ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

វិវរណៈ 9

Read Scripture freely. Divine Threads study for this chapter is coming later.

1បន្ទាប់មក ទេវតាទីប្រាំផ្លុំត្រែរបស់គាត់។ ខ្ញុំបានឃើញផ្កាយមួយធ្លាក់ពីលើមេឃមកលើផែនដី។ ផ្កាយនោះបានទទួលកូនសោរដើម្បីបើករណ្តៅដ៏ជ្រៅ។
2គាត់បានបើកទ្វាររណ្តៅដ៏ជ្រៅនោះ ហើយផ្សែងក៏ហុយឡើងចេញមកក្រៅ ដូចជាផ្សែងដែលចេញពីឡភ្លើងមួយយ៉ាងធំ។ ព្រះអាទិត្យ និងអាកាសត្រឡប់ទៅជាងងឹត ដោយសារផ្សែងដែលហុយចេញពីរណ្តៅនោះ។
3សត្វកណ្តូបជាច្រើនបានហើរចេញពីផ្សែងនោះមកនៅលើផែនដី ហើយពួកគេបានទទួលអំណាចដូចជាខ្យាដំរីនៅលើផែនដី។
4កណ្តូបទាំងនោះត្រូវបានប្រាប់មិនឲ្យបំផ្លាញស្មៅនៅលើផែនដី ឬរុក្ខជាតិ ឬដើមឈើណាឡើយ ប៉ុន្តែ បំផ្លាញតែមនុស្សដែលមិនមានត្រារបស់ព្រះជាម្ចាស់នៅលើថ្ងាសរបស់ពួកគេប៉ុណ្ណោះ។
5ពួកគេមិនត្រូវបានអនុញ្ញាតឲ្យសម្លាប់មនុស្សទាំងនោះទេ ប៉ុន្តែ គ្រាន់តែធ្វើទារុណកម្មដល់ពួកគេក្នុងរយៈពេលតែប្រាំខែប៉ុណ្ណោះ។ ទារុណកម្មដែលពួកគេដាក់នោះគឺដូចជាទ្រនិចនៃខ្យាដំរី នៅពេលវាទិចមនុស្ស។
6នៅថ្ងៃនោះ មនុស្សចង់តែស្លាប់ទេ ប៉ុន្តែ ពួកគេមិនអាចស្លាប់បានឡើយ។ ពួកគេមានសេចក្តីប្រាថ្នាចង់ស្លាប់យ៉ាងខ្លាំង ប៉ុន្តែ សេចក្តីស្លាប់នឹងរត់ចេញពីពួកគេ។
7កណ្ដូបមានរូបរាងដូចជាសេះ ដែលរៀបទៅច្បាំង។ នៅលើក្បាលរបស់វា មានអ្វីមួយដូចជាមកុដពណ៌មាស ហើយមុខរបស់ពួកគេដូចជាមុខរបស់មនុស្សដែរ។
8ពួកគេមានសក់ដូចជាសក់របស់មនុស្សស្រី ហើយធ្មេញរបស់ពួកគេប្រៀបដូចជាធ្មេញតោ។
9ពួកគេមាន​អាវ​ក្រោះ​ ដូចជាអាវក្រោះដែក ហើយសម្លេងស្លាបរបស់ពួកគេដូចជាសម្លេងរទេះចម្បាំងជាច្រើន និងសេះរត់នៅក្នុងសមរភូមិ។
10ពួកវាមានកន្ទុយជាមួយនឹងត្រនិចដូចជាខ្យាដំរី នៅក្នុងកន្ទុយរបស់ពួកវាមានអំណាចនឹងធ្វើទុក្ខដល់មនុស្សរយៈពេលប្រាំខែ។
11ពួកវាមានស្តេចគ្រប់គ្រងលើពួកវា គឺជាទេវតានៃរណ្តៅដ៏ជ្រៅ។ ឈ្មោះវាជាភាសាហេប្រឺថា៖ «អាបា‌ដូន» ជា​ភាសា​ក្រិក​ថា៖ «អាប៉ុ‌លីយ៉ូន»។
12សេចក្តីវេទនាទីមួយបានកន្លងផុតទៅ។ មើល៍! បន្ទាប់ពីនេះនឹងមានទុក្ខវេទនាពីរទៀតមកដល់។
13ទេវតាទីប្រាំមួយផ្លុំត្រែរបស់គាត់ ខ្ញុំបានឮសម្លេងចេញពីស្នែងរបស់កន្លែងថ្វាយតង្វាយមាសដែលតាំងនៅចំពោះព្រះជាម្ចាស់។
14សម្លេងនោះនិយាយទៅកាន់ទេវតាទីប្រាំមួយថាដែលមានត្រែថា៖ «ចូរដោះលែងទេវតាបួនដែលបានចងនៅទន្លេធំទន្លេ​អើប្រាត​»។
15ទេវតាបួននោះ ត្រូវបានរៀបចំសម្រាប់ពេលនោះ ថ្ងៃនោះ ខែនោះ និងឆ្នាំនោះ និងដោះលែងដើម្បីសម្លាប់មនុស្សមួយភាគបី។
16ខ្ញុំបានឮចំនួនទាហាននៅលើសេះមានចំនួន ២០០០០០០០០នាក់។
17នេះគឺជាការដែលខ្ញុំបានឃើញសេះនៅក្នុងនិមិត្ត និងអស់អ្នកដែលជិះលើវា។ អាវក្រោះពណ៌ភ្លើង ពណ៌ខៀវចាស់ និងពណ៌លឿង។ ក្បាលរបស់សេះទាំងនោះមានលក្ខណៈដូចជាតោ មានភ្លើង ផ្សែង និង​ស្ពាន់ធ័រចេញពីមាត់របស់វាមក។
18មនុស្សមួយភាគបីត្រូវបានស្លាប់ដោយសារគ្រោះកាចទាំងបីនេះ៖ មានភ្លើង ផ្សែង និងស្ពាន់ធ័រដែលមកពីមាត់របស់ពួកវា។
19ដ្បិត អំណាចរបស់ហ្វូងសេះនៅក្នុងមាត់ និងកន្ទុយរបស់ពួកវា ព្រោះកន្ទុយរបស់ពួកវាដូចជាពស់ ហើយពួកវាមានក្បាល ដែលក្បាលនោះធ្វើទុក្ខដល់មនុស្ស។
20ហើយមនុស្សលោកដែលនៅសល់ អស់អ្នកដែលមិនបានស្លាប់ដោយសារគ្រោះកាចទាំងនោះ មិនបានប្រែចិត្តពីការប្រព្រឹត្តដែលពួកគេបានធ្វើ ហើយពួកគេក៏មិនឈប់ការថ្វាយបង្គំពួកវិញ្ញាណកំណាច និងរូបព្រះដែលធ្វើពីមាស ប្រាក់ លង្ហិន ថ្ម និងឈើ ថ្វាយបង្គំអ្វីៗដែលមិនអាចមើលឃើញ មិនអាចឮ ឬមិនអាចដើរ។
21ពួកគេនៅតែមិនប្រែចិត្តពីអំពើឃាតកម្មរបស់ពួកគេ ពីអំពើមន្ដអាគមរបស់ពួកគេ និងពីអំពើអសីធម៌ខាងផ្លូវភេទរបស់ពួកគេ ឬពីអំពើលួចប្លន់របស់ពួកគេ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។