ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 78

Read Scripture freely. Divine Threads study for this chapter is coming later.

1រាស្រ្ត​របស់​ខ្ញុំ​អើយ ចូរ​ប្រុង​ត្រចៀក​ស្តាប់​សេចក្ដី​បង្រៀន​របស់​ខ្ញុំ ហើយ​ផ្ទៀង​ត្រចៀក​ស្តាប់​អស់​ទាំង​ពាក្យ ដែល​ចេញ​ពី​មាត់​ខ្ញុំ​ចុះ។
2ខ្ញុំ​នឹង​បើក​មាត់​បញ្ចេញ​ជា​សេចក្ដី​ប្រៀប‌ធៀប ខ្ញុំ​នឹងបរិយាយ​ប្រាប់​អំពី​សេចក្ដី​លាក់‌កំបាំង ពីសម័យមុន។
3ជា​សេចក្ដី​ដែល​យើង​ធ្លាប់​បាន​ឮ និង​ធ្លាប់​បាន​ដឹង ជា​សេចក្ដី​ដែល​ដូនតា​យើង​បាន​ប្រាប់។
4យើង​នឹង​មិន​លាក់​សេចក្ដី​ទាំង​នោះ​ចំពោះ​កូន​ចៅ របស់​គាត់​ឡើយ យើង​នឹងប្រាប់​មនុស្សជំជាន់​ក្រោយ អំពី​អស់​ទាំង​ស្នាព្រហស្ត​ដ៏​អស្ចារ្យ របស់​ព្រះ‌អម្ចាស់ អំពី​ឫទ្ធា‌នុភាព និង​ការ​អស្ចារ្យ ដែល​ព្រះ‌អង្គ​បាន​ធ្វើ។
5ព្រះ‌អង្គ​បាន​តាំង​ឲ្យ​មាន​ទី​បន្ទាល់ នៅ​ក្នុង​ពួក​យ៉ាកុប ក៏​បាន​តម្រូវ​ឲ្យ​មាន​ក្រឹត្យ‌វិន័យ នៅ​ក្នុង​ពួក​អុីស្រា‌អែល ជា​ច្បាប់​ដែល​ព្រះ‌អង្គ​បាន​បង្គាប់ បុព្វ‌បុរស​របស់​យើង ឲ្យ​បង្រៀន​ដល់​កូន​ចៅ​ត​ទៀត។
6ព្រះអង្គបង្គាប់បែបនេះដើម្បីឲ្យ គឺ​កូន​ចៅ​ដែល​នឹង​កើត​មក​ស្គាល់​សេចក្ដី​ទាំង​នោះ គេ​នឹងបន្ត​វេន ហើយ​ប្រាប់​ដល់​កូន​ចៅរបស់​គេទៀតដែរ។
7ក្រោយមក ពួក​គេ​បាន​តាំង​ចិត្ត​សង្ឃឹម​ដល់​ព្រះជាម្ចាស់ ហើយ​មិន​ភ្លេច​ពី​កិច្ច​ការ​របស់​ព្រះ‌អង្គ​ឡើយ គឺ​គោរព​តាម​បទ‌បញ្ជានៃ​ព្រះ‌អង្គ​។
8បន្ទាប់មក ពួកគេ​បាន​ដូច​បុព្វ‌បុរស​រប​ស់​គេ ជា​ជំនាន់​មនុស្ស​រឹង‌រូស ហើយ​បះ‌បោរ ជា​ជំនាន់​មនុស្ស​ដែល​មិន​បាន​តាំង​ចិត្ត ឲ្យ​ទៀង​ត្រង់ ហើយ​វិញ្ញាណ​របស់​គេ មិន​ស្មោះ​ចំពោះ​ព្រះជាម្ចាស់​នោះ​ទេ។
