រោះ ព្រះជាម្ចាស់បានប្រទានព្រះគ្រិស្តយេស៊ូ ធ្វើជាតង្វាយលោះបាប តាមរយៈជំនឿនៅលើព្រះលោហិតរបស់ព្រះអង្គ។ ព្រះអង្គបានប្រទានព្រះគ្រិស្ត ដើម្បីបង្ហាញពីសេចក្តីយុត្តិធម៌របស់ព្រះអង្គ ដោយសារតែព្រះអង្គបានបំភ្លេចចោលបាបកាលពីកន្លងទៅ
26នៅក្នុងសេចក្តីអត់ធ្មត់របស់ព្រះអង្គ។ ការទាំងអស់នេះ កើតឡើង ដើម្បីបង្ហាញពីសេចក្តីសុចរិតរបស់ព្រះអង្គ នៅក្នុងពេលបច្ចុប្បន្នយើងនេះ។ ការនេះ ដើម្បីឲ្យព្រះអង្គអាចបង្ហាញថា ព្រះអង្គផ្ទាល់សច្ចៈ ហើយដើម្បីបង្ហាញថា ព្រះអង្គប្រទានសេចក្តីសុចរិតដល់នរណាម្នាក់ ដោយសារជំនឿនៅក្នុងព្រះយេស៊ូ។
27តើយើងបានអ្វីមកអួត? គ្មានទាល់តែសោះ។ អួតអំពីអ្វី? ពីការប្រព្រឹត្ត? អត់ទេ ប៉ុន្តែ អួតពីជំនឿវិញ។
28ដូច្នេះ យើងសរុបសេចក្តីយ៉ាងដូច្នេះថា មនុស្សបានសុចរិតដោយសារជំនឿ មិនមែនដោយសារការប្រព្រឹត្តតាមក្រឹត្យវិន័យទេ។
29អ៊ីចឹង តើព្រះជាម្ចាស់ គឺជាព្រះរបស់សាសន៍យូដាតែមួយនោះទេ? ប្រសិនបើ ព្រះអង្គមិនមែនជាព្រះរបស់សាសន៍តែមួយទេ អ៊ីចឹង តើព្រះអង្គជាព្រះជាម្ចាស់របស់សាសន៍ដទៃដែរ? មែន ព្រះអង្គគឺជាព្រះរបស់សាសន៍ដទៃដែរ។
30បើដូច្នេះមែន ព្រះអង្គគឺជាព្រះតែមួយ ព្រះអង្គនឹងធ្វើឲ្យអ្នកកាត់ស្បែកបានសុចរិតដោយសារជំនឿ និងអ្នកដែលមិនកាត់ស្បែកបានសុចរិតដោយសារជំនឿដែរ។
31តើយើងចាត់ទុកក្រឹត្យវិន័យជាមោឃៈដោយសារជំនឿ? មិនមែនទេ ផ្ទុយទៅវិញ យើងត្រូវកាន់តាមក្រឹត្យវិន័យដែរ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។