1បន្ទាប់មក ខ្ញុំឃើញទេវតាបួនរូបឈរនៅក្នុងជ្រុងទាំងបួននៃផែនដី ទប់ខ្យល់ទាំងបួនទិសនៃផែនដី ដើម្បីុកុំឲ្យខ្យល់នោះបក់បោកមកលើផែនដី លើសមុទ្រ ឬលើដើមឈើឡើយ។
2ខ្ញុំបានឃើញទេវតាផ្សេងទៀត បានមកពីភាគខាងកើត ជាអ្នកដែលមានត្រារបស់ព្រះជាម្ចាស់មានព្រះជន្មគង់នៅ។ គាត់បានស្រែកដោយសម្លេងខ្លាំងៗទៅកាន់ទេវតាទាំងបួនដែលបានទទួលការអនុញ្ញាតក្នុងការធ្វើទុក្ខដល់ផែនដី និងសមុទ្រថា៖
3«កុំធ្វើទុក្ខផែនដី សមុទ្រ ឬដើមឈើឡើយ ចាំយើងបោះត្រានៅលើថ្ងាសរបស់អ្នកបម្រើព្រះរបស់យើងសិន។
4ខ្ញុំបានឮអំពីចំនួនមនុស្សដែលបានបោះត្រានោះគឺ មានចំនួន១៤៤០០០ អ្នកដែលបានបោះត្រានោះគឺមកពីគ្រប់អំបូរនៃជនជាតិអ៊ីស្រាអែល៖
5មួយម៉ឺនពីរពាន់នាក់មកពីអំបូររបស់យូដាត្រូវបានបោះត្រា មួយម៉ឺនពីរពាន់នាកមកពីអំបូររូបេន មួយម៉ឺនពីរពាន់នាក់មកពីអំបូរកាដ
6មួយម៉ឺនពីរពាន់នាក់ពីអំបូរអេស៊ើរ មួយម៉ឺនពីរពាន់នាក់ពីអំបូរណែបថាលី មួយម៉ឺនពីរពាន់នាក់ពីអំបូរម៉ាណាសេ។
7មួយម៉ឺនពីរពាន់នាក់ពីអំបូរស៊ីម្មាន មួយម៉ឺនពីរពាន់នាក់ពីអំបូរលេវី មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធអ៊ីសាខារ
8មួយម៉ឺនពីរពាន់នាក់ពីអំបូរសាប់យូឡូន មួយម៉ឺនពីរពាន់នាក់ពីអំបូរយ៉ូសែប និងមួយម៉ឺនពីរពាន់នាក់ពីអំបូរបេនយ៉ាមីន ត្រូវបានបោះត្រា។
9បន្ទាប់ពីការទាំងនេះ ខ្ញុំបានឃើញ មានបណ្តាជនយ៉ាងច្រើនកោះក ដែលមិនអាចរាប់បាន មកពីគ្រប់ប្រជាជាតិ គ្រប់អំបូរ គ្រប់មនុស្ស និងគ្រប់ភាសា ឈរនៅចំពោះបល័្លង្ក និងនៅចំពោះកូនចៀម។ ពួកគេពាក់សម្លៀកបំពាក់ពណ៌ស ហើយកាន់ធាងចាកនៅក្នុងដៃរបស់ពួកគេ
10ហើយពួកគេបានបន្លឺសម្លេងយ៉ាងខ្លាំងៗថា៖ «ការសង្គ្រោះជាកម្មសិទ្ធិរបស់ព្រះអម្ចាស់នៃយើង ដែលគង់នៅលើបល័្លង្ក និងជាកម្មសិទ្ធិរបស់កូនចៀម!»។
11ទេវតាទាំងអស់ឈរនៅជុំវិញបល័្លង្ក និងនៅជុំវិញពួកចាស់ទុំ ព្រមទាំងសត្វមានជីវិតទាំងបួន ពួកគេបានក្រាបចុះនៅចំពោះបល័្លង្ក។ ពួកគេថ្វាយបង្គំព្រះជាម្ចាស់
12បន្លឺសម្លេងថា៖ «អាម៉ែន! សូមសរសើរ ថ្វាយសិរីរុងរឿង ប្រាជ្ញា ការអរគុណ កិត្តិយស ព្រះចេស្តា និងកម្លាំង ដល់ព្រះជាម្ចាស់នៃយើងដែលគង់នៅអស់កល្បជានិច្ចរៀងដរាបតទៅ! អាម៉ែន!»។
13បន្ទាប់មក មានចាស់ទុំម្នាក់បានសួរខ្ញុំថា «តើអ្នកទាំងនេះជានរណា ដែលស្លៀកសម្លៀកបំពាក់ពណ៌ស ហើយពួកគេមកពីណា?»
14ខ្ញុំប្រាប់គាត់ថា៖ «លោកម្ចាស់អើយ លោកដឹងហើយ» ហើយគាត់ប្រាប់មកខ្ញុំថា៖ «ពួកគេទាំងនេះគឺជាពួកអ្នកដែលចេញមកពីទុក្ខវេទនាដ៏ធំ។ ពួកគេបានសម្អាតសម្លៀកបំពាក់ ហើយបានធ្វើឲ្យសម្លៀកបំពាក់របស់ពួកគេស ដោយសារឈាមនៃកូនចៀម។
15ដោយហេតុនេះហើយ បានជាពួកគេនៅចំពោះបល័ង្ករបស់ព្រះជាម្ចាស់ ហើយពួកគេថ្វាយបង្គំព្រះអង្គទាំងថ្ងៃទាំងយប់នៅក្នុងព្រះវិហាររបស់ព្រះអង្គ។ ព្រះមួយអង្គដែលបានគង់នៅលើបល័្លង្កនឹងពង្រីកព្រះពន្លារបស់ព្រះអង្គលើពួកគេ។
16ពួកគេលែងឃ្លានទៀតហើយ ក៏មិនស្រេកទឹកទៀតដែរ។ ពន្លឺព្រះអាទិត្យ និងកម្ដៅថ្ងៃក៏មិនអាចធ្វើទុក្ខដល់គេបានដែរ។
17ដ្បិតកូនចៀមគង់នៅចំកណ្តាលនៃបល័្លង្កនឹងធ្វើជាអ្នកគង្វាលលើពួកគេ ហើយព្រះអង្គនឹងនាំពួកគេទៅប្រភពទឹកដ៏រស់ ហើយព្រះជាម្ចាស់នឹងជូតគ្រប់ទាំងទឹកភ្នែនៅលើភ្នែករបស់ពួកគេចេញ»។