1បន្ទាប់ពីការនេះហើយ ខ្ញុំបានសម្លឹងមើល ហើយខ្ញុំបានឃើញទ្វារស្ថានបរមសុខបើកចំហ។ សម្លេងដំបូងដែលខ្ញុំបានឮគឺនិយាយមកកាន់ខ្ញុំដូចជាសម្លេងត្រែ មានបន្ទូលថា៖ «ឡើងមកនេះ ខ្ញុំនឹងបង្ហាញអ្នកនូវអ្វីដែលនឹងត្រូវកើតឡើងបន្ទាប់ពីការទាំងនេះ»។
2រំពេចនោះ ខ្ញុំលង់នៅក្នុងវិញ្ញាណ ហើយខ្ញុំបានឃើញ បល័្លង្កមួយនៅស្ថានសួគ៌ ជាមួយនឹងព្រះមួយអង្គដែលគង់លើបល័្លង្កនោះ។
3ព្រះមួយអង្គដែលគង់លើបល័្លង្កនោះ មើលទៅដូចជាត្បូងមណីជោតិរស និងត្បូងទទឹម។ មានឥន្ទធនូព័ទ្ធជុំវិញបល័្លង្កនោះ។ ឥន្ទធនូមានលក្ខណៈដូចជាត្បូងមរកត។
4នៅជុំវិញបល័្លង្កមានបល័្លង្កចាស់ទុំម្ភៃបួន ហើយចាស់ទុំទាំងម្ភៃបួនអង្គុយនៅលើបល័្លង្កនោះ។ ស្លៀកសំលៀកបំពាក់ពណ៌ស ហើយពាក់មកុដនៅលើក្បាលរបស់ពួកគេ។
5មានផ្លេកបន្ទោរ លាន់សូរសន្ធឹក និងផ្គរលាន់យ៉ាងខ្លាំងចេញពីបល័្លង្កមក។ ចង្កៀងទាំងប្រាំពីរកំពុងតែឆេះនៅពីមុខបល័្លង្ក ចង្កៀងនោះគឺជាវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់។
6នៅពីមុខបល័្លង្កមានសមុទ្រកែវ ដូចជាកែវចរណៃ។ នៅចំកណ្តាលនៃបល័្លង្ក និងជុំវិញបល័្លង្កមានសត្វមានជីវិតបួន ពេញដោយភ្នែក ទាំងមុខនិងក្រោយ។
7សត្វមានជីវិតទីមួយ ដូចជាសត្វតោ ហើយសត្វមានជីវិតទីពីរ ដូចជាគោ ហើយសត្វមានជីវិតទីបីមានមុខដូចជាមនុស្ស ហើយសត្វមានជីវិតទីបួន ដូចជាសត្វឥន្រ្ទី។
8សត្វមានជីវិតទាំងបួន សត្វនីមួយៗមានស្លាបប្រាំមួយ ពេញដោយភ្នែកនៅពីលើនិងខាងក្រោម។ ទាំងយប់ទាំងថ្ងៃ ពួកគេនិយាយពាក្យថា៖ «វិសុទ្ធ វិសុទ្ធ វិសុទ្ធគឺជាព្រះអម្ចាស់ដ៏មានគ្រប់ទាំងព្រះចេស្តា ជាព្រះដែលគង់នៅពីដើម គង់នៅសព្វថ្ងៃ ហើយព្រះអង្គនឹងត្រូវយាងមក»។
9នៅពេលណាដែលសត្វមានជីវិតទាំងបួនថ្វាយសិរីល្អ ថ្វាយកិត្តិយស និងអរព្រះគុណដល់ព្រះដែលគង់នៅលើបល័្លង្ក ជាព្រះដែលមានព្រះជន្មរស់នៅអស់កល្បជានិច្ចរៀងដរាបតទៅ
10នោះចាស់ទុំទាំងម្ភៃបួនបានក្រាបចុះនៅចំពោះព្រះដែលគង់នៅលើបល័្លង្ក។ ពួកគេក្រាបថ្វាយបង្គំដល់ព្រះដែលគង់នៅអស់កល្បជានិច្ចរៀងដរាបតទៅ។ ហើយ ពួកគេបានដោះមកុដរបស់ពួកគេនៅចំពោះបល័្លង្ក ហើយបន្លឺសម្លេងឡើងថា៖
11«ព្រះអម្ចាស់ និងព្រះជាម្ចាស់របស់យើង ព្រះអង្គស័ក្តិសមនឹងទទួលសិរីរុងរឿង និងកិត្តិយស ព្រមទាំងព្រះចេស្តា។ ដ្បិត ព្រះអង្គបានបង្កើតអ្វីៗទាំងអស់ អ្វីៗទាំងអស់ដែលបានបង្កើត និងកើតឡើងទៅតាមព្រះហឫទ័យរបស់ព្រះអង្គ ។