1បន្ទាប់ពីការទាំងនេះហើយ ខ្ញុំបានឃើញទេវតាមួយទៀតបានចុះពីស្ថានបរមសុខមក។ គាត់មានសិទ្ធិអំណាចយ៉ាងធំ ហើយផែនដីនឹងភ្លឺដោយសារសិរីរុងរឿងរបស់គាត់។
2គាត់បានបន្លឺសម្លេងយ៉ាងខ្លាំង និយាយថា៖ «រលំហើយ បាប៊ីឡូនជាទីក្រុងដ៏ធំរលំហើយ! ក្រុងនេះបានត្រឡប់ទៅជាជម្រករបស់ពួកអារក្ស និងជម្រកសម្រាប់វិញ្ញាណស្មោកគ្រោកទាំងអស់ និងជម្រកសម្រាប់វិញ្ញាណមិនស្អាត ព្រមទាំងសំបុកសត្វដែលគួរស្អប់ខ្ពើមទាំងអស់ផងដែរ។
3ដ្បិត ប្រជាជាតិទាំងអស់បានស្រវឹងដោយស្រានៃអំពើប្រាស់ចាកសីលធម៌របស់នាង។ ពួកស្តេចនៅផែនដីបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ជាមួយនាង។ ហើយអ្នកជំនួញនៅផែនដីបានត្រឡប់ទៅជាអ្នកមានដោយសារអំណាចនៃភាពត្រេកត្រអាលនៃការរស់នៅរបស់ទីក្រុងនោះ»។
4ខ្ញុំបានឮសម្លេងមួយទៀតពីស្ថានបរមសុខមកថា៖ «ប្រជារាស្រ្តរបស់យើងអើយ! ចូរចេញពីនាងមក! ដើម្បីកុំឲ្យអ្នករាល់គ្នាមានចំណែកនៅក្នុងបាបរបស់នាងឡើយ និងដើម្បីកុំឲ្យអ្នករាល់គ្នាបានទទួលគ្រោះកាចណាមួយរបស់នាងដែរ។
5បាបរបស់ក្រុងនោះបានគរឡើងខ្ពស់ស្មើមេឃហើយ ហើយព្រះជាម្ចាស់បានចងចាំអំពើអាក្រក់របស់ក្រុងនោះទាំងអស់។
6ចូរសងដល់ក្រុងនោះ តាមអ្វីដែលក្រុងនោះបានធ្វើឲ្យអ្នកផ្សេងដែរ ចូរសងក្រុងនោះទ្វេរដងដើម្បីអ្វីដែលក្រុងនោះបានធ្វើ នៅក្នុងពែងដែលក្រុងនោះបានលាយ ចូរលាយពីរដងនៃចំនួនដែលក្រុងនោះបានលាយដែរ។
7ក្រុងនោះបានតម្កើងខ្លួន ហើយរស់នៅក្នុងជីវិតដ៏ ប្រណិតយ៉ាងណា ចូរឲ្យក្រុងនោះមានការឈឺចាប់ និងកាន់ទុក្ខយ៉ាងនោះដែរ។ ដ្បិត ក្រុងនោះបាននិយាយនៅក្នុងចិត្តរបស់នាងថា៖ «អញនឹងសោយរាជ្យក្នុងនាមជាម្ចាស់ក្សត្រី អញមិនមែនជាស្ត្រីមេម៉ាយឡើយ ហើយអញនឹងមិនកាន់ទុក្ខឡើយ»។
8ដូច្នេះហើយ នៅថ្ងៃមួយ នឹងមានគ្រោះកាចផ្សេងៗកើតឡើយនៅក្នុងក្រុងនោះ ដូចជា៖ សេចក្តីស្លាប់ ការកាន់ទុក្ខ និងគ្រោះអត់ឃ្លានជាដើម។ ក្រុងនោះនឹងត្រូវឆេះដោយសារភ្លើង ដ្បិត ព្រះជាអម្ចាស់ដែលជំនុំជម្រះក្រុងនោះ ព្រះអង្គមានឬទ្ធិចេស្តា»។
9ពួកស្តេចនៃផែនដីដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទជាមួយក្រុងនេះ ហើយបានឈ្លក់រង្វេងជាមួយនឹងក្រុងនេះ នឹងទ្រហោយំ ហើយទួញសោក នៅពេលពួកគេឃើញផ្សែងដែលកំពុងឆេះក្រុងនោះ។
10ពួកគេនឹងឈរនៅពីចម្ងាយ ភ័យខ្លាចជាមួយនឹងទារុណកម្មរបស់ក្រុងនោះ ហើយនិយាយថា៖ «វេទនាហើយ ទីក្រុងដ៏ធំវេទនាហើយ បាប៊ីឡូន ជាក្រុងខ្លាំងពូកែ! ដើម្បីសេចក្តីជំនុំជម្រះរបស់អ្នកបានសម្រេចក្នុងរយៈពេលតែមួយម៉ោងប៉ុណ្ណោះ»។
11ពួកអ្នកជំនួញនៅលើផែនដីទ្រហោយំ ហើយកាន់ទុក្ខឲ្យទីក្រុងនោះ តាំងពីពេលនោះមកគ្មាននរណាទិញទំនិញរបស់ទីក្រុងនោះទៀតទេ។
12ទំនិញទាំងនោះមានដូចជា៖ មាស ប្រាក់ត្បូងដ៏មានតម្លៃ គជ់ ក្រណាត់ទេសឯក ក្រណាត់ពណ៌ស្វាយ ក្រណាត់សូត្រ ក្រណាត់ពណ៌ក្រហមទែងយ៉ាងស្អាត និងឈើក្រអូបគ្រប់ប្រភេទ ភាជនៈដែលធ្វើពីភ្លុកគ្រប់យ៉ាង និងភាជនៈដែលមានតម្លៃបំផុត ធ្វើពីឈើ លង្ហិន ដែក និងពីថ្មកែវ
