1ព្រះអម្ចាស់សោយរាជ្យ ចូរឲ្យផែនដីបានត្រេកអរ ចូរឲ្យកោះជាច្រើនរីករាយឡើង។
2មានពពកយ៉ាងក្រាស់ ហើយងងឹតនៅព័ទ្ធជុំវិញព្រះអង្គ សេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ ជាគ្រឹះទ្រទ្រង់បល្ល័ង្ករបស់ព្រះអង្គ។
3មានភ្លើងចេញទៅនៅមុខព្រះអង្គ ហើយបញ្ឆេះបច្ចាមិត្តរបស់ព្រះអង្គ ដែលនៅជុំវិញ។
4ផ្លេកបន្ទោររបស់ព្រះអង្គក៏បំភ្លឺពិភពលោក ផែនដីក៏ឃើញ ហើយញាប់ញ័រ។
5ភ្នំទាំងឡាយរលាយដូចក្រមួន នៅចំពោះព្រះអម្ចាស់ គឺនៅចំពោះព្រះអម្ចាស់នៃផែនដីទាំងមូល។
6ផ្ទៃមេឃប្រកាសពីសេចក្ដីសុចរិតរបស់ព្រះអង្គ ហើយប្រជាជនទាំងអស់ ឃើញសិរីល្អរបស់ព្រះអង្គ។
7អស់អ្នកដែលថ្វាយបង្គំរូបឆ្លាក់នឹងត្រូវអាម៉ាស់ គឺជាអ្នកដែលអួតអាងពីរូបព្រះ ដែលឥតប្រយោជន៍របស់គេ ព្រះទាំងឡាយអើយ ចូរថ្វាយបង្គំព្រះអង្គ!
8ព្រះអម្ចាស់ ក្រុងស៊ីយ៉ូនបានឮ ហើយរីករាយ ពួកកូនស្រីនៃជនជាតិយូដាមានចិត្តត្រេកអរ ដោយព្រោះការជំនុំជម្រះរបស់ព្រះអង្គ។
9ដ្បិត ឱព្រះអម្ចាស់អើយ ព្រះអង្គជាព្រះដ៏ខ្ពស់បំផុត។ នៅលើផែនដីទាំងមូល ព្រះអង្គបានថ្កើងឡើងលើសជាងព្រះទាំងនោះ។
10អស់អ្នកដែលស្រឡាញ់ព្រះអម្ចាស់អើយ ចូរស្អប់អំពើអាក្រក់! ព្រះអង្គការពារជីវិតពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ ព្រះអង្គរំដោះគេឲ្យរួចពីកណ្ដាប់ដៃ មនុស្សអាក្រក់។
11មានពន្លឺបានសាបព្រោះ សម្រាប់មនុស្សសុចរិត ហើយអំណរសម្រាប់មនុស្ស ដែលមានចិត្តទៀងត្រង់។
12ឱមនុស្សសុចរិតអើយ ចូរត្រេកអរក្នុងព្រះអម្ចាស់ ហើយអរព្រះគុណដល់ព្រះនាមបរិសុទ្ធ របស់ព្រះអង្គ។