1ខ្ញុំបានមើល នៅពេលកូនចៀមបើកត្រាមួយនៃត្រាទាំងប្រាំពីរ ហើយខ្ញុំបានឮសត្វមានជីវិតទាំងបួនបន្លឺសម្លេងដូចជាផ្គរលាន់ថា៖ «ចូរមក!»
2ខ្ញុំបានសម្លឹងមើល ហើយឃើញមានសេះសមួយ អ្នកជិះវាមានធ្នូរ ហើយគាត់បានទទួលមកុដមួយ។ គាត់បានចេញទៅប្រៀបដូចជាអ្នកឈ្នះ ដើម្បីយកឈ្នះ។
3នៅពេលកូនចៀមបើកត្រាទីពីរ ខ្ញុំបានឮសត្វមានជីវិតទីពីរបន្លឺសម្លេងថា៖ «ចូរមក!»
4បន្ទាប់មកសេះមួយទៀតក៏លេចមក មានសម្បុរក្រហម។ អ្នកជិះលើវាត្រូវបានអនុញ្ញាតឲ្យដកយកសន្តិភាពចេញពីផែនដី ហើយធ្វើឲ្យមនុស្សសម្លាប់គ្នាទៅវិញទៅមក។ អ្នកជិះនេះបានទទួលដាវមួយយ៉ាងធំ។
5នៅពេលកូនចៀមមើលត្រាទីបី ខ្ញុំបានឮសត្វមានជីវិតទីបីបន្លឺសម្លេងថា៖ «ចូរមក!» ខ្ញុំបានឃើញ សេះសម្បុរខ្មៅមួយ ហើយអ្នកជិះវាកាន់ជញ្ជីងមួយនៅក្នុងដៃរបស់គាត់។
6ខ្ញុំបានឮសម្លេងដូចជាសម្លេងអ្វីដែលចេញពីក្នុងចំណោមសត្វមានជីវិតទាំងបួន និយាយថា៖ «ស្រូវសាលីមួយនាលិថ្លៃមួយឌេណារី ហើយស្រូវបាឡេបីនាលិក៏ថ្លៃមួយឌេណារីដែរ ប៉ុន្តែ កុំប៉ះពាល់ប្រេង និងស្រាទំពាំងបាយជូរឡើយ»។
7នៅពេលកូនចៀមបើកត្រាទីបួន ខ្ញុំបានឮសម្លេងសត្វមានជីវិតទីបួនបន្លឺសម្លេងថា៖ «ចូរមក!»
8បន្ទាប់មក ខ្ញុំបានឃើញសេះសម្បុរស្លេកស្លាំង។ អ្នកជិះលើវាឈ្មោះថា សេចក្តីស្លាប់ ហើយនិងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏មកតាមអ្នកនោះដែរ។ សេចក្តីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់បានទទួលសិទ្ធិអំណាចមួយភាគបួននៅលើផែនដី ក្នុងការសម្លាប់ដោយដាវ ទុរ្ភិក្ស និងជំងឺអាសន្នរោគ ព្រមទាំងដោយសត្វសាហាវនៃផែនដីផង។
9នៅពេលកូនចៀមបើកត្រាទីប្រាំ ខ្ញុំបានឃើញនៅក្រោមកន្លែងថ្វាយតង្វាយមានព្រលឹងនៃអ្នកបានត្រូវគេសម្លាប់ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដោយសារពួកគេបានធ្វើបន្ទាល់។
10ពួកគេបានស្រែកឡើងដោយសម្លេងយ៉ាងខ្លាំងថា៖ «ឱព្រះដ៏ជាអ្នកគ្រប់គ្រងលើទាំងអស់ ព្រះដ៏វិសុទ្ធ និងពិតត្រង់អើយ តើរហូតដល់ពេលណាទើបព្រះអង្គជំនុំជម្រះ អស់អ្នកដែលរស់នៅលើផែនដីនេះ ហើយតើរហូតដល់ពេលណាទើបព្រះអង្គសងសឹកឲ្យឈាមរបស់យើងខ្ញុំ?»
11បន្ទាប់មក ពួកគេម្នាក់ៗបានទទួលសម្លៀកបំពាក់ពណ៌ស ហើយត្រូវបានប្រាប់ពួកគេឲ្យសម្រាកបន្តិចទៀត រហូតទាល់តែគេបានសម្លាប់អ្នកបម្រើ និងបងប្អូនប្រុសស្រីបានគ្រប់ចំនួនសិន ដូចដែលគេបានសម្លាប់អ្នកដែរ។
12នៅពេលកូនចៀមបើកត្រាទីប្រាំមួយ ខ្ញុំបានមើល ហើយឃើញមានការរញ្ជូយដីយ៉ាងខ្លាំង។ ព្រះអាទិត្យបានត្រឡប់ទៅជាខ្មៅដូចជាអាវពណ៌ខ្មៅ ហើយខែពេញបរមីបានត្រឡប់ដូចជាឈាម។
13ផ្កាយនៅស្ថានសួគ៌ធ្លាក់មកលើផែនដី ដូចជាផ្លែឧទុម្ពរខ្ចីធ្លាក់ចុះមក ដោយសារខ្យល់ព្យុះយ៉ាងខ្លាំង។
14ផ្ទៃមេឃត្រូវាបានបាត់ទៅដូចជាគេមូលក្រាំងដែរ។ ភ្នំ និងកោះទាំងអស់ត្រូវរើចេញពីកន្លែងរបស់វា។
15បន្ទាប់មក ស្តេចនៅលើផែនដី និងមនុស្សសំខាន់ និងពួកមេទ័ព ពួកអ្នកមាន អ្នកមានអំណាច និងមនុស្សផ្សេងៗទៀត ទាំងអ្នកបម្រើ និងអ្នកជាទាំងឡាយ នឹងលាក់ខ្លួននៅក្នុងជ្រលងភ្នំ និងតាមប្រហោងថ្មភ្នំ។
16ពួកគេនិយាយទៅភ្នំ និងទៅកាន់ថ្មថា៖«ចូរធ្លាក់មកលើយើងមក! ចូរលាក់យើងពីព្រះភក្ត្រនៃព្រះអង្គដែលគង់នៅលើបល័្លង្ក និងពីសេចក្តីក្រោធរបស់កូនចៀម។
17ដ្បិតថ្ងៃនោះជាថ្ងៃដ៏អស្ចារ្យនៃសេចក្តីក្រោធរបស់ពួកគេបានមកដល់។ តើនរណាអាចទ្រាំបាន?»។