1បន្ទាប់មក ខ្ញុំបានឃើញសត្វសាហាវបានលេចមកពីសមុទ្រ។ វាមានស្នែងដប់ ហើយក្បាលប្រាំពីរ។ នៅលើស្នែងរបស់វា មានមកុដដប់ ហើយនៅលើក្បាលនីមួយៗរបស់វាមានឈ្មោះដែលប្រមាថព្រះជាម្ចាស់។
2សត្វសាហាវ ដែលខ្ញុំបានឃើញនេះ មានរាងដូចជាខ្លារខិន។ ជើងរបស់វាដូចជាជើងរបស់ខ្លាឃ្មុំ ហើយមាត់របស់វាដូចជាមាត់របស់សត្វតោ។ សត្វនាគបានប្រគល់អំណាចរបស់វាទៅសត្វសាហាវ និងបល័្លង្ក ព្រមទាំងសិទ្ធិអំណាចដ៏ធំរបស់វាឲ្យសត្វសាហាវគ្រប់គ្រង។
3ក្បាលមួយរបស់សត្វសាហាវហាក់បីដូចជាត្រូវបានសម្លាប់ ប៉ុន្តែរបួសរបស់វាបានជាសះស្បើយវិញ។ ផែនដីទាំងមូលមានការស្ងប់ស្ញែង ហើយពួកគេដើរតាមសត្វសាហាវនោះ។
4ពូកគេក៏ថ្វាយបង្គំសត្វនាគ ដើម្បីវាបានប្រគល់សិទ្ធិអំណាចទៅសត្វសាហាវនោះ។ ពួកគេក៏ថ្វាយបង្គំសត្វសាហាវនេះដែរ ហើយបន្តនិយាយថា «តើអ្នកណាដូចជាសត្វសាហាវនេះ?» ហើយតើអ្នកណាអាចតយុទ្ធជាមួយវាបាន?»
5សត្វសាហាវត្រូវបានទទួលអំណាចក្នុងការនិយាយពាក្យប្រមាថព្រះជាម្ចាស់។ វាត្រូវបានអនុញ្ញាតឲ្យប្រើសិទ្ធិអំណាចក្នុងរយៈពេលសែសិបពីរខែ។
6ដូច្នេះ សត្វសាហាវបានបើកមាត់របស់វានិយាយពាក្យប្រមាថទាស់នឹងព្រះជាម្ចាស់ វាប្រមាថព្រះនាមរបស់ព្រះអង្គ នៅកន្លែងដែលវារស់នៅ ហើយនិងអស់អ្នកដែលរស់នៅស្ថានសួគ៌។
7សត្វសាហាវត្រូវបានអនុញ្ញាតឲ្យធ្វើសង្គ្រាមជាមួយពួកអ្នកជឿ និងដើម្បីយកឈ្នះលើពួកគេ។ ហើយត្រូវបានប្រគល់សិទ្ធិអំណាចដល់គ្រប់ទាំងអំបូរ គ្រប់ជនជាតិ គ្រប់ភាសា និងគ្រប់ប្រជាជាតិផងដែរ។
8អស់អ្នកដែលរស់នៅលើផែនដីនឹងថ្វាយបង្គំវា អស់អ្នកដែលមិនបានសរសេរឈ្មោះ តាំងពីដើមកំណើតនៃពិភពលោក និងនៅក្នុងសៀវភៅនៃជីវិត ដែលជាកម្មសិទ្ធិរបស់កូនចៀម ដែលត្រូវគេសម្លាប់។
9អស់អ្នកដែលមានត្រចៀក ចូរឲ្យអ្នកនោះស្តាប់ចុះ។
10ប្រសិនបើ នរណាម្នាក់ជាប់ជាឈ្លើយ អ្នកនោះនឹងធ្លាក់ទៅជាឈ្លើយវិញ។ បើអ្នកណាត្រូវគេសម្លាប់ដោយមុខដាវ អ្នកនោះនឹងត្រូវស្លាប់ដោយមុខដាវ។ ពេលនេះគឺជាពេលដែលពួកបរិសុទ្ធត្រូវការការស៊ូទ្រាំអត់ធ្មត់ និងជំនឿ។
11បន្ទាប់មក ខ្ញុំបានឃើញសត្វសាហាវមួយទៀតបានចេញមកពីផែនដី។ វាមានស្នែងពីរដូចជាកូនចៀម ហើយវានិយាយដូចជាសត្វនាគ។
12វាប្រើសិទ្ធិអំណាចរបស់សត្វសាហាវទីមួយទាំងអស់ ហើយបានធ្វើឲ្យផែនដី និងអស់អ្នកដែលរស់នៅលើផែនដីថ្វាយបង្គំសត្វសាហាវទីមួយនោះ ជាសត្វដែលមានរបួសស្ទើស្លាប់ តែបានជាសះស្បើយវិញ។
13វាបានសម្ដែងការអស្ចារ្យជាច្រើន។ វាអាចធ្វើសូម្បីតែឲ្យភ្លើងពីស្ថានសួគ៌ធ្លាក់មកលើផែនដីមកលើមនុស្សលោក។
14ដោយសារ វាបានទទួលការអនុញ្ញាណឲ្យធ្វើទីសម្គាល់ទាំងនេះ។ វាបានបោកប្រាស់អស់អ្នកដែលរស់នៅលើផែនដី វាត្រូវបានប្រាប់ឲ្យមនុស្សឆ្លាក់រូបដើម្បីថ្វាយបង្គំសត្វសាហាវដែលមានមានរបួសដោយដាវ ប៉ុន្តែ នៅមានជីវិតរស់។
15វាត្រូវបានអនុញ្ញាតឲ្យផ្តល់ខ្យល់ដង្ហើមដល់រូបឆ្លាក់របស់សត្វសាហាវ ដើម្បីឲ្យរូបឆ្លាក់នោះអាចនិយាយបាន ហើយធ្វើឲ្យអស់អ្នកដែលបដិេសធមិនថ្វាយបង្គំសត្វនោះស្លាប់បាន។
16វាក៏បង្ខំដល់មនុស្សគ្រប់គ្នាដែរ ទាំងអ្នកតូច និងអ្នកធំ ទាំងអ្នកមាន និងអ្នកក្រ ទាំងអ្នកមានសេរីភាព និងអ្នកបម្រើ ឲ្យទទួលសញ្ញាសម្គាល់នៅលើដៃស្តាំ ឬនៅលើថ្ងាស់របស់ពួកគេ។
17មនុស្សគ្រប់គ្នាមិនអាចទិញ ឬលក់បានទេ ប្រសិនបើ ពួកគេគ្មានសញ្ញាសម្គាល់ ឬលេខដើម្បីបង្ហាញពីឈ្មោះរបស់សត្វសាហាវនោះទេ។
18ការនេះ ត្រូវការប្រាជ្ញា។ ប្រសិនបើ នរណាមានការយល់ដឹង ចូរឲ្យអ្នកនោះរាប់ចំនួនរបស់សត្វសាហាវចុះ។ ដ្បិត វាជាចំនួននៃមនុស្សលោក។ ចំនួនរបស់វាគឺ ៦៦៦។