1ដូច្នេះហើយ អ្នកមិនអាចដោះសារបានទេ អ្នកគឺជាអ្នកដែលនឹងត្រូវជំនុំជម្រះ ចំពោះអ្វីដែលអ្នកបានថ្កោលទោសអ្នកដទៃ អ្នកបានថ្កោលទោសខ្លួនឯងដែរ។ ពីព្រោះអ្នកបានចោទប្រកាន់គេ តែអ្នកបានធ្វើការនោះដូចគេដែរ។
2ប៉ុន្តែ យើងដឹងថា សេចក្តីជំនុំជម្រះរបស់ព្រះជាម្ចាស់ស្របតាមសេចក្តីពិត ហើយវានឹងធ្លាក់ទៅលើអ្នកដែលប្រព្រឹត្ដបែបនេះដែរ។
3ប៉ុន្តែ ចូរពិចារណាការនេះ អ្នកគឺជាអ្នកដែលជំនុំជម្រះអស់អ្នកដែលប្រពឹ្រត្តការណាមួយ ហើយអ្នកក៏ធ្វើដូចគេដែរ។ តើអ្នកអាចគេចពីការជំនុំជម្រះរបស់ព្រះជាម្ចាស់បានទេ?
4ឬ តើអ្នកគិតថា ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ កាលពន្យារការដាក់ទោសរបស់ព្រះអង្គ ហើយនិងការអត់ធ្មត់របស់ព្រះជាម្ចាស់តិចពេក? តើអ្នកមិនដឹងទេថា សេចក្តីសប្បុរសរបស់ព្រះអង្គគឺដើម្បីឲ្យអ្នកឲ្យប្រែចិត្ត?
5ប៉ុន្តែ ដោយសារតែចិត្តរឹងរូសរបស់អ្នក និងចិត្តដែលមិនព្រមប្រែចិត្តរបស់អ្នក ដែលអ្នកបានរក្សាទុកនៅក្នុងអ្នក សម្រាប់ថ្ងៃនៃព្រះពិរោធហើយ នោះគឺជាថ្ងៃនៃការជំនុំជម្រះដ៏សុចរិតរបស់ព្រះជាម្ចាស់បានបង្ហាញ។
6ព្រះអង្គនឹងតបស្នងដល់មនុស្សគ្រប់គ្នាតាមរង្វាល់នៃការប្រព្រឹត្តរបស់ពួកគេ។
7ចំពោះអស់អ្នកដែលបន្តក្នុងការប្រព្រឹត្តអំពើល្អ គេនឹងបានទទួលការសរសើរ កិត្តិយស និងសេចក្តីមិនពុករលួយ ទ្រង់នឹងប្រទានជីវិតអស់កល្បជានិច្ច។
8ប៉ុន្តែ អស់អ្នកណាដែលអាត្មានិយម អ្នកដែលមិនស្តាប់បង្គាប់តាមសេចក្តីពិត ប៉ុន្តែ បែរជាស្តាប់តាមសេចក្តីទុច្ចរិតវិញ សេចក្ដីក្រោធ និង ព្រះពិរោធដ៏ខ្លាំងនឹងមកដល់។
9ព្រះជាម្ចាស់នឹងនាំទុក្ខលំបាក និងក្តីវេទនាយ៉ាងខ្លាំង មកលើមនុស្សគ្រប់រូប ដែលប្រព្រឹត្តអំពើអាក្រក់ ព្រះអង្គនឹងដាក់ទោសសាសន៍យូដាដំបូង បន្ទាប់មកសាសន៍ក្រិកផងដែរ។
10ប៉ុន្តែ ពាក្យសរសើរ កិត្តិយស និងសេចក្តីសុខសាន្តនឹងមកដល់អស់អ្នកដែលប្រព្រឹត្តអំពើល្អ ទៅកាន់សាសន៍យូដាដំបូង ហើយបន្ទាប់មកសាសន៍ក្រិកផងដែរ។
11ព្រោះគ្មានការរើសអើងជាមួយព្រះជាម្ចាស់ឡើយ។
12អស់អ្នកណាដែលបានធ្វើបាបក្រៅពីក្រឹត្យវិន័យ នឹងត្រូវទោសក្រៅក្រឹត្យវិន័យ ហើយអស់អ្នកណាដែលធ្វើបាបក្នុងក្រឹត្យវិន័យ នឹងត្រូវទោសនៅក្នុងក្រឹត្យវិន័យដែរ។
13ដ្បិត មិនមែនអ្នកដែលឮក្រឹត្យវិន័យទបានសុចរិតនៅចំពោះព្រះជាម្ចាស់ទេ ប៉ុន្តែ អ្នកដែលធ្វើតាមក្រឹត្យវិន័យទេតើ ដែលនឹងបានសុចរិតនោះ។
14ព្រោះនៅពេលសាសន៍ដទៃ ពួកគេគ្មានក្រឹត្យវិន័យទេ ពួកគេធ្វើតាមក្រឹត្យវិន័យ តាមច្បាប់ធម្មជាតិ ពួកគេមានក្រឹត្យវិន័យនៅនឹងខ្លួនឯងស្រាប់ហើយ ទោះបីជាពួកគេគ្មានក្រឹត្យវិន័យក៏ដោយ។
