ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

វិវរណៈ 12

Read Scripture freely. Divine Threads study for this chapter is coming later.

1ឃើញមានទីសម្គាល់មួយយ៉ាងធំនៅស្ថានសួគ៌៖ មានស្រី្តម្នាក់ ស្លៀកពាក់ដោយសារព្រះអាទិត្យ ហើយព្រះច័ន្ធនៅក្រោមជើងនាង ហើយមានមកុដផ្កាយដប់ពីរនៅលើក្បាលរបស់នាង។
2នាងមានផ្ទៃពោះ ហើយនាងយំឈឺចាប់យ៉ាងខ្លាំង ដូចឈឺចាប់ពេលសម្រាលកូន។
3ឃើញមានទីសម្គាល់មួយផ្សេងទៀតនៅក្នុងស្ថានសួគ៌៖ មើល៍!​ មានសត្វនាគក្រហមមួយយ៉ាងធំ ដែលមានក្បាលប្រាំពីរ និងស្នែងដប់ ហើយមានមកុដប្រាំពីរនៅលើក្បាលរបស់វា។
4កន្ទុយរបស់វាបានកៀរយកផ្កាយមួយភាគ​​​បីនៅក្នុងស្ថានសួគ៌ ហើយបោះទម្លាក់ពួកគេទៅក្នុងផែនដី។ សត្វនាគឈរនៅចំពោះស្រី្តដែលរៀបនឹងសម្រាលកូន ដើម្បីស៊ីកូនរបស់នាង នៅពេលនាងសម្រាលកូននោះ។
5នាងបានសម្រាលកូនប្រុសមួយ ដែលនឹងត្រូវគ្រប់គ្រងលើប្រជាជាតិទាំងអស់ដោយដំបងដែក។ កូនប្រុសរបស់នាងនឹងត្រូវបានឆក់យកទៅឯព្រះជាម្ចាស់ និងទៅឯបល័ង្ករបស់ព្រះអង្គ។
6ហើយស្រី្តនោះបានរត់ទៅឯទីរហោស្ថាន ជាកន្លែងដែលព្រះជាម្ចាស់បានរៀបចំសម្រាប់នាង ដើម្បីឲ្យនាងបានទទួលការមើលថែក្នុងរយៈពេល ១២៦០ថ្ងៃនៅទីនោះ។
7ឥឡូវនេះ មានសង្គ្រាមនៅស្ថានសួគ៌។ មហា​ទេវតា​មីកែល និងពួកទេវតាធ្វើសង្គ្រាមជាមួយនឹងសត្វនាគ ហើយសត្វនាគ និងពួកទេវតារបស់វាក៏បានច្បាំងតបតវិញដែរ។
8ប៉ុន្តែ សត្វនាគមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីយកឈ្នះបានទេ។ ដូច្នេះ នៅស្ថានបរមសុខលែងមានកន្លែងសម្រាប់វា និងពួកទេវតារបស់វាទៀតហើយ។
9សត្វនាគដ៏ធំ គឺជាសត្វពស់បុរាណដែលហៅថា មារ ឬសាតាំង គឺជាអ្នកបោកប្រាស់ពិភពលោកទាំងមូល ត្រូវបោះចូលមកលើផែនដី រួមជាមួយនឹងពួកទេវតារបស់វាក៏ត្រូវបោះចោលមកជាមួយវាដែរ។
10បន្ទាប់មក ខ្ញុំបានឮសម្លេងយ៉ាងខ្លាំងនៅស្ថានបរមសុខថា៖ «ពេលនេះ សេចក្តីសង្គ្រោះ ព្រះចេស្តា និងព្រះរាជ្យរបស់ព្រះជាម្ចាស់នៃយើង និងសិទ្ធិអំណាចរបស់ព្រះគ្រិស្តបានមកដល់ហើយ។ ដ្បិត មេចោទប្រកាន់បងប្អូនរបស់យើងត្រូវបានទម្លាក់ចុះ ពួកគេហើយដែលចោទប្រកាន់បងប្អូនយើងនៅចំពោះព្រះជាម្ចាស់នៃយើងទាំងយប់ទាំងថ្ងៃនោះ។
11ពួកគេបានយកឈ្នះវាដោយសារលោហិតរបស់កូនចៀម និងពាក្យនៃទីបន្ទាល់របស់ពួកគេ ដើម្បីពួកគេមិនបានស្រឡាញ់ជីវិតរបស់ពួកគេទេ ទោះបីជាពួកគេស្លាប់ក្តី។
12ដូច្នេះហើយ ឱស្ថានសួគ៌ និងពួកអ្នកដែលនៅស្ថានសួគ៌អើយ ចូរមានអំណរឡើង។ ប៉ុន្តែ វេទនាដល់ផែនដី និងសមុទ្រ ដោយសារមារបានចុះមកឯអ្នកហើយ។ វាពេញដោយកំហឹង ដោយសារវាដឹងថា វាមានពេលតែបន្តិចទៀតទេ។
13នៅពេលសត្វនាគដឹងថា វាត្រូវបានទម្លាក់មកលើផែនដី វាបានដេញតាមស្រ្តីដែលសម្រាលបានកូនប្រុសនោះ។
14ប៉ុន្តែ ស្រ្តីនោះបានទទួលស្លាបរបស់ឥន្ត្រីដ៏ធំពីរ ដើម្បីឲ្យនាងអាចរត់គេចទៅកន្លែងដែលបានរៀបចំទុកសម្រាប់នាងនៅក្នុងទីរហោស្ថាន។ នេះគឺជាកន្លែងដែលនាងត្រូវបានមើលថែ មួយពេល មួយពេល និងកន្លះពេល ចេញពីវត្តមានរបស់សត្វពស់។
15សត្វពស់បានព្រួសពិសចេញពីមាត់របស់វាដូចជាទឹកទន្លេ ដើម្បីឲ្យមានជាទឹកជំនន់បំផ្លាញនាង។
16ប៉ុន្តែ ផែនដីបានជួយនាង។ ផែនដីបានបើកមាត់របស់វាឡើង ហើយលេបទឹកទន្លេដែលសត្វនាគបានព្រួសពិសចេញពីមាត់របស់វានោះ។
17បន្ទាប់មក សត្វនាគមានកំហឹងជាខ្លាំងចំពោះស្រ្តីនោះ ហើយបានចេញទៅធ្វើសង្គ្រាមជាមួយពូជពង្សទាំងអស់របស់នាង អស់អ្នកដែលស្តាប់បង្គាប់បញ្ជារបស់ព្រះជាម្ចាស់ ហើយកាន់ខ្ជាប់បន្ទាល់របស់ព្រះយេស៊ូ។
18បន្ទាប់មក សត្វពោះបានឈរឡើងនៅលើដីខ្សាច់នៅមាត់សមុទ្រ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។