ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

វិវរណៈ 20

Read Scripture freely. Divine Threads study for this chapter is coming later.

1បន្ទាប់មក ខ្ញុំបានឃើញទេវតាចុះពីស្ថានសួគ៌មក។ ទេវតានោះមានកូនសោរស្ថានអវីចី ហើយទេវតានោះកាន់ច្រវ៉ាក់ដ៏ធំនៅដៃរបស់គាត់។
2គាត់បានចាប់សត្វនាគ សត្វពស់ពីបុរាណ គឺជាមារ​ ឬជាសាតាំង ហើយបានចងវាអស់រយៈពេលមួយពាន់ឆ្នាំ។
3ទេវតានោះបានបោះវាចូលទៅក្នុងស្ថានអវិចី ទេវតានោះបានចាក់សោរ ហើយបិទត្រានៅពីលើវា។ ធ្វើដូច្នេះ ដើម្បីកុំឲ្យវាបានបោកប្រាស់ប្រជាជាតិផ្សេងៗទៀត រហូតដល់ផុតមួយពាន់ឆ្នាំ។ បន្ទាប់ពីនោះ សាតាំងត្រូវបានដោះលែងក្នុងរយៈដល់ខ្លីប៉ុណ្ណោះ។
4បន្ទាប់មក ខ្ញុំឃើញបល័្លង្កមួយ។ អស់អ្នកដែលអង្គុយលើបល័្លង្កនោះ គឺជាអ្នកដែលបានប្រទានឲ្យមានអំណាចដើម្បីជំនុំជម្រះ។ ខ្ញុំក៏ឃើញព្រលឹងរបស់អស់អ្នកដែលត្រូវគេកាត់ក្បាលដោយព្រោះធ្វើបន្ទាល់អំពីព្រះយេស៊ូ និងដោយព្រោះព្រះបន្ទូលនៃព្រះជាម្ចាស់។ ពួកគេមិនបានថ្វាយបង្គំសត្វសាហាវ និងរូបចម្លាក់របស់វាទេ ហើយពួកគេបានបដិសេធទទួលសញ្ញាសម្គាល់នៅលើថ្ងាស់និងដៃរបស់ពួកគេ។ ពួកគេបានរស់ឡើងវិញ ហើយពួកគេបានសោយរាជ្យជាមួយព្រះគ្រិស្តអស់រយៈពេលមួយពាន់ឆ្នាំ។
5រីឯពួកអ្នកស្លាប់ផ្សេងៗទៀតមិនបានមានជីវិតរស់ឡើងវិញទេ រហូតទាល់តែមួយពាន់ឆ្នាំបានចប់សិន។ នេះគឺជាការរស់ឡើងវិញលើកទីមួយ។
6មានពរហើយ វិសុទ្ធហើយ អស់អ្នកដែលមានចំណែកនៅក្នុងការរស់ឡើងវិញលើកទីមួយ។ សេចក្តីស្លាប់លើកទីពីរមិនអាចយកឈ្នះលើអ្នកនោះឡើយ។ ពួកគេនឹងធ្វើជាបូជាចារ្យរបស់ព្រះជាម្ចាស់ និងរបស់ព្រះគ្រិស្ត ហើយនឹងសោយរាជ្យជាមួយព្រះអង្គអស់រយៈពេលមួយពាន់ឆ្នាំ។
7នៅពេលមួយពាន់ឆ្នាំបានកន្លងផុតទៅ សាតាំងនឹងត្រូវបានដោះលែងពីគុករបស់វា។
8វានឹងឡើងមកដើម្បីបោកប្រាស់ប្រជាជាតិផ្សេងៗទាំងបួនទិសនៅលើផែនដី វានាំ​​សាសន៍​កុក និង​សាសន៍​ម៉ាកុកឲ្យមកជុំគ្នាដើម្បីធ្វើសង្គ្រាម។ ពួកគេមានគ្នាច្រើនដូចខ្សាច់នៃសមុទ្រ។
9ពួកគេបានចេញទៅច្បាំងពាសពេញផែនដី ហើយនៅជុំវិញជំរំរបស់ពួកអ្នកជឿ និងទីក្រុងដែលជាទីស្រឡាញ់។ ប៉ុន្តែ នឹងមានភ្លើងធ្លាក់ចុះមកពីស្ថានសួគ៌មក ហើយត្របាក់លេបពួកគេ។
10មារដែលបានបោកប្រាស់ពួកគេ ត្រូវបានបោះចូលទៅក្នុងបឹងភ្លើងស្ពាន់ធ័រ ជាកន្លែងដែលសត្វសាហាវ និងពួកព្យាការីក្លែងក្លាយនៅទីនោះដែរ។ ពួកគេនឹងរងទារុណកម្មទាំងថ្ងៃទាំងយប់ជារៀងរហូតតទៅ។
11បន្ទាបមក ខ្ញុំបានឃើញបល័្លង្កស ហើយនិងព្រះដែលគង់លើបល័្លង្កនោះ។ ផែនដី និងស្ថានសួគ៌បានរត់គេចចេញពីព្រះវត្តមានរបស់ព្រះអង្គ ប៉ុន្តែ គ្មានកន្លែងសម្រាប់ឲ្យពួកគេទៅទេ។
12ខ្ញុំបានឃើញមនុស្សស្លាប់ ទាំងអ្នកធំ និងអ្នកតូច ឈរនៅចំពោះបល័្លង្ក ហើយសៀវភៅត្រូវបានបើកឡើង។ បន្ទាប់មក សៀវភៅមួយទៀតក៏បើកឡើងដែរ គឺជាសៀវភៅនៃជីវិត។ ពួកមនុស្សស្លាប់ត្រូវបានជំនុំជម្រះស្របតាមអ្វីដែលបានកត់ត្រានៅក្នុងសៀវភៅទាំងនោះ ទៅតាមការប្រពឹត្តរបស់ពួកគេ។
13សមុទ្របានប្រគល់មនុស្សស្លាប់ដែលនៅក្នុងវាមកវិញ។ មនុស្សស្លាប់ និងស្ថានរបស់មនុស្សស្លាប់ក៏ប្រគល់មនុស្សស្លាប់ដែលនៅក្នុងពួកវាត្រឡប់មកវិញដែរ ហើយមនុស្សស្លាប់ត្រូវបានទទួលការជំនុំជម្រះស្របតាមអ្វីដែលពួកគេបានធ្វើដែរ។
14សេចក្តីស្លាប់ និងស្ថានរបស់មនុស្សស្លាប់នឹងត្រូវបោះចូលទៅក្នុងបឹងភ្លើង។
15ប្រសិនបើ អស់អ្នកណាដែលគ្មានឈ្មោះកត់ទុកនៅក្នុងសៀវភៅនៃជីវិតទេ អ្នកនោះនឹងត្រូវបោះចូលទៅក្នុងបឹងភ្លើងមិនខាន។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។