9ចំណែក កូន​ចៅ​អេប្រាអិម​ដែល​មាន​គ្រឿង​ធ្នូ ហើយ​ក៏​ប្រសប់​បាញ់ ពួកគេ​បាន​ដក​ថយ​នៅ​ថ្ងៃ​ធ្វើ​ចម្បាំង។
10ពួកគេ​មិន​បាន​កាន់​តាម​សេចក្ដី​សញ្ញា​របស់​ព្រះជាម្ចាស់​ទេ គឺ​មិន​ព្រម​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ដែរ។
11ពួកគេ​បាន​ភ្លេច​កិច្ច​ការ​របស់​ព្រះ‌អង្គ ភ្លេច​ការ​អស្ចារ្យ​ទាំង​ឡាយ ដែល​ព្រះ‌អង្គ​បាន​សម្ដែង​ដល់​ពួកគេ​។
12ព្រះ‌អង្គ​បាន​ធ្វើ​ការ​ចម្លែក នៅ​នឹង​ភ្នែក​បុព្វ‌បុរស​របស់​គេ នៅ​ទឹកដី​អេស៊ីប នៅ​វាល​សូអាន។
13ព្រះ‌អង្គ​បាន​ញែក​សមុទ្រ ហើយ​ឲ្យ​គេ​ដើរ​ឆ្លង ក៏​បាន​ធ្វើ​ឲ្យ​ទឹក​ឈរ​ឡើង​ដូច​កំផែង។
14នៅ​ពេល​ថ្ងៃ ព្រះ‌អង្គ​បាន​នាំពួក​គេ​ដោយ​ពពក ហើយ​រាល់​ពេលយប់ ព្រះ‌អង្គ​បាន​នាំ​គេ ដោយ​ពន្លឺ​ភ្លើង។
15ព្រះ‌អង្គ​បាន​បំបែក​ថ្ម​នៅ​ទី​រហោ‌ស្ថាន ហើយ​ប្រទាន​ឲ្យ​ពួកគេ​មាន​ផឹក​ទឹក​ជា​បរិបូរណ៏ ដូច​ជា​ប្រភព​ទឹក​ផុស​ចេញដី​មក។
16ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ចេញ​ពី​ថ្ម ហើយក៏ហូរ​ចុះ​មក​ដូច​ជា​ទឹកទន្លេ។
17ដ្បិត ពួកគេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌អង្គ ដោយ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ​ជាម្ចាស់ដ៏​ខ្ពស់​បំផុត នៅ​ទី​រហោ‌ស្ថាន។
18ពួកគេ​បាន​ល្បង‌ល​ព្រះ​ជាម្ចាស់នៅ​ក្នុង​ចិត្ត​គេ ដោយ​ទាម​ទារ​អាហារ​តាម​អ្វិដែលពួក​គេចង់បាន។
19ពួកគេ​បាននិយាយទាស់​នឹង​ព្រះជាម្ចាស់​ថា «តើ​ព្រះ​អង្គអាច​ផ្គត់​ផ្គង់​អាហារ​ឲ្យ​យើង​បរិ‌ភោគ នៅ​ទី​រហោ‌ស្ថាន​នេះ​បាន​ឬ?
20មើល៍! ព្រះ‌អង្គ​បាន​វាយ​ថ្ម​ឲ្យ​មាន​ទឹក​ផុល​ចេញមក ដូច​ជា​ទឹក​ជ្រោះ​ហូរ​ហៀរ​មែន។ ក៏​ប៉ុន្ដែ តើ​ព្រះ‌អង្គ​អាច​ប្រទាន​នំបុ័ង ឬ​ផ្គត់‌ផ្គង់​សាច់​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ បរិ‌ភោគ​បាន​ដែរ​ឬ?»
