1បន្ទាប់មកទេវតាបានបង្ហាញខ្ញុំ ពីទឹកទន្លេនៃជីវិត ថ្លាដូចជាកែវចរណៃ។ ទន្លេនោះហូរចេញពីបល័្លង្ករបស់ព្រះជាម្ចាស់ និងពីកូចចៀមមក កាត់ចំកណ្តាលផ្លូវរបស់ទីក្រុងនោះ។
2ផ្នែកមួយនៃទន្លេនោះមានដើមឈើនៃជីវិត បង្កើតផលផ្លែដប់ពីរប្រភេទ ហើយផលផ្លែរបស់វាកើតរៀងរាល់ខែ។ ស្លឹករបស់ដើមឈើនោះសម្រាប់ការព្យាបាលរបស់ប្រជាជាតិនានាដែរ។
3លែងមានបណ្តាសាណាទៀតហើយ។ បល័្លង្ករបស់ព្រះជាម្ចាស់ និងកូនចៀមនឹងស្ថិតនៅក្នុងទីក្រុងនោះ ហើយអ្នកបម្រើរបស់ព្រះអង្គនឹងបម្រើព្រះអង្គ។
4ពួកគេនឹងឃើញព្រះភក្រ្តរបស់ព្រះអង្គ និងព្រះនាមរបស់ព្រះអង្គនឹងត្រូវសរសេរនៅលើថ្ងាសរបស់ពួកគេ។
5នឹងលែងមានយប់ទៀតហើយ ពួកគេនឹងមិនត្រូវការពន្លឺរបស់ចង្កៀង ឬពន្លឺព្រះអាទិត្យទៀតឡើយ ព្រោះព្រះជាអម្ចាស់នឹងបំភ្លឺពួកគេ។ ពួកគេនឹងសោយរាជ្យអស់កល្បជានិច្ចរៀងដរាបតទៅ។
6ទេវតាបាននិយាយមកកាន់ខ្ញុំថា៖ «ពាក្យទាំងនេះគួរទុកចិត្ដ និងពិតត្រង់។ ព្រះអម្ចាស់ ព្រះជាម្ចាស់នៃវិញ្ញាណរបស់ពួកព្យាការី បានចាត់ទេវតាទៅដើម្បីបង្ហាញអ្នកបម្រើរបស់ព្រះអង្គពីអ្វីដែលនឹងត្រូវកើតឡើងជាឆាប់»។
7«មើល៍! យើងនឹងមកជាឆាប់! មានពរហើយអស់អ្នកណាដែលស្តាប់តាមពាក្យទំនាយរបស់សៀវភៅនេះ»។
8ខ្ញុំ យ៉ូហាន ជាម្នាក់ដែលបានឮ និងឃើញការទាំងនេះ។ នៅពេលខ្ញុំបានឮ ហើយឃើញការទាំងនេះ ខ្ញុំបានក្រាបខ្លួនខ្ញុំចុះនៅចំពោះមុខទេវតាថ្វាយបង្គំគាត់ ទេវតាដែលបានបង្ហាញការទាំងនេះដល់ខ្ញុំ។
9ទេវតានោះនិយាយមកកាន់ខ្ញុំថា៖ «កុំធ្វើដូច្នេះធ្វើអ្វី! ខ្ញុំក៏ជាអ្នកបម្រើជាមួយអ្នក ជាមួយបងប្អូនព្យាការី និងជាមួយអស់អ្នកដែលស្តាប់តាមពាក្យរបស់សៀវភៅនេះដែរ។ ចូរថ្វាយបង្គំព្រះជាម្ចាស់វិញ!»។
10ទេវតានោះបាននិយាយមកកាន់ខ្ញុំថា៖ «កុំបិទពាក្យទំនាយរបស់សៀវភៅនេះឡើយ ដើម្បីពេលកំណត់ជិតដល់ហើយ។