15ដោយសារការនេះហើយ បានជាតម្រូវឲ្យពួកគេធ្វើដូច្នេះ ព្រោះក្រឹត្យវិន័យបានសរសេរទុកនៅក្នុងចិត្តរបស់ពួកគេរួចហើយ។ មនសិការបស់ពួកគេក៏ធ្វើបន្ទាល់ដល់ពួកគេដែរ ហើយគំនិតរបស់គេក៏ចោទប្រកាន់ ឬការពារពួកគេដោយខ្លួនឯង
16ហើយចំពោះព្រះជាម្ចាស់ផងដែរ។ ការនោះនឹងកើតឡើងនៅថ្ងៃមួយ នៅពេលព្រះជាម្ចាស់នឹងជំនុំជម្រះការសម្ងាត់របស់មនុស្ស អាស្រ័យទៅលើដំណឹងល្អ តាមរយៈព្រះយេស៊ូគ្រិស្ត។
17ប៉ុន្តែ ប្រសិនបើ អ្នកហៅខ្លួនឯងថា យូដា ហើយទុកចិត្តលើក្រឹត្យវិន័យ និងអួតនៅក្នុងព្រះជាម្ចាស់
18ហើយស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ និងស្គាល់អ្វីដែលល្អឥតខ្ចោះ ដោយសារអ្នកបានទទួលសេចក្តីបង្រៀនពីក្រឹត្យវិន័យ
19ហើយប្រសិនបើ អ្នកជឿជាក់ថាអ្នកខ្លួនឯងជាអ្នកនាំមនុស្សខ្វាក់ ហើយជាពន្លឺដល់អស់អ្នកដែលនៅក្នុងទីងងឹតនោះ
20ជាអ្នកកែតម្រូវមនុស្សល្ងង់ ឬជាគ្រូដល់កូនតូចៗ ហើយថាអ្នកនៅក្នុងក្រឹត្យវិន័យ បង្កើតឲ្យមានចំណេះដឹង និងសេចក្តីពិត បើអ៊ីចឹងមែន តើការអាក្រក់អាចកើតមកលើជីវិតរស់នៅរបស់អ្នកយ៉ាងដូចម្តេចកើត?
21អ្នកគឺជាអ្នកដែលបង្រៀនអ្នកដទៃ តើអ្នកមិនបង្រៀនខ្លួនឯងទេឬអី? អ្នកគឺជាអ្នកបង្រៀនឲ្យទាស់នឹងការលួច តើអ្នកលួចទេ?
22អ្នកគឺជាអ្នកដែលនិយាយថា កុំប្រព្រឹត្តអំពើផិតក្បត់ឲ្យសោះ តើអ្នកប្រព្រឹត្តអំពើផិតក្បត់ទេ? អ្នកគឺជាដែលស្អប់រូបព្រះ តើអ្នកបានលួចពីព្រះវិហារដែរឬទេ?
23អ្នកគឺជាអ្នកដែលមានអំនួតនៅក្នុងក្រឹត្យវិន័យ តើអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ តាមរយៈការដែលអ្នកធ្វើខុសនឹងក្រឹត្យវិន័យឬអី?
24ដ្បិត ដូចសេចក្តីដែលបានចែងទុកមកថា៖ «ព្រះនាមរបស់ព្រះជាម្ចាស់ត្រូវគេមើលងាយនៅក្នុងចំណោមសាសន៍ដទៃ ដោយសារអ្នករាល់គ្នា»។
25ការកាត់ស្បែកពិតជាមានប្រយោជន៍ដល់អ្នករាល់គ្នា ប្រសិនបើ អ្នកស្តាប់បង្គាប់តាមក្រឹត្យវិន័យ ប៉ុន្តែ ប្រសិនបើ អ្នកបានធ្វើខុសនឹងក្រឹត្យវិន័យ នោះការកាត់ស្បែករបស់អ្នកនឺងត្រឡប់ទៅជាមិនកាត់ស្បែកវិញ។
26ប្រសិនបើ មនុស្សមិនកាត់ស្បែកធ្វើតាមការទាមទាររបស់ក្រឹត្យវិន័យ តើមិនគួរឲ្យពិចារណាថាគាត់ជាមនុស្សដែលមិនកាត់ស្បែកទៅជាអ្នកកាត់ស្បែកវិញទេឬអី?
27ហើយតើអ្នកដែលមិនបានកាត់ស្បែកតាំងពីកំណើត គេថ្កោលទោសអ្នក ដោយសារអ្នកមិនធ្វើតាមក្រឹត្យវិន័យទេឬអី? នេះគឺដោយសារ អ្នកមានក្រឹត្យវិន័យដែលសរសេរ និងមានទាំងការកាត់ស្បែក ប៉ុន្តែ អ្នកនៅតែធ្វើខុសនឹងក្រឹត្យវិន័យ។
28គាត់មិនមែនជាសាសន៍យូដា ដែលគ្រាន់តែសំបកក្រៅ ឬកាត់ស្បែកគ្រាន់តែកាត់ស្បែកខាងសាច់ឈាមតែប៉ុណ្ណោះទេ
29ប៉ុន្តែ គាត់គឺជាសាសន៍យូដាទាំងខាងក្នុង និងកាត់ស្បែកដែលចេញពីក្នុងចិត្ត និងខាងវិញ្ញាណ មិនមែនដោយតួអក្សរឡើយ។ មនុស្សបែបនេះទើបសមនឹងសរសើរ មិនមែនមកពីមនុស្សទេ តែមកពីព្រះជាម្ចាស់វិញ។