21កាល​ព្រះ‌អម្ចាស់បានឮ ព្រះ‌អង្គ​​ក្រោធ​ជា​ខ្លាំង ក៏​មាន​ភ្លើង​ឆួល​ឡើង​ទាស់​នឹង​ពួក​យ៉ាកុប សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ទាស់​នឹង​ពួក​អុីស្រា‌អែល
22ព្រោះ​គេ​មិន​បាន​ជឿ​ដល់​ព្រះជាម្ចាស់ ហើយ​មិន​បាន​ទុក​ចិត្ត​នឹង​ព្រះចេស្ដា​របស់​ព្រះ‌អង្គ ដែល​អាច​សង្គ្រោះពួក​គេ​បាន​។
23ដ្បិត ព្រះ‌អង្គ​បាន​បង្គាប់​ផ្ទៃ​មេឃ​នៅ​ខាង​លើ ព្រះ‌អង្គ​បាន​បើក​ទ្វារ​ស្ថាន‌សួគ៌។
24ហើយ​បង្អុរ​នំ​ម៉ាណា​ឲ្យ​ធ្លាក់​មក​លើ​គេដូច​ភ្លៀង ដើម្បី​ឲ្យ​គេ​បរិ‌ភោគ ព្រះ‌អង្គ​ប្រទាន​ស្រូវ​ពី​ស្ថាន‌សួគ៌​ដល់​គេ។
25មនុស្ស បាន​បរិ‌ភោគ​នំ​ប៉័ង​របស់​ពួក​ទេវតា ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​មាន​អាហារ​ជា​បរិបូរណ៏។
26ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្យល់​ពី​ទិស​ខាង​កើត បក់​នៅ​លើ​មេឃ ហើយ​បាន​នាំ​ខ្យល់​ពី​ទិស​ខាង​ត្បូង ដោយ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។
27ព្រះ​អង្គ​ទម្លាក់​សាច់​មក​លើ​គេ ដូច​ធូលី​ធ្លាក់​ពីលើ​មេឃ គឺ​ជា​សត្វ​ស្លាប​ជា​ច្រើន ដូចគ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។
28ព្រះ‌អង្គ​ធ្វើ​ឲ្យ​សត្វ​ទាំង​នោះ ធ្លាក់​ចំ​កណ្ដាល​ជំរំ​របស់​គេ ជុំ‌វិញ​កន្លែង​ដែល​គេស្នាក់​នៅ។
29ដូច្នេះ ពួក​គេ​ក៏​បរិ‌ភោគ​ឆ្អែត​គ្រប់គ្នា។ ​ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ តាម​បំណង​ដែល​គេ​ចង់​បាន។
30ប៉ុន្ដែ ចិត្ត​របស់​គេ​មិន​ទាន់​ស្កប់​ស្កល់​ទេ ហើយ​កាល​អាហារ​នោះ នៅ​ក្នុង​មាត់​គេ​ផងដែរ។
31សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់ក៏​ឆួល​ឡើង​ទាស់​នឹង​គេ ហើយ​ប្រហារ​ពួក​អ្នក​ខ្លាំង​ពូកែ​ជាង​គេ។ ព្រះអង្គក៏ផ្តួលពួក​យុវជន​ដែល​ពេញ​កម្លាំង ក្នុង​ចំណោម​ពួក​អុីស្រា‌អែល​ផង​ដែរ។
32ទោះ​បើ​យ៉ាង​នេះ​ក៏​ដោយ ក៏​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប​ដដែល គេ​មិន​បាន​ជឿ​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ​ទេ។
