1បន្ទាប់មក ខ្ញុំបានឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃ និងផែនដីទីមួយបានកន្លងផុតទៅ ហើយលែងមានសមុទ្រទៀតហើយ។
2ខ្ញុំបានឃើញទីក្រុងបរិសុទ្ធ និងក្រុងយេរូសាឡឹមថ្មី ដែលចុះពីស្ថានបរមសុខមក គឺចុះពីព្រះជាម្ចាស់មក បានរៀបចំដូចជាកូនក្រមុំតុបតែងខ្លួនទទួលស្វាមីដូច្នោះដែរ។
3ខ្ញុំបានឮសម្លេងយ៉ាងខ្លាំងពីបល័្លង្កមកថា៖ «មើល៍! កន្លែងគង់នៅរបស់ព្រះជាម្ចាស់គឺនៅជាមួយនឹងមនុស្សលោក ហើយព្រះអង្គនឹងរស់នៅជាមួយពួកគេ។ ពួកគេនឹងធ្វើជាប្រជារាស្រ្តព្រះអង្គ ហើយព្រះជាម្ចាស់ផ្ទាល់នឹងនៅជាមួយពួកគេ ហើយព្រះអង្គនឹងធ្វើជាព្រះជាម្ចាស់របស់ពួកគេ។
4ព្រះអង្គនឹងជូតទឹកភ្នែកទាំងអស់ចេញពីភ្នែករបស់ពួកគេ ហើយនឹងលែងមានសេចក្តីស្លាប់ ឬការកាន់ទុក្ខ ឬយំសោក ឬការឈឺចាប់លែងមានទៀតហើយ។
5ព្រះជាម្ចាស់ដែលគង់នៅលើបល័្លង្កមានបន្ទូលថា៖ «មើល៍! យើងនឹងធ្វើឲ្យអ្វីៗទាំងអស់ទៅជាថ្មី»។ ព្រះអង្គមានបន្ទូលថា៖ «ចូរកត់ត្រាចុះ! ព្រោះពាក្យទាំងនេះ គួរឲ្យទុកចិត្ត ហើយជាសេចក្តីពិត»។
6ព្រះអង្គមានបន្ទូលមកកាន់ខ្ញុំថា៖ «ការទាំងនេះបានសម្រេចហើយ! យើងជាអាល់ផា និងជាអូមេកា យើងជាដើម និងជាចុង។ អ្នកណាដែលស្រេក យើងនឹងឲ្យផឹកដោយមិនបាច់បង់ថ្លៃ ពីប្រភពទឹកនៃជីវិត។
7អ្នកណាដែលមានជ័យជម្នះនឹងបានគ្រងមរតកលើការទាំងនេះ ហើយយើងនឹងនៅជាមួយព្រះជាម្ចាស់របស់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់យើង។
8ប៉ុន្តែ សម្រាប់ពួកកម្សោយ ពួកមិនជឿ ពួកគួរខ្ពើម ពួកឃាតករ ពួកប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ ហើយពួកកុហក ទីកន្លែងរបស់ពួកគេគឺនៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ។ នេះគឺជាសេចក្តីស្លាប់ទីពីរ»។
9ទេវតាម្នាក់នៃទេវតាទាំងប្រាំពីរបានមកឯខ្ញុំ គឺជាម្នាក់ដែលមានពែងប្រាំពីរពេញដោយគ្រោះកាចប្រាំពីរចុងក្រោយ ហើយគាត់និយាយថា៖ «ចូរមកនេះ! ខ្ញុំនឹងបង្ហាញកូនក្រមុំដល់អ្នក ភរិយារបស់កូនចៀម»។
10បន្ទាប់មក គាត់បាននាំដោយវិញ្ញាណទៅឯភ្នំដ៏ធំហើយខ្ពស់ ហើយបានបង្ហាញទីក្រុងបរិសុទ្ធគឺទីក្រុងយេរូសាឡឹមបានចុះមកពីស្ថានបរមសុខ គឺមកពីព្រះជាម្ចាស់។
11ទីក្រុងយេរ៉ូសាឡិមបានសិរីរុងរឿងរបស់ព្រះជាម្ចាស់ ហើយមានពន្លឺរស្មីដូចជាគ្រឿងអលង្ការ ត្បូងដែលភ្លឺថ្លាដូចកែវចរណៃ។
12ទីក្រុងនោះមានខ្លោងទ្វារប្រាំបី កំពែងធំ ហើយខ្ពស់។ នៅលើខ្លោងទ្វារមានសរសេរឈ្មោះរបស់អំបូរទាំងដប់ពីររបស់កូនចៅអ៊ីស្រាអែល។
