ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 77

Read Scripture freely. Divine Threads study for this chapter is coming later.

1ដ្បិង ខ្ញុំ​បន្លឺ​សំឡេង​ស្រែក​រក​ព្រះ គឺ​ស្រែក​រក​ព្រះជាម្ចាស់យ៉ាង​ឮ ហើយ​ព្រះ‌អង្គ​ផ្ទៀង​ព្រះ​កាណ៌​ស្តាប់​ខ្ញុំ។
2នៅ​ថ្ងៃ​ដែល​ខ្ញុំ​មាន​សេចក្ដី​វេទនា ខ្ញុំ​ស្វែង​រក​ព្រះ‌អម្ចាស់ នៅ​ពេល​យប់ ខ្ញុំ​ប្រទូល​ដៃ​ឡើង​ឥត​ឈប់‌ឈរ ព្រលឹង​ខ្ញុំ​មិន​ព្រមស្រាក​ស្រាន្ត​ឡើយ។
3ពេល​ខ្ញុំ​នឹក​ដល់​ព្រះជាម្ចាស់ ខ្ញុំស្រែក​ថ្ងូរ ពេល​ខ្ញុំ​សញ្ជឹង​គិត វិញ្ញាណ​ខ្ញុំ​ក៏​ល្វើយ​ទៅ។ សម្រាក
4ព្រះ‌អង្គ​ទល់​ត្របក​ភ្នែក​ទូល‌បង្គំ ទូល‌បង្គំ​មាន​ចិត្ត​តាន​តឹង​ជា​ខ្លាំង រក​និយាយ​មិន​កើត។
5ទូល‌បង្គំ​ពិចារណា​ពី​សម័យ​ចាស់​បុរាណ ក៏​នឹក​ចាំ​ពី​ឆ្នាំ​ទាំង​ឡាយ​ដ៏​យូរ​លង់​កន្លង​មក។
6ទូល‌បង្គំ​នឹក​ឃើញ​ទំនុក ដែល​ធ្លាប់​ច្រៀង​នៅ​ពេល​យប់ ទូល‌បង្គំសញ្ជឹង​គិត​ក្នុង​ចិត្ត ហើយ​វិញ្ញាណ​ទូល‌បង្គំ ក៏ស្វះ​ស្វែង​រក​ចម្លើយ។
7តើ​ព្រះ‌អម្ចាស់​នឹងបោះ‌បង់​ទូលបង្គំ​រហូតឬ? តើព្រះអង្គនឹងមិនផ្តល់ក្តីមេត្តាដល់ទូលបង្គំទេឬ?
8តើ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ លែង​មាន​រហូត​ហើយ​ឬ? តើ​សេចក្ដី​សន្យា​របស់​ព្រះ‌អង្គ ខក​ខាន​រហូត​ហើយ​ឬ?
9តើ​ព្រះជាម្ចាស់​ភ្លេច​សម្ដែង​ព្រះ​គុណ​ហើយ​ឬ? តើ​សេចក្តីក្រោធនៃព្រះ‌អង្គ​បង្ខាំង​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរឬអី? សម្រាក
10ពេល​នោះ ទូល‌បង្គំ​គិត​ថា «នេះ​ជា​ទុក្ខ​ព្រួយ​របស់​ទូល‌បង្គំទេ ដែល​យល់​ថា ព្រះ‌ហស្ត​ស្តាំ នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រែ​ប្រួល»។
11ទូល‌បង្គំ​នឹងរំឭក​ពី​កិច្ច​ការ របស់​ព្រះ‌អម្ចាស់ ទូល‌បង្គំ​នឹង​នឹក​ចាំពី​ការ​អស្ចារ្យ ដែល​ព្រះ‌អង្គ​បាន​ធ្វើ​កាល​ពី​ជំនាន់​ដើម។
12ទូល‌បង្គំ​នឹង​សញ្ជឹង​គិត​ពី​អស់​ទាំង​កិច្ច​ការ របស់​ព្រះ‌អង្គ ហើយ​ពិចារណា​ពីស្នា​ព្រះ‌ហស្ដដ៏​អស្ចារ្យ របស់​ព្រះ‌អង្គ។
13ឱ​ព្រះជាម្ចាស់​អើយ ផ្លូវ​របស់​ព្រះ‌អង្គ ជា​ផ្លូវ​បរិសុទ្ធ តើ​មាន​ព្រះ​ឯ​ណា​ដែលធំ​ឧត្តុង​ឧត្តម ដូច​ព្រះអង្គ​នៃ​យើង?
14ព្រះ‌អង្គ​ជា​ព្រះ​ដែល​ធ្វើ​ការ​អស្ចារ្យ ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​ស្គាល់​ឫទ្ធា‌នុភាព របស់​ព្រះ‌អង្គ នៅ​កណ្ដាល​ជាតិ​សាសន៍ផ្សេងៗ។
15ព្រះ‌អង្គ​បានលោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដោយ​ព្រះ‌ពាហុ​របស់​ព្រះ‌អង្គ គឺ​កូន​ចៅ​លោក​យ៉ាកុប និង​លោក​យ៉ូសែប។ សម្រាក
16ឱ​ព្រះ​អើយ សមុទ្រ​បាន​ឃើញ​ព្រះ‌អង្គ គឺ​កាល​សមុទ្រ​បាន​ឃើញ​ព្រះ‌អង្គ នោះ​ក៏​មាន​សេចក្ដីភិត‌ភ័យ មែន ទី​ជម្រៅ​ក៏ញាប់​ញ័រ​ដែរ។
17ពពក​បាន​បង្អុល​ទឹក​ចេញមក ផ្ទៃ​មេឃ​ក៏​បញ្ចេញ​ផ្គរលាន់ ហើយ​ព្រួញ​របស់​ព្រះ‌អង្គ​ជះ​ពន្លឺ​ទៅ​គ្រប់​ទិស។
18សូរ‌សៀង​ផ្គរលាន់​របស់​ព្រះ‌អង្គ នៅ​ក្នុង​ខ្យល់​ ផ្លេក‌បន្ទោរ​របស់​ព្រះ‌អង្គ​ចាំង​បំភ្លឺ​ពិភព​លោក ផែនដី​ក៏​រញ្ជួយ ហើយ​ញាប់​ញ័រ។
19ផ្លូវ​របស់​ព្រះ‌អង្គ​ឆ្លង​កាត់​សមុទ្រ ផ្លូវ​ច្រក​របស់​ព្រះ‌អង្គ​ឆ្លង​កាត់មហា​សាគរ តែ​គ្មាន​អ្នក​ណា​ឃើញ​ដាន​ព្រះ‌បាទ របស់​ព្រះ‌អង្គ​ឡើយ។
20ព្រះ‌អង្គ​បាន​នាំ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដូច​ជា​ហ្វូង​ចៀម ដោយ​ដៃ​របស់លោក​ម៉ូសេ និងលោក​អើរ៉ុន។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។