33ដូច្នេះ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ថ្ងៃ​របស់​គេ កន្លង​បាត់ទៅ បាន​ដូច​ជា​មួយ​ដង្ហើម ហើយ​ឆ្នាំ​របស់​គេ​ពេញ​ដោយ​ការ​ភ័យ​ខ្លាច។
34កាល​ព្រះ‌អង្គ​ប្រហារ​ពួក‌គេ ទើប​គេ​ស្វែង​រក​ព្រះ‌អង្គ គេ​ប្រែ​ចិត្ត ហើយ​នាំគ្នា​ស្វែង​រក​ព្រះ យ៉ាង​អស់​ពី​ចិត្ត។
35ពួកគេ​នឹក​ចាំ​ថា ព្រះ​ជា​ថ្ម​ដា​របស់​ពួក‌គេ គឺ​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះ‌អង្គ​ជា​អ្នក​ប្រោស​លោះ​របស់​គេ។
36ប៉ុន្ដែ ពួកគេ​បាន​លើក​បញ្ចើច​ព្រះ‌អង្គ ដោយ​មាត់​របស់​គេ អណ្ដាត​របស់​គេបាន​កុហក​ព្រះ‌អង្គ។
37ដ្បិត ចិត្តរបស់​គេ​មិន​ទៀង​ចំពោះ​ព្រះ‌អង្គ​ទេ ហើយ​ក៏​មិន​ស្មោះត្រង់ ចំពោះ​សេចក្ដី​សញ្ញា​ព្រះ‌អង្គ​ឡើយ។
38​ព្រះ‌អង្គ​វិញ គឺ​មានព្រះ‌ហឫ‌ទ័យ អាណិត​អាសូរ ព្រះ‌អង្គ​អត់​ទោស​អំពើ​ទុច្ចរិត​របស់​គេ ហើយ​មិន​បាន​បំផ្លាញ​គេ​ទេ។ ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ជា​ច្រើន​លើក​ច្រើន​ដង មិន​ឲ្យ​សេចក្ដី​ក្រោធ​នៃព្រះ‌អង្គ ឆួល​ឡើង​ទាំង​អស់​ឡើយ។
39ព្រះ‌អង្គ​បាន​នឹក​ចាំ​ថា គេ​គ្រាន់​តែ​ជា​សាច់​ឈាម​ប៉ុណ្ណោះ គឺ​ជា​ខ្យល់​ដែល​បក់​កន្លង​ហួស​ទៅ ឥត​វិល​មក​វិញ​ឡើយ។
40ប៉ុន្មាន​ដង​ហើយ​ដែល​គេ​បះ‌បោរ​នឹង​ព្រះ‌អង្គ នៅ​ក្នុង​ទី​រហោ‌ស្ថាន ហើយ​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ព្រួយ​ព្រះ‌ហឫ‌ទ័យ នៅ​ទី​ហួត​ហែង!
41គេ​បាន​ល្បង​ល​ព្រះ ម្ដង​ហើយម្ដង​ទៀត គេ​បាន​រក​រឿង​ព្រះ​ជាម្ចាស់ដ៏​បរិសុទ្ធ នៃ​ជនជាតិ​អុីស្រា‌អែល។
42គេ​មិន​បាន​នឹក​ចាំ​ពី​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ ឬ​ពី​ថ្ងៃ​ដែល​ព្រះ‌អង្គ​បាន​រំដោះ​គេ​ពី​ខ្មាំង​សត្រូវ
43កាល​ព្រះ‌អង្គ​បាន​សម្ដែង​ទី​សម្គាល់ របស់​ព្រះ‌អង្គ​នៅ​​អេស៊ីប និង​ការ​អស្ចារ្យ​នៅ​ទី​វាល​សូអាន​។
44ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទន្លេ និង​ព្រែក​របស់​គេ​ទៅ​ជា​ឈាម ហើយ​គេ​មិន​អាច​ផឹក​ពី​ទឹក​នោះ​បាន​ឡើយ។
45ព្រះ‌អង្គ​បាន​ចាត់​ហ្វូង​រុយ​មក​បង្ហិន​គេ ហើយ​កង្កែប​មក​បំផ្លាញ​គេ។
