ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 94

Read Scripture freely. Divine Threads study for this chapter is coming later.

1ឱ​ព្រះ‌អម្ចាស់អើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​ការ​សង‌សឹក ឱ​ព្រះ​នៃ​ការ​សង‌សឹក​អើយ សូម​ភ្លឺ​មក។
2ឱ​ចៅ‌ក្រម​នៃ​ផែនដី​អើយ សូម​ក្រោក​ឡើង សូម​សង​ដល់​មនុស្ស​អំនួត ឲ្យ​សម​នឹង​អំពើ​របស់​គេ។
3ឱ​ព្រះ‌អម្ចាស់​អើយ តើ​មនុស្ស​អាក្រក់​នឹង​នៅ​ដល់​កាល​ណា តើ​មនុស្ស​អាក្រក់​នឹង​តម្កើង​ខ្លួន ដល់​កាល​ណា​ទៀត?
4ពួកគេ​បង្ហូរ​ចេញ​ជា​ពាក្យ​ព្រហើន អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់គេ​នាំ​គ្នា​អួត​អាង។
5ឱ​ព្រះ‌អ្្ចាស់អើយ គេ​ញាំ‌ញី​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ធ្វើ​ទុក្ខ​មរតករបស់​ព្រះ‌អង្គ។
6គេ​សម្លាប់​ស្ត្រី​មេម៉ាយ និង​ពួក​អ្នក​ស្នាក់​អាស្រ័យ គេ​ធ្វើ​ឃាត​ក្មេង​កំព្រា។
7ហើយគេ​ពោល​ថា «ព្រះ‌អម្ចាស់មើល​មិន​ឃើញ​ទេ ព្រះ​របស់លោក​យ៉ាកុប​មិន​រវីរវល់​ឡើយ»។
8ឱ​មនុស្ស​កំរោល​ក្នុង​បណ្ដា‌ជន​អើយ ចូរ​ស្វែង​យល់ទៅ! មនុស្សល្ងង់​ខ្លៅ​អើយ តើ​ពេល​ណា​ទើបអ្នក​រាល់​គ្នា​មាន​ប្រាជ្ញា?
9ព្រះ‌អង្គ​ដែល​បាន​បង្កើត​ត្រចៀក​មក តើ​ព្រះ‌អង្គ​មិន​ឮ​ទេ​ឬ? ព្រះ‌អង្គ​ដែល​បាន​សូន​ធ្វើ​ភ្នែក តើ​ព្រះ‌អង្គ​មើល​មិន​ឃើញ​ទេ​ឬ?
10ព្រះ‌អង្គ​ដែល​វាយ​ប្រដៅ​គ្រប់ទាំងជនជាតិ តើ​ព្រះ‌អង្គ​មិន​វាយ​ផ្ចាល​ទេ​ឬ? ព្រះ‌អង្គ​ដែល​បង្រៀន​មនុស្ស​ឲ្យ​មាន​ចំណេះ។
11ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ជ្រាប​គំនិត​របស់​មនុស្សថា គេ​ជា​មនុស្ស​ដែល​នៅ​តែ​មួយ​ដង្ហើមប៉ុណ្ណោះ។
12ឱ​ព្រះ‌អម្ចាស់អើយ មាន​ពរ​ហើយ មនុស្ស​ណា​ដែលព្រះ‌អង្គ​វាយ​ផ្ចាល ហើយ​បង្ហាត់​បង្រៀន​តាម​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ។
13ដើម្បីប្រទាន​ឲ្យ​គេ​បាន​សម្រាក​នៅ​ថ្ងៃ​អាក្រក់ ដរាប​ដល់​គេ​ជីក​រណ្តៅ ទុក​សម្រាប់​មនុស្សអាក្រក់។
14ដ្បិត​ព្រះ‌អម្ចាស់នឹង​មិន​បោះ​បង់​ចោល ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ឡើយ ព្រះ‌អង្គ​នឹង​មិន​បោះ‌បង់​មរតក​របស់​ព្រះ‌អង្គ ចោល​ជាដាច់​ខាត។
15ដ្បិត​យុត្តិធម៌​នឹង​វិល​មក​រក​មនុស្ស​សុចរិត​វិញ ហើយ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់ នឹង​ប្រព្រឹត្ត​តាម។
16តើ​អ្នក​ណា​ក្រោក​ឡើង​ជំនួស​ខ្ញុំ ដើម្បីទាស់នឹង​មនុស្ស​អាក្រក់? តើ​អ្នក​ណា​ឈរ​ឡើង​ជំនួស​ខ្ញុំ ដើម្បី​នឹង​អស់អ្នក ដែល​ប្រព្រឹត្តអំពើ​ទុច្ចរិត?
17ប្រសិន‌បើ​ព្រះ‌អម្ចាស់មិន​បាន​ជួយ​ខ្ញុំ​ទេ ព្រលឹង​ខ្ញុំ​មុខ​ជាបានទៅ​នៅ ក្នុង​ស្ថាន​ស្ងាត់​ឈឹង​ភ្លាម​មិន​ខាន។
18ឱ​ព្រះ‌អម្ចាស់​អើយ កាល​ទូល‌បង្គំ​គិត​ថា «ជើង​ទូល‌បង្គំ​រអិល​ហើយ» នោះព្រះ‌ហឫ‌ទ័យសប្បុរស​របស់​ព្រះ‌អង្គ ជួយ​ទ្រ​ទូល‌បង្គំ។
19កាល​ទូល‌បង្គំ​មាន​កង្វល់​ជា​ច្រើន​នៅ​ក្នុង​ចិត្ត នោះ​ការ​កម្សាន្ត​ចិត្ត​របស់​ព្រះ‌អង្គ ធ្វើឲ្យ​ព្រលឹង​ទូល‌បង្គំ​បាន​រីក‌រាយ។
20តើ​ពួក​មេ​នៃ​សេចក្ដី​អាក្រក់ គឺ​អស់​អ្នក​ដែល​បង្កើតរឿង​ប្រទូស‌រ៉ាយ ដោយ​អាង​មាត្រា​ច្បាប់ អាច​មានសម្ព័ន្ធ​មិត្ត​ជាមួយ​ព្រះ‌អង្គ​បាន​ឬ?
21ពួកគេ​លើក​គ្នា​ទាស់​នឹង​ជីវិត​មនុស្ស​សុចរិត ហើយ​គេ​កាត់​ទោស​ប្រហារ​ជីវិត មនុស្ស​ស្មោះ‌ត្រង់។
22ប៉ុន្តែ ព្រះ‌អម្ចាស់​ជា​ទី​ពឹង​មាំ​មួន​នៃ​ទូល‌បង្គំ ហើយព្រះ​ជាម្ចាស់​នៃ​ទូល‌បង្គំ​ព្រះ‌អង្គ​ជា​ថ្ម​ដា និង​ជា​ជម្រក​នៃ​ទូល‌បង្គំ។
23ព្រះ‌អង្គ​នឹង​សង​ទៅ​គេ​វិញ តាម​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​ធ្វើ​ឲ្យ​គេ​វិនាស​សូន្យ ដោយ​សារ​អំពើ​អាក្រក់​របស់​គេ គឺ​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​យើងនឹងធ្វើ​ឲ្យ​គេ​វិនាស​សូន្យ​ទៅ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។