1ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់ ឱផែនដីទាំងមូលអើយ ចូរច្រៀងថ្វាយព្រះអម្ចាស់។
2ចូរច្រៀងថ្វាយព្រះអម្ចាស់ចូរសរសើរតម្កើងព្រះនាមព្រះអង្គ ចូរប្រកាសពីការសង្គ្រោះរបស់ព្រះអង្គរាល់ថ្ងៃ។
3ចូរប្រកាសពីសិរីល្អរបស់ព្រះអង្គ ក្នុងចំណោមជនជាតិផ្សេងៗ និងពីការអស្ចារ្យរបស់ព្រះអង្គ ក្នុងចំណោមប្រជាជនទាំងឡាយ។
4ដ្បិតព្រះអម្ចាស់ប្រសើរឧត្តម ហើយគួរសរសើរក្រៃលែង ព្រះអង្គគួរជាទីស្ញែងខ្លាច លើសជាងអស់ទាំងព្រះ។
5ដ្បិតអស់ទាំងព្រះរបស់ប្រជាជនផ្សេងៗ សុទ្ធតែជារបស់ឥតប្រយោជន៍ តែព្រះអម្ចាស់វិញ ទ្រង់បានបង្កើតផ្ទៃមេឃ។
6កិត្តិយស និងតេជានុភាពស្ថិតនៅចំពោះព្រះអង្គ ឥទ្ធិឫទ្ធិ និងសោភ័ណភាព នៅក្នុងទីបរិសុទ្ធរបស់ព្រះអង្គ។
7ចូរលើកតម្កើងព្រះអម្ចាស់ អស់ទាំងពូជពង្សនៃប្រជាជនទាំងឡាយអើយ ចូរថ្វាយសិរីល្អ និងឫទ្ធានុភាពដល់ព្រះអម្ចាស់។
8ចូរថ្វាយសិរីល្អដល់ព្រះអម្ចាស់ ឲ្យស័ក្ដិសមនឹងព្រះនាមព្រះអង្គ។ ចូរនាំយកតង្វាយចូលមកក្នុងទីលាន របស់ព្រះអង្គ។
9ចូរថ្វាយបង្គំព្រះអម្ចាស់ ដោយពាក់គ្រឿងដ៏បរិសុទ្ធ ឱផែនដីទាំងមូលអើយ ចូរញាប់ញ័រនៅចំពោះព្រះអង្គចុះ។
10ចូរពោលនៅក្នុងចំណោមជាតិសាសន៍នានាថា«ព្រះអម្ចាស់ សោយរាជ្យ»។ ពិភពលោកបានតាំងឡើងយ៉ាងមាំមួន ឥតរង្គើសោះឡើយ។ ព្រះអង្គនឹងជំនុំជម្រះប្រជាជនទាំងឡាយ ដោយយុត្តិធម៌។
11ចូរឲ្យផ្ទៃមេឃរីករាយឡើង ហើយឲ្យផែនដីបានត្រេកអរ ចូរឲ្យសមុទ្រលាន់ឮកងរំពង ព្រមទាំងអ្វីៗសព្វសារពើនៅទីនោះដែរ។
12ចូរឲ្យស្រែចម្ការ និងអ្វីៗនៅទីនោះ សប្បាយរីករាយឡើង! នោះដើមឈើទាំងប៉ុន្មាននៅក្នុងព្រៃព្រឹក្សា នឹងច្រៀងដោយអំណរ
13នៅចំពោះព្រះអម្ចាស់ដ្បិតព្រះអង្គយាងមក ដ្បិតព្រះអង្គយាងមកជំនុំជម្រះផែនដី។ ព្រះអង្គនឹងជំនុំជម្រះពិភពលោក ដោយសេចក្ដីសុចរិត ហើយជំនុំជម្រះប្រជាជនទាំងឡាយ ដោយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ។