1បន្ទាប់ពីការទាំងនេះហើយ ខ្ញុំបានឮសម្លេងដូចជាសម្លេងនៃមនុស្សជាច្រើននៅស្ថានបរមសុខមកថា៖ «ហាលេលូយា សេចក្តីសង្គ្រោះ សិរីរុងរឿង និងអំណាចជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់នៃយើង។
2សេចក្តីជំនុំជម្រះរបស់ព្រះអង្គពិតត្រង់ ហើយសុចរិត ដើម្បីព្រះអង្គបានជំនុំជម្រះស្រ្តីពេស្យាដ៏ល្បីឈ្មោះ ដែលនាំឲ្យផែនដីទាំងមូលអាក្រក់ដោយសារអំពើអសីលធម៌ខាងផ្លូវភេទរបស់នាង។ ព្រះអង្គបានសងសឹក ដោយព្រោះឈាមរបស់អ្នកបម្រើរបស់ព្រះអង្គ ដែលនាងបានសម្លាប់»។
3ពួកគេបាននិយាយជាលើកទីពីរថា៖ «ហាលេលូយា ផ្សែងហុយចេញពីនាងជារៀងរហូតតទៅ»។
4ពួកចាស់ទុំទាំងម្ភៃបួន និងសត្វដែលមានជីវិតទាំងបួនក្រាបចុះ ហើយថ្វាយបង្គំព្រះជាម្ចាស់ដែលគង់នៅលើបល្ល័ង្ក។ ពួកគេបាននិយាយថា៖ «អាម៉ែន ហាលេលូយា»។
5បន្ទាប់មក មានសម្លេងចេញពីបល័្លង្កមកថា៖ «ឱអ្នកបម្រើដែលកោតខ្លាចព្រះអង្គ ទាំងអ្នកតូច និងអ្នកធំអើយ សរសើរតម្កើងព្រះជាម្ចាស់នៃយើង»។
6បន្ទាប់មក ខ្ញុំបានឮសម្លេងដូចជាសម្លេងរបស់មនុស្សជាច្រើន ដូចជាសម្លេងទឹកជាច្រើន ហើយដូចជាសម្លេងផ្គរលាសន់យ៉ាងខ្លាំង និយាយថា៖ «ហាលេលូយា! ដើម្បីព្រះអម្ចាស់សោយរាជ្យ ព្រះជាម្ចាស់គ្រប់គ្រងលើទាំងអស់។
7ចូរយើងរីករាយ ហើយអរសប្បាយ ព្រមទាំងថ្វាយសិរីរុងរឿងដល់ព្រះអង្គ ដ្បិតដល់ពេលអបអរសាទរអាពាហ៍ពិពាហ៍របស់កូនចៀមហើយ ហើយកូនក្រមុំរបស់ព្រះអង្គក៏ត្រៀមខ្លួនរួចរាល់ហើយ។
8នាងត្រូវបានអនុញ្ញាតឲ្យស្លៀកសម្លៀកបំពាក់ក្រណាត់ទេសឯកយ៉ាងស្អាត ហើយភ្លឺ» (ដើម្បីក្រណាត់ទេសឯកគឺជាការប្រព្រឹត្តដោយសុចរិតរបស់ពួកដ៏វិសុទ្ធ)។
9ទេវតានិយាយមកកាន់ខ្ញុំថា៖ «ចូរសរសេរទុកថា៖ មានពរហើយអស់អ្នកណាដែលបានអញ្ជើញចូលរួមពីធីជប់លៀងរបស់កូនចៀម»។ ទេវតានោះបាននិយាយមកខ្ញុំទៀតថា៖ «សេចក្តីទាំងនេះគឺជាព្រះបន្ទូលដ៏ពិតរបស់ព្រះជាម្ចាស់»។
10ខ្ញុំបានក្រាបចុះនៅចំពោះជើងរបស់ទេវតានោះ ហើយក៏ថ្វាយបង្គំគាត់ ប៉ុន្តែ ទេវតានោះបាននិយាយមកកាន់ខ្ញុំថា៖ «កុំធ្វើដូច្នេះ! ខ្ញុំក៏ជាអ្នកបម្រើដូចអ្នក និងបងប្អូនដែលកាន់ខ្ជាប់បន្ទាល់អំពីព្រះយេស៊ូដែរ។ ចូរថ្វាយបង្គំព្រះជាម្ចាស់ ដ្បិតបន្ទាល់របស់ព្រះយេស៊ូគឺជាវិញ្ញាណនៃសេចក្តីទំនាយ»។
11បន្ទាប់មក ខ្ញុំបានឃើញស្ថានសួគ៌ចំហ ហើយខ្ញុំបានសម្លឹងមើល មានសេះសមួយ ព្រះដែលជិះលើវាមានព្រះនាមថា ស្មោះត្រង់ និងពិតត្រង់។ ព្រះអង្គជំនុំជម្រះ និងធ្វើសង្គ្រោមដោយយុត្តិធម៌។
12ព្រះនេត្ររបស់ព្រះអង្គប្រៀបដូចជាអណ្តាតភ្លើង ហើយនៅលើព្រះសិរសារបស់ព្រះអង្គមានមកុដជាច្រើន។ ព្រះអង្គមានព្រះនាមសរសេរនៅលើព្រះអង្គថា គ្មាននរណាស្គាល់ឡើយ លើកលែងតែព្រះអង្គប៉ុណ្ណោះ។
13ព្រះអង្គស្លៀកសម្លៀកពាក់ដែលជ្រលក់ដោយឈាម គេហៅព្រះនាមព្រះអង្គថា៖ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់»។
14កងទ័ពនៃស្ថានបរមសុខបាននាំគ្នាជិះសេះស និងស្លៀកពាក់ក្រណាត់ទេសឯកយ៉ាងស្អាត ពណ៌ស ហើយតាមព្រះអង្គមក។
15មានដាវយ៉ាងមុតចេញពីព្រះឱស្ឋរបស់ព្រះអង្គមក ហើយប្រហារប្រជាជាតិទាំងឡាយ ហើយព្រះអង្គនឹងគ្រប់គ្រងពួកគេដោយដំបងដែក។ ព្រះអង្គជាន់ទំពាំងបាយជូរនៅក្នុងធុងដោយកំហឹងនៃសេចក្តីក្រោធនៃព្រះដ៏មានព្រះចេស្តា។
16ព្រះអង្គសរសេរព្រះនាមរបស់ព្រះអង្គនៅលើសម្លៀកបំពាក់ និងនៅលើភ្លៅរបស់ព្រះអង្គថា៖ «សេ្តចលើអស់ទាំងស្តេច ហើយព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់»។
17ខ្ញុំបានឃើញទេវតាមួយឈរនៅក្នុងព្រះអាទិត្យ។ ទេវតានោះស្រែកហៅដោយសម្លេងខ្លាំង ដល់សត្វស្លាបដែលហើរនៅលើក្បាលថា៖ «ចូរមកជុំគ្នា ដើម្បីមានពិធីជប់លៀងរបស់ព្រះជាម្ចាស់យ៉ាងធំ។
18ចូរមកបរិភោគសាច់របស់ស្តេច សាច់របស់មេទ័ព សាច់របស់ពួកអ្នកខ្លាំងពូកែ សាច់សេះ និងសាច់របស់អ្នកជិះលើវា ព្រមទាំងសាច់របស់មនុស្សទាំងអស់ ទាំងអ្នកមានសេរីភាព ទាំងទាសករ ទាំងអ្នកតូច និងអ្នកធំផង»។
19ខ្ញុំបានឃើញសត្វសាហាវ និងពួកស្តេចរបស់ផែនដី ជាមួយនឹងពួកទាហានរបស់ពួកគេ។ ពួកគេបានប្រមូលគ្នា ដើម្បីធ្វើសង្គ្រាមជាមួយនឹងព្រះដែលជិះសេះមកជាមួយនឹងកងទ័ពរបស់ព្រះអង្គ។
20សត្វសាហាវត្រូវចាប់បាន ជាមួយនឹងព្យាការីក្លែងក្លាយរបស់វា ដែលបានធ្វើទីសម្គាល់ផ្សេងៗនៅចំពោះមុខរបស់វា។ ជាមួយនឹងទីសម្គាល់ទាំងនោះ វាបានបោកប្រាស់អស់អ្នកដែលបានទទួលសញ្ញាសម្គាល់របស់សត្វសាហាវ និងអ្នកដែលបានថ្វាយបង្គំរូបចម្លាក់របស់វាដែរ។ គេបានបោះពួកគេទាំងពីរទាំងរស់ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ។
21រីឯអ្នកឯទៀតៗត្រូវបានស្លាប់ដោយសារដាវដែលបានចេញពីព្រះឱស្តរបស់ព្រះដែលគង់នៅលើសេះ។ សត្វស្លាបទាំងអស់បានស៊ីសាកសពរបស់ពួកគេ។