1ផែនដីទាំងមូលអើយ ចូរបន្លឺឡើងដោយអំណរថ្វាយព្រះចុះ
2ចូរច្រៀងអំពីសិរីរុងល្អនៃព្រះនាមព្រះអង្គ ហើយថ្វាយការសរសើរដ៏រុងរឿងដល់ព្រះអង្គ។
3ចូរទូលដល់ព្រះថា «អស់ទាំងកិច្ចការរបស់ព្រះអង្គ គួរស្ញែងខ្លាចយ៉ាងណាទៅ! ខ្មាំងសត្រូវរបស់ព្រះអង្គ ចុះចូលចំពោះព្រះអង្គដោយព្រោះព្រះចេស្ដាដ៏ធំរបស់ព្រះអង្គ។
4ផែនដីទាំងមូលថ្វាយបង្គំព្រះអង្គ ហើយច្រៀងសរសើរដល់ព្រះអង្គ គេច្រៀងសរសើរដល់ព្រះនាមព្រះអង្គ»។ សម្រាក
5ចូរមកមើលកិច្ចការដែលព្រះបានធ្វើចុះ! ព្រះអង្គគួរស្ញែងខ្លាច ក្នុងកិច្ចការដែលព្រះអង្គ បានធ្វើដល់ពួកកូនមនុស្ស។
6ព្រះអង្គធ្វើឲ្យសមុទ្រទៅជាដីគោក គេបានដើរឆ្លងកាត់ទន្លេ។នៅទីនោះ យើងខ្ញុំបានរីករាយក្នុងព្រះអង្គ។
7ដែលទ្រង់សោយរាជ្យ ដោយព្រះចេស្តាព្រះអង្គអស់កល្បជានិច្ចព្រះនេត្រព្រះអង្គរំពៃមើលអស់ទាំងសាសន៍ មិនត្រូវឲ្យពួកបះបោរតម្កើងខ្លួនឡើយ។ សម្រាក
8ឱប្រជាជនទាំងឡាយអើយ ចូរលើកតម្កើងព្រះនៃយើង សូមបន្លឺសំឡេងសរសើរតម្កើងព្រះអង្គឡើង។
9ព្រះអង្គហើយដែលរក្សាព្រលឹងយើង ក្នុងចំណោមមនុស្សរស់ ក៏មិនឲ្យជើងយើងរអិលភ្លាត់ឡើយ។
10ដ្បិត ឱព្រះអើយ ព្រះអង្គបានល្បងលយើងខ្ញុំ ក៏បានលត់ដំយើងខ្ញុំ ដូចគេបន្សុទ្ធប្រាក់។
11ព្រះអង្គបាននាំយើងខ្ញុំឲ្យជាប់មងព្រះអង្គបានដាក់បន្ទុកយ៉ាងធ្ងន់ នៅលើខ្នងយើងខ្ញុំ។
12ព្រះអង្គបានបើកឲ្យមនុស្សជិះលើក្បាលយើងខ្ញុំ យើងខ្ញុំបានឆ្លងកាត់ភ្លើង និងឆ្លងកាត់ទឹក ប៉ុន្តែ ព្រះអង្គបាននាំយើងខ្ញុំចេញមកកន្លែងដែលមានបរិបូរណ៏។
13ទូលបង្គំនឹងយកតង្វាយដុត ចូលមកក្នុងដំណាក់ព្រះអង្គ ទូលបង្គំនឹងលាបំណន់ចំពោះព្រះអង្គ
14ជាបំណន់ដែលបបូរមាត់ទូលបង្គំបានបន់ ហើយដែលមាត់ទូលបង្គំបានសន្យា នៅពេលទូលបង្គំមានអាសន្ន។
15ទូលបង្គំនឹងថ្វាយសត្វធាត់ៗ ជាតង្វាយដុតដល់ព្រះអង្គ ដោយក្លិនយញ្ញបូជារបស់ចៀមឈ្មោល ទូលបង្គំនឹងថ្វាយគោឈ្មោល និងពពែឈ្មោល។
16អស់អ្នកដែលកោតខ្លាចព្រះអើយ ចូរចូលមកស្តាប់ចុះ ខ្ញុំនឹងរៀបរាប់ប្រាប់ពីកិច្ចការ ដែលព្រះអង្គបានធ្វើដល់ខ្ញុំ។
17មាត់ខ្