ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 95

Read Scripture freely. Divine Threads study for this chapter is coming later.

1សូម​​មក យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់! ចូរ​ស្រែក​ច្រៀង​ដោយ​អំណរ ថ្វាយ​ព្រះ‌ជាម្ចាស់​ដែល​ជា​ថ្ម‌ដា​សង្គ្រោះ​យើង។
2ចូរ​យើង​នាំ​គ្នា​ចូល​មក​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ទាំង​អរ​ព្រះ‌គុណ និង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ។
3ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ ដ៏​ខ្ពង់‌ខ្ពស់​លើស​ព្រះ​ផ្សេងៗ។
4ព្រះអង្គ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់ គឺ​ចាប់​តាំង​ពី​បាត​ដី​រហូត​ដល់​ចុង​កំពូល​ភ្នំ។
5សមុទ្រ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​បង្កើត​សមុទ្រ​មក ផែនដី​ក៏​ព្រះអង្គ​បាន​បង្កើត​មក​ដែរ។
6ចូរ​នាំ​គ្នា​មក យើង​នឹង​ឱន​កាយ​ថ្វាយ‌បង្គំ​ព្រះអង្គ ចូរ​យើង​ក្រាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដែល​បាន​បង្កើត​យើង​មក។
7ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃ​យើង យើង​ជា​ប្រជា‌រាស្ត្រ​ដែល​ព្រះអង្គ​ថែ‌រក្សា ជា​ហ្វូង​ចៀម​ដែល​ព្រះអង្គ​ដឹក​នាំ។ ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង របស់​ព្រះអង្គ!
8មិន​ត្រូវ​តាំង​ចិត្ត​រឹង‌រូស ដូច​កាល​នៅ​មេរីបា ឬ​ដូច​កាល​ថ្ងៃ​នៅ​ម៉ាសា ក្នុង​ទី​រហោ‌ស្ថាន​នោះ​ឡើយ។
9ជា​គ្រា​ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា បាន​ល្បង​ល​យើង ហើយ​សាក​មើល​យើង ទោះ​បើគេបាន​ឃើញ​កិច្ច​ការ ដែល​យើង​ធ្វើ​ក៏​ដោយ។
10យើង​មាន​ចិត្ត​ឆ្អែត​ឆ្អន់​នឹង​មនុស្ស​ជំនាន់​នោះ អស់រយៈ​ពេល​សែសិប​ឆ្នាំ ហើយ​ថា «គេ​ជា​ប្រជាជន​ដែល​មាន​ចិត្ត​វង្វេង គេ​មិន​ស្គាល់​ផ្លូវ​របស់​យើង​ឡើយ»។
11ហេតុ​នេះ យើង​បាន​ស្បថទាំង​កំហឹង របស់​យើង​ថា «ពួក‌គេ​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក របស់​យើង​ឡើយ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។