11អស់ដែលទុច្ចរិត ចូរឲ្យគេបន្តប្រព្រឹត្តអំពើទុច្ចរិតទៀតចុះ។ ហើយអ្នកដែលចិត្តមិនស្អាត ចូរឲ្យគេបន្តក្នុងចិត្តមិនស្អាតទៀតចុះ។ ហើយអ្នកដែលសុចរិត ចូរឲ្យគេនៅតែប្រព្រឹត្តអ្វីដែលសុចរិតចុះ។ ហើយអ្នកដែលវិសុទ្ធ ចូរឲ្យគេបន្តវិសុទ្ធភាពទៀតចុះ»។
12«មើល៍! យើងនឹងមកជាឆាប់។ ហើយរង្វាន់របស់យើងនៅជាមួយនឹងយើង ដើម្បីប្រគល់ឲ្យម្នាក់ៗស្របតាមអ្វីដែលពួកគេបានធ្វើ។
13យើងជាអាល់ផា និងជាអូមេកា គឺជាដើម និងជាចុង ហើយជាការចាប់ផ្តើម និងជាទីបញ្ចប់។
14មានពរហើយ អស់អ្នកបានដែលសម្អាតសម្លៀកបំពាក់របស់ពួកគេ ដើម្បីឲ្យពួកគេមានសិទ្ធិក្នុងការទទួលទានផ្លែពីដើមឈើនៃជីវិត និងចូលទៅក្នុងទីក្រុងតាមខ្លោងទ្វារបាន។
15ហើយអ្នកដែលនៅខាងក្រៅគឺជាពួកឆ្កែ ពួកគ្រូមន្តអាគម និងប្រព្រឹត្តអំពើអសីលធមខាងផ្លូវភេទ ពួកកាប់សម្លាប់ ពួកថ្វាយបង្គំរូបព្រះ និងអស់អ្នកដែលស្រឡាញ់ និងប្រព្រឹត្តអំពើភូតភរ។
16យើង យេស៊ូ បានចាត់ទេវតារបស់យើងដើម្បីធ្វើបន្ទាល់ដល់អ្នកអំពីការទាំងនេះសម្រាប់ក្រុមជំនុំ។ យើងជាឫស និងជាពូជពង្សរបស់ព្រះបាទដាវីឌ យើងជាផ្កាយព្រឹកដ៏ភ្លឺ។
17ព្រះវិញ្ញាណ និងកូនក្រមុំនិយាយថា៖ «ចូរមក! ចូរឲ្យអ្នកណាដែលឮ និយាយថា៖ «ចូរមក» អស់អ្នកណាដែលស្រេក ចូរឲ្យគាត់មកផឹក ហើយអស់អ្នកណាដែលចង់បានវា ចូរមកទទួលទឹកនៃជីវិតដោយឥតបង់ថ្លៃ។
18ខ្ញុំធ្វើបន្ទាល់ដល់មនុស្សគ្រប់គ្នាដែលបានឮពាក្យទំនាញរបស់សៀវភៅនេះ៖ ប្រសិនបើ អ្នកណាបន្ថែមអ្វីដែលបានសរសេរក្នុងសៀវភៅទំនាយនេះ ព្រះជាម្ចាស់នឹងបន្ថៃមគ្រោះកាចដល់អ្នកនោះដែរ។
19ហើយប្រសិនបើ អ្នកណាដកអ្វីដែលបានសរសេរនៅក្នុងសៀវភៅទំនាយនេះ ព្រះជាម្ចាស់នឹងដកចំណែករបស់អ្នកនោះចេញពីដើមឈើនៃជីវិត ហើយដកទីក្រុងដ៏វិសុទ្ធចេញពីអ្នកនោះដែរ។
20ព្រះអង្គដែលបានធ្វើបន្ទាល់ចំពោះការទាំងនេះមានបន្ទូលថា៖ «ពិតមែនហើយ! យើងនឹងយាងមកជាឆាប់»។ អាម៉ែន!
21សូមយាងមក ព្រះអម្ចាស់យេស៊ូអើយ! សូមព្រះគុណរបស់ព្រះអម្ចាស់យេស៊ូនៅជាមួយអ្នកទាំងអស់គ្នា។ អាម៉ែន។