ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

រ៉ូម 12

Read Scripture freely. Divine Threads study for this chapter is coming later.

1ដូច្នេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូន ដោយសារព្រះគុណនៃព្រះ ចូរថ្វាយរូបកាយរបស់អ្នកជាយញ្ញបូជារស់ បរិសុទ្ធ ហើយអាចទទួលយកបាននៅចំពោះព្រះជាម្ចាស់។ នេះគឺជាការបម្រើព្រះដ៏ត្រឹមត្រូវ។ កុំត្រាប់តាមលោកីយ៍ឡើយ ប៉ុន្តែ ចូរផ្លាស់ប្រែ ដោយកែប្រែគំនិតរបស់អ្នកជាថ្មី។
2ចូរធ្វើបែបនេះ ដើម្បីឲ្យដឹងថា អ្វីជាការល្អ អ្វីដែលអាចទទួលយកបាន និងគ្រប់លក្ខណ៍នៅចំពោះព្រះជាម្ចាស់។
3ដ្បិត ខ្ញុំនិយាយដូច្នេះ ដោយសារព្រះគុណ ដែលបានប្រទានមកខ្ញុំសូមនិយាយទៅកាន់មនុស្សគ្រប់គ្នា ដែលនៅក្នុងចំណោមអ្នករាល់គ្នា សូមកុំគិតពីខ្លួនឯងខ្ពស់ហួសពីការដែលគួរគិតឡើយ។ ផ្ទុយទៅវិញ ពួកគេត្រូវគិតដែលប្រកបដោយប្រាជ្ញាវិញ ដូច ជាព្រះបានប្រទានដល់មនុស្សម្នាក់ៗតាមជំនឿរបស់ពួកគេ។
4ព្រោះនៅក្នុងរូបកាយមួយមានអវៈយវៈជាច្រើន ប៉ុន្តែ មិនមែនគ្រប់ទាំងអវៈយវៈនោះមានមុខងារតែមួយនោះទេ។
5ដូចគ្នា នៅក្នុងព្រះកាយរបស់ព្រះគ្រិស្តក៏មានអវយវៈជាច្រើនដែរ ហើយអវយវៈនីមួយៗមានមុខងាររៀងៗខ្លួន។
6យើងមានអំណោយទានផ្សេងៗ​ តាមព្រះគុណដែលបានប្រទានមកយើង។ ប្រសិនបើ អ្នកណាម្នាក់មានអំណោយទានជាព្យាការី ចូរឲ្យធ្វើការតាមកម្រិតនៃជំនឿរបស់គាត់។
7ប្រសិនបើ អ្នកណាម្នាក់មានអំណោយទាននៃការបម្រើ ចូរឲ្យគាត់បម្រើចុះ។ ប្រសិនបើ អ្នកណាម្នាក់មានអំណោយទានបង្រៀន ចូរឲ្យគាត់បង្រៀនចុះ។
8ប្រសិនបើ អ្នកណាម្នាក់មានអំណោយទាននៃការថ្វាយ ចូរឲ្យគាត់ថ្វាយដោយសទ្ធាចុះ។ ប្រសិនបើ អ្នកណាមានអំណោយទាននៃការដឹកនាំ ចូរឲ្យគាត់ធ្វើឲ្យយកចិត្តទុកដាក់។ ប្រសិនបើ អ្នកណាម្នាក់មានអំណោយទាននៃការបង្ហាញមេត្តា ចូរឲ្យគាត់ធ្វើដោយចិត្តរីករាយចុះ។
9ចូរស្រឡាញ់ដោយឥតពុតមាយាឡើយ។ ចូរស្អប់ខ្ពើមអ្វីដែលអាក្រក់ ហើយកាន់ខ្ជាប់អ្វីដែលល្អវិញ។
10ទាក់ទងនឹងការស្រឡាញ់បងប្អូន ចូរស្រឡាញ់គ្នាទៅវិញទៅមក។ ទាក់ទងនឹងការគោរព ចូរគោរពគ្នាទៅវិញទៅមកដែរ។
11ទាក់ទងនឹងសេចក្តីឧស្សាហ៍ ចូរកុំខ្ជិលច្រអូសឡើយ។ ទាក់ទងខាងវិញ្ញាណ ចូរស្រេកឃ្លាន។ ទាក់ទងនឹងព្រះអម្ចាស់ ចូរបម្រើព្រះអង្គ។
12ចូរមានអំណរ នៅក្នុងទំនុកចិត្តដែលអ្នកមានអំពីអនាគត។ ចូរអត់ធ្មត់នៅក្នុងទុក្ខលំបាករបស់អ្នក។ ចូរបន្តក្នុងការអធិស្ឋាន។
13ចូរចែករំលែកដល់បងប្អូនរួមជំនឿដែលខ្វះខាត។ ចូរស្វែងរកវិធីក្នុងការបង្ហាញភាពចៅរ៉ៅរាក់ទាក់។
14ចូរឲ្យពរដល់អស់អ្នកដែលបៀតបៀនដល់អ្នក ចូរឲ្យពរ កុំដាក់បណ្តាសាឡើយ។
15ចូរមានអំណរជាមួយអស់អ្នកដែលមានអំណរ ចូរយំជាមួយអស់អ្នកដែលយំ ចូរមានគំនិតតែមួយចំពោះគ្នាទៅវិញទៅមក។
16កុំគិតក្នុងបែបមានអំនួតឡើយ ប៉ុន្តែ ចូរទទួលមនុស្សដែលទន់ទាប។ សូមកុំគិតថាខ្លួនឯងមានប្រាជ្ញាឡើយ។
17កុំធ្វើអាក្រក់ ស្នងនឹងការអាក្រក់ឡើយ។ ចូរធ្វើល្អនៅក្នុងក្រសែភ្នែករបស់មនុស្សគ្រប់គ្នា។
18ប្រសិនបើអាច វាអាស្រ័យលើអ្នកទេ ចូររស់នៅដោយសុខសាន្តជាមួយមនុស្សទាំងអស់។
19បងប្អូនជាទីស្រឡាញ់អើយ មិនត្រូវសងសឹកដោយខ្លួនអ្នកឡើយ ប៉ុន្តែ ចូរថ្វាយទៅព្រះជាម្ចាស់ ឲ្យព្រះអង្គបញ្ចេញសេចក្តីក្រោធវិញ។ ព្រោះមានសេចក្តីចែងទុកមកថា «ការសងសឹកស្រេចនៅលើយើង យើងនឹងសងសឹក» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
20«ប៉ុន្តែ ប្រសិនបើ សត្រូវរបស់អ្នកឃ្លាន ចូរឲ្យគេបរិភោគផង។ ប្រសិនបើ​ គាត់ស្រេក ចូរឲ្យទឹកទៅគាត់ផឹក។ ប្រសិនបើ អ្នកធ្វើដូច្នេះ ប្រៀបបីដូចជាអ្នកយកធ្យូងភ្លើងយ៉ាងច្រើនទៅដុតនៅលើក្បាលគាត់ដូច្នោះដែរ។
21កុំយកឈ្នះដោយធ្វើការអាក្រក់ឡើយ ប៉ុន្តែ ចូរយកឈ្នះការអាក្រក់ដោយការល្អវិញ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។