13នៅខាងកើតមានខ្លោងទ្វារបី នៅខាងជើងមានខ្លោងទ្វារបី នៅខាងត្បូងមានខ្លោងទ្វារបី នៅខាងលិចមានខ្លោងទ្វារបីដែរ។
14កំពែងរបស់ទីក្រុងមានគ្រឹះដប់ពីរ ហើយនៅលើគ្រឹះនោះមានឈ្មោះទាំងដប់ពីររបស់សាវ័កទាំងដប់ពីររបស់កូនចៀម។
15ម្នាក់ដែលនិយាយមកកាន់ខ្ញុំ បានដំបងធ្វើពីមាស ដើម្បីវាស់ទីក្រុង វាស់ខ្លោងទ្វារ និងកំពែង។
16ទីក្រុងនេះមានរាងបួនជ្រុង មានបណ្តោយ មានទទឹងស្មើគ្នា។ គាត់បានវាស់ទីក្រុងនោះជាមួយនឹងដំបងរង្វាស់នោះ មានប្រវែងដប់ពីរពាន់ស្ដាដ (បណ្ដោយ ទទឹង និងកម្ពស់ របស់វាមានប្រវែងស្មើៗគ្នា)។
17គាត់បានវាស់កំពែងទីក្រុងនោះដែរ មានកម្រាស់ ១៤៤ហត្ថ តាមរង្វាស់មនុស្ស (ហើយវាក៏ជារង្វាស់របស់ទេវតាដែរ)។
18កំពែងត្រូវបានសង់ឡើងពីត្បូងមណីជោតិរស ហើយទីក្រុងសង់ឡើងពីមាសសុទ្ធភ្លឺដូចជាកែវសុទ្ធ។
19គ្រឹះរបស់កំពែងតុងតែងឡើងជាមួយនឹងត្បូងដ៏មានតម្លៃគ្រប់ប្រភេទ។ ទីមួយពីត្បូងមណីជោតិរស ទីពីរពីត្បូងកណ្ដៀង ទីបីពីត្បូងទទឹម ទីបួនពីត្បូងមរកត
20ទីប្រាំពីត្បូងអូនីក្ស ទីប្រាំមួយពីត្បូងពិទាយ ទីប្រាំពីរពីត្បូងពណ៌លឿងលាយបៃតង ទីប្រាំបីពីត្បូងបេរីល ទីប្រាំបួនពីត្បូងពេជ្រពណ៌លឿង ទីដប់ពីត្បូងទោប៉ាត់ ទីដប់មួយពីត្បូងនិលរ័ត្ន ទីដប់ពីរពីត្បូងជម្ពូរ័ត្ន។
21ខ្លោងទ្វារដប់ពីរសង់ពីគជ់ដប់ពីរ ខ្លោងទ្វារនីមួយៗសង់ឡើងពីគជ់មួយៗ។ ចំណែកផ្លូវរបស់ទីក្រុងវិញធ្វើពីមាសសុទ្ធ ភ្លឺថាដូចកែវ។
22ខ្ញុំបានមិនឃើញមានព្រះវិហារនៅក្នុងទីក្រុងទេ ដ្បិតព្រះជាអម្ចាស់ដ៏មានគ្រប់ទាំងព្រះចេស្តា និងជាកូនចៀម ព្រះអង្គគឺជាព្រះវិហាររបស់ទីក្រុងនោះហើយ។
23ទីក្រុងនេះមិនត្រូវការពន្លឺព្រះអាទិត្យ ឬព្រះច័ន្ទដើម្បីបំភ្លឺដល់វាទេ ព្រោះសិរីរុងរឿងរបស់ព្រះជាម្ចាស់បានជះពន្លឺលើវា ហើយកូនចៀមគឺពន្លឺរបស់ទីក្រុងនោះ។
24ប្រជាជាតិទាំងអស់នឹងដើរដោយសារពន្លឺរបស់ទីក្រុងនោះ។ ហើយពួកស្តេចទាំងឡាយនៅផែនដីនឹងនាំទ្រព្យសម្បត្តិរបស់ពួកគេមកទីក្រុងនោះ។
25ខ្លោងទ្វាររបស់ទីក្រុងនោះមិនបិទ នៅក្នុងពេលថ្ងៃ ហើយពេលយប់ក៏មិនបិទដែរ។
26ពួកគេនឹងនាំទ្រព្យសម្បត្តិ និងអ្វីៗដែលមានតម្លៃរបស់ប្រជាតិផ្សេងៗមកទីក្រុងនោះ ហើយគ្មានអ្វីដែលមិនស្អាតអាចចូលទៅក្នុងទីក្រុងនោះបានទេ។
27ហើយក៏គ្មាននរណាប្រព្រឹត្តអ្វីមួយដែលអាម៉ាស់ ឬបោកប្រាស់ចូលទៅក្នុងទីក្រុងនោះបានដែរ ប៉ុន្តែ អ្នកដែលចូលទីក្រុងនោះបាន គឺជាអ្នកដែលមានឈ្មោះសរសេរនៅក្នុងសៀវភៅជីវិតរបស់កូនចៀម។