13ហើយមានសំបកដើមសម្បុរល្វែង គ្រឿងក្រអូប កំញាន ជ័រល្វីងទេស គ្រឿងក្រអូបសម្រាប់ដុត ស្រាទំពាំងបាយជូរ ប្រេង ម្សៅម៉ដ្ដ ស្រូវសាលី គោរក្របី និងចៀម ហ្វូងសេះ និងរទេះ ព្រមទាំងទាសករ និងព្រលឹងមនស្សផង។
14ផ្លែឈើដែលអ្នកប្រាថ្នាចង់បានយ៉ាងអស់ពីចិត្តនោះ បានចេញពីអ្នកបាត់ទៅហើយ។ អ្វីៗដែលប្រណិតទាំងអស់ និងភាពរុងរឿងក៏បាត់បង់ពីអ្នកដែរ រកលែងឃើញទៀតហើយ។
15ពួកអ្នកជំនួញនៃរបស់ទាំអស់នេះ ដែលបានក្លាយជាអ្នកមាន ដោយសារក្រុងនេះ នឹងឈរមើលក្រុងនេះ ពីចម្ងាយ ដោយសារមានការភ័យខ្លាចដោយព្រោះការឈឺចាប់របស់ក្រុងនោះ ពួកគេទ្រហោរយំជាខ្លាំង ហើយកាន់ទុក្ខផង។
16ពួកគេនឹងនិយាយថា៖ «វេទនាហើយ ទីក្រុងដ៏ធំដែលស្លៀកពាក់ក្រណាត់ទេសឯក ក្រណាត់ពណ៌ស្វាយ ក្រណាត់ពណ៌ក្រហមទែង ហើយតុបតែងខ្លួនជាមួយនឹងមាស គ្រឿងអលង្ការ និងគជ់យ៉ាងស្អាតវេទនាហើយ!
17នៅក្នុងរយៈពេលតែមួយម៉ោង ទ្រព្យសម្បិត្តទាំងអស់ត្រូវបានបំផ្លាញ»។ អ្នកបើកនាវា អ្នកធ្វើដំណើរតាមនាវា កម្មករនាវា និងអស់អ្នកដែលចិញ្ចឹមជីវិតដោយសារសមុទ្រ បានត្រឹមឈរមើលពីចម្ងាយ។
18ពួកគេស្រែកឡើងជាខ្លាំង នៅពេលមើលឃើញផ្សែងដែលកំពុងឆេះទីក្រុងនោះ។ ពួកគេនិយាយថា៖ «តើក្រុងណា ដូចក្រុងដ៏ធំនេះបាន?»
19ពួកគេបាចដីនៅលើក្បាលរបស់ពួកគេ ស្រែកឡើងជាខ្លាំង ទាំងទ្រហោរយំ ព្រមទាំងកាន់ទុក្ខផងថា៖ «វេទនាហើយ ទីក្រុងដ៏ធំវេទនាហើយ ជាទីក្រុងដែលអស់អ្នកដែលមាននាវានៅសមុទ្រ បានក្លាយជាអ្នកមានដោយសារទ្រព្យសម្បត្តិរបស់ទីក្រុងនោះ។ ដ្បិត ទីក្រុងនេះ ត្រូវបំផ្លាញក្នុងរយៈពេលតែមួយម៉ោងប៉ុណ្ណោះ»។
20ឱស្ថានបរមសុខអើយ ឱពួកអ្នកជឿអើយ ឱពួកសាវ័កអើយ ឱ ពួកព្យាការីអើយ ចូរមានអំណរដោយព្រោះទីក្រុងនេះ ដ្បិត ព្រះជាម្ចាស់បាននាំសេចក្តីជំនុំជម្រះដល់ទីក្រុងនេះហើយ!»។
21ទេវតាដ៏ខ្លាំងពូកែម្នាក់បានយកថ្មមួយដូចជាត្បាល់កិន ហើយបោះចូលទៅក្នុងសមុទ្រ និយាយថា៖ «នេះគឺជារបៀបដែលទីក្រុងដ៏ធំរបស់បាប៊ីឡូនត្រូវបោះចោលបែបនេះដែរ គ្មាននរណាអាចឃើញក្រុងនេះទៀតទេ។
22គេនឹងលែងឮសម្លេងអ្នកលេងពិណ អ្នកតន្រ្តី អ្នកលេងខ្លុយ អ្នកលេងត្រែនៅក្នុងទីក្រុងនេះទៀតហើយ។ ហើយគេក៏លែងឃើញពួកជាងគ្រប់ប្រភេទនៅក្នុងទីក្រុងនេះទៀតដែរ។ គ្មានសម្លេងត្បាល់កិនក៏លែងឮទៀតដែរ។
23ហើយពន្លឺភ្លើងក៏លែងមានពន្លឺនៅក្នុងទីក្រុងនេះទៀតដែរ។ សម្លេងរបស់កូនកម្លោះ និងកូនក្រមុំក៏លែងឮនៅក្នុងក្រុងនេះទៀតដែរ ដ្បិតពួកអ្នកជំនួញរបស់ក្រុងនេះគឺជាអ្នកធំនៅផែនដីនេះ ហើយប្រជាជាតិទាំងឡាងបោកប្រាស់ទីក្រុងនេះដោយសារអំពើមន្តអាគមរបស់ក្រុងនេះដែរ។
24នៅក្នុងនេះ ឃើញមានឈាមរបស់ពួកព្យាការី និងពួកអ្នកជឿ ព្រមទាំងឈាមរបស់អ្នកដែលបានសម្លាប់នៅលើផែនដីដែរ។