ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

រ៉ូម 13

Read Scripture freely. Divine Threads study for this chapter is coming later.

1ចូរឲ្យគ្រប់ទាំងព្រលឹងបានស្តាប់បង្គាប់ដល់អ្នកដែលមានសិទ្ធិអំណាចជាងខ្លួន ព្រោះគ្មានសិទ្ធិអំណាចណាបានមក ក្រៅពីព្រះជាម្ចាស់ឡើយ។ សិទ្ធិអំណាចដែលមានគឺព្រះជាម្ចាស់ចាត់តាំងឲ្យមាន។
2ដូច្នេះហើយ អស់អ្នកណាដែលតទល់នឹងសិទ្ធិអំណាច អ្នកនោះប្រឆាំងជាមួយនឹងបទបញ្ជារបស់ព្រះជាម្ចាស់ហើយ។ ហើយអស់អ្នកដែលប្រឆាំងនឹងបទបញ្ជារបស់ព្រះជាម្ចាស់ អ្នកនោះនឹងទទួលការកាត់ទោសលើខ្លួនឯងហើយ។
3ដ្បិត អ្នកគ្រប់គ្រងគ្មានអ្វីធ្វើឲ្យអ្នកដែលប្រព្រឹត្តល្អភ័យខ្លាចនោះឡើយ ប៉ុន្តែមានតែមនុស្សដែលប្រព្រឹត្តអាក្រក់ទេតើដែលភ័យខ្លាចពួកអាជ្ញាធរនោះ។ តើអ្នកចង់ក្លាយជាម្នាក់ដែលមិនខ្លាចពួកគេមែនទេ? ចូរធ្វើអ្វីដែលល្អទៅ! នោះពួកគេនឹងទទួលស្គាល់អ្នក។
4ព្រោះពួកគេក៏ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ធ្វើការដើម្បីឲ្យអ្នកបានល្អដែរ។ ប៉ុន្តែ ប្រសិនបើ អ្នកធ្វើអ្វីដែលអាក្រក់ ចូរភ័យខ្លាច ព្រោះអ្នកគ្រប់គ្រងកាន់ដាវមិនមែនកាន់ដោយឥតហេតុផលឡើយ។ ព្រោះពួកគេគឺជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ជាអ្នកបញ្ចេញកំហឹងសងសឹកដល់អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់។
5ដូច្នេះ អ្នកត្រូវតែស្តាប់បង្គាប់ មិនមែនដោយសារតែកំហឹងប៉ុណ្ណឹងទេ ប៉ុន្តែ ដោយសារមនសិកាផងដែរ។
6ដោយហេតុនេះហើយ បានជាអ្នកត្រូវបង់ពន្ធដែរ។ ព្រោះពួកអាជ្ញាធរជាអ្នកបម្រើព្រះជាម្ចាស់ ដែលកំពុងទទួលខុសត្រូវលើការទាំងនេះ។
7ត្រូវបង់ដល់អស់អ្នកដែលអ្នកជំពាក់ពួកគេ ចូរបង់ពន្ធទៅអ្នកដែលយកពន្ធ ត្រូវបង់ថ្លៃចំពោះអ្នកដែលត្រូវបង់ថ្លៃ ខ្លាចអ្នកណាដែលគួរខ្លាច គោរពអ្នកណាដែលគួរគោរព។
8សូមកុំជំពាក់អ្វីអ្នកណាឡើយ ផ្ទុយទៅវិញត្រូវអោយស្រឡាញ់ដល់គ្នាទៅវិញទៅមក។ ព្រោះអស់អ្នកណាដែលស្រឡាញ់អ្នកជិតខាងរបស់ខ្លួនបានធ្វើតាមក្រឹត្យវិន័យរបស់ព្រះហើយ។
9បទបញ្ជារបស់ព្រះអង្គគឺ «កុំប្រព្រឹត្តអំពើផិតក្បត់ឡើយ កុំសម្លាប់ កុំលួច កុំលោភលន់»។ ហើយបទបញ្ជាផ្សេងៗទៀតក៏បង្គាប់ផងដែរ ហើយបានសរុបនៅក្នុងប្រយោគនេះ «ចូរស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង»។
10សេចក្តីស្រឡាញ់មិនធ្វើទុក្ខដល់អ្នកជិតខាងឡើយ ដូច្នេះ សេចក្តីស្រឡាញ់គឺជាការធ្វើឲ្យក្រឹត្យវិន័យបានសម្រេច។
11ដោយហេតុនេះហើយ អ្នកដឹងពេលវេលាហើយ ថានេះគឺជាពេលសម្រាប់អ្នកក្នុងការភ្ញាក់ពីគេងហើយ។ ដ្បិត ឥឡូវនេះ សេចក្តីសង្គ្រោះនៅជិតជាងនៅពេលយើងបានជឿតាំងពីមុន។
12ពេលយប់បានចប់ហើយ ហើយថ្ងៃក៏បានចូលមកជិតដែរ។ ដូច្នេះ ចូរយើងបោះបង់កិច្ចការខាងសេចក្តីងងឹតចោល ហើយពាក់គ្រឿង​សស្ត្រា‌វុធនៃពន្លឺវិញ។
13ចូរយើងដើេរឲ្យបានត្រឹមត្រូវ ដូចនៅក្នុងពេលថ្ងៃដែរ មិនប្រមឹក ឬស៊ីផឹកឡូឡាឡើយ ហើយក៏មិនត្រូវដើរក្នុងផ្លូវប្រាស ចាកសីលធម៌ខាងផ្លូវភេទ ឬល្មោភកាម និងឈ្លោះប្រកែក ឬច្រណែនឡើយ។
14ប៉ុន្តែ ប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូគ្រិស្ត ហើយកុំបំពេញចំណង់តណ្ហាខាងសាច់ឈាមឡើយ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។