46ព្រះ‌អង្គ​បាន​ប្រគល់​ដំណាំ​របស់​គេ ទៅ​ឲ្យ​ចង្រិត​កាត់ ហើយ​ភោគផល​របស់​គេ​ទៅ​ឲ្យ​កណ្តូបស៊ី។
47ព្រះ‌អង្គ​បាន​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ របស់​គេ​ដោយ​ព្រឹល ហើយ​ដើម​ឧទុម្ពរ​របស់​គេ​ដោយ​សន្សើម​កក។
48ព្រះ‌អង្គ​បាន​ប្រគល់​ហ្វូង​គោ​របស់​គេ​ឲ្យ​ត្រូវ​ព្រឹល ហើយ​ឲ្យ​ហ្វូង​ចៀម​របស់​គេ​ត្រូវ​រន្ទះ​បាញ់។
49ព្រះ‌អង្គ​បាន​ចាក់​សេចក្ដី​ក្រោធ ដ៏​សហ័ស​របស់​ព្រះ‌អង្គ​ទៅ​លើ​គេ។ ព្រម​ទាំង​សេចក្ដី​ក្រោធ និង​សេចក្ដី​ទុក្ខលំបាក រួម​ទាំង​ពល​ទេវតា​មក​បំផ្លាញ​គេផង។
50ព្រះ‌អង្គ​បាន​ធ្វើ​ផ្លូវ​សម្រាប់​សេចក្ដី​ក្រោធ របស់​ព្រះ‌អង្គ ព្រះ‌អង្គ​មិន​បាន​ប្រណី​ព្រលឹង​គេ ឲ្យ​រួច​ពី​ស្លាប់​ឡើយ គឺ​បាន​ប្រគល់​ជីវិត​គេ​ទៅ​ឲ្យ​គ្រោះ​កាច។
51ព្រះ‌អង្គ​បាន​ប្រហារ​អស់​ទាំង​កូន​ច្បង នៅ​​អេស៊ីប គឺ​ជា​ដើម​កម្លាំង​របស់​ហាំ​នៅ​ក្នុង​ជំរំ​ពួកគេ។
52ព្រះ‌អង្គ​បាន​នាំរាស្ត្រ​ព្រះ‌អង្គ ចេញ​ដូច​ជា​ចៀម ហើយបាន​ដឹក‌នាំ​គេ​នៅ​ក្នុង​ទី​រហោ‌ស្ថាន ដូច​ជា​ហ្វូង​សត្វ។
53ព្រះ‌អង្គ​បាន​នាំ​គេ​ដោយ​សុវត្តិភាព មិន​ឲ្យគេ​ភ័យ​ខ្លាច​ឡើយ តែ​សមុទ្រ​បាន​គ្រប​លើ​ខ្មាំង​សត្រូវ​របស់​គេ​។
54ព្រះ‌អង្គ​បាន​នាំ​គេ​ទៅ​កាន់​ទឹក​ដី​បរិសុទ្ធ របស់​ព្រះ‌អង្គ គឺ​ទៅ​កាន់​ភ្នំ​ដែល​ព្រះ‌ហស្ត​ស្តាំ របស់​ព្រះ‌អង្គ​បាន​ឈ្នះ។
55ព្រះ‌អង្គ​បាន​បណ្តេញ​ជនជាតិ​នានា ចេញ​ពី​មុខពួក​គេ ព្រះ‌អង្គ​បាន​ចែកទឹក​ដីទាំង​នោះ ឲ្យគេទុក​ជា​មរតក ក៏​ឲ្យ​កុល‌សម្ព័ន្ធនៃ​អុីស្រា‌អែល រស់​នៅ​ក្នុង​លំនៅ​របស់​ជនជាតិទាំង​នោះ។
56ប៉ុន្តែ ពួកគេ​បាន​ល្បង‌ល​ព្រះជាម្ចាស់​ដ៏​ខ្ពស់​បំផុត ហើយ​បះ‌បោរ​ទាស់​នឹង​ព្រះ‌អង្គ មិនធ្វើ​តាម​បញ្ញត្តិ​របស់​ព្រះ‌អង្គ។
57គឺ​ពួកគេបាន​ថយ​ចេញ ហើយ​ប្រព្រឹត្ត​ដោយ​ក្បត់ ដូច​បុព្វ‌បុរស​របស់​គេ ដែល​ក្រឡាច់​រមួល​ដូច​ជា​ធ្នូ​មិន​ត្រង់។
58ដ្បិត ពួកគេ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ខ្ញាល់ ដោយ​ទី​ខ្ពស់​របស់​គេ គេ​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ប្រចណ្ឌ ដោយ​រូប​ព្រះ​របស់​គេ។
59កាល​ព្រះជាម្ចាស់​ជ្រាប ព្រះ‌អង្គ​ក្រោធ​ជា​ខ្លាំង ហើយ​ព្រះ‌អង្គ​មិន​រវីរវល់េះនឹង​​អុីស្រា‌អែល​សោះ។
60ព្រះ‌អង្គ​លះ​ចោល​ព្រះ​ដំណាក់​ព្រះ‌អង្គ​នៅស៊ីឡូរជា​រោង ​ឧបោ​សថ​ដែល​ព្រះ‌អង្គ​ធ្លាប់​គង់​នៅ កណ្ដាល​មនុស្ស។
61ហើយ​ប្រគល់​ព្រះ​ចេស្ដា​របស់​ព្រះ‌អង្គ ឲ្យ​ទៅ​ជា​ឈ្លើយ គឺ​សិរី‌ល្អ​របស់​ព្រះ‌អង្គ ទៅ​ក្នុង​កណ្ដាប់​ដៃ​ខ្មាំង​សត្រូវ។
62ព្រះ‌អង្គ​បាន​ប្រគល់រាស្ត្រ​ព្រះ‌អង្គ ទៅ​ឲ្យ​ដាវ ហើយ​ព្រះ‌អង្គ​ក្រោធ​នឹង​មរតក របស់​ព្រះ‌អង្គ។
63ភ្លើង​បាន​ឆេះ​បំផ្លាញ​ពួក​កំលោះ​របស់ពួក​គេ ស្ត្រី​ក្រមុំ​របស់​គេ គ្មាន​អ្នក​ណា​ចូលដណ្តឹង​។
64ពួក​សង្ឃ​របស់​គេ​បាន​ដួល​ស្លាប់​ដោយ​ដាវ តែ​ប្រពន្ធ​របស់​គេ​មិន​បាន​យំ​សោក​ដែរ។
65ក្រោយមក ព្រះ‌អម្ចាស់​តើន​ឡើង ដូច​គេ​ភ្ញាក់​ពី​ដំណេក ដូច​មនុស្ស​ខ្លាំង​ពូកែ​ដែល​ស្រែក​ឡើង ដោយ​អំណាច​ស្រា​ទំពាំង‌បាយ‌ជូរ។
66ព្រះ‌អង្គ​វាយ​បច្ចា‌មិត្ត​របស់​ព្រះ‌អង្គ ឲ្យ​រត់​ខ្ចាត់​ខ្ចាយ ព្រះ‌អង្គ​ធ្វើ​ឲ្យ​គេ​អាម៉ាស់​អស់​កល្ប​ជានិច្ច។
67ព្រះ‌អង្គ​មិន​រវី​រវល់​នឹង​រោង​ឧបោសថ របស់​ពួក​យ៉ូសែប​ឡើយ ក៏​មិន​បាន​ជ្រើស​រើស​កុល‌សម្ព័ន្ធ​អេប្រាអិម​ដែរ។
68តែ​ព្រះ‌អង្គ​បាន​រើស​កុល‌សម្ព័ន្ធ​យូដា និង​ភ្នំ​ស៊ីយ៉ូនដែល​ព្រះ‌អង្គ​ស្រឡាញ់។
69ព្រះ‌អង្គ​បានសង់​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដូច​ជា​ផ្ទៃ​មេឃ​ដ៏​ខ្ពស់ ដូច​ជា​ផែនដី ដែល​ព្រះ‌អង្គ​បាន​តាំង​ឲ្យ​នៅ​ជាប់ រហូត​តទៅ។
70ព្រះ‌អង្គ​បាន​ជ្រើស​រើស​ដាវីឌ ជា​អ្នក​បម្រើ​ព្រះ‌អង្គ ហើយ​បាន​យក​លោក​ចេញ​ពី​ក្រោល​ចៀម។
71ព្រះ‌អង្គ​បាន​យក​លោកចេញ​ពី​ការ​ឃ្វាល​មេ​ចៀម​ដែល​មាន​កូន ឲ្យ​ធ្វើ​ជា​គង្វាល​ដល់​ពួក​យ៉ាកុប ជា​រាស្ត្រ​ព្រះ‌អង្គ គឺ​ពួក​អុីស្រា‌អែល​ដែល​ជា​មរតក​របស់​ព្រះ‌អង្គ។
72ដាវិឌ​បាន​ឃ្វាល​ពួក‌គេ​ដោយ​ចិត្ត​ទៀង​ត្រង់ ហើយ​នាំ​ផ្លូវ​គេ​ដោយដៃប៉ិន​ប្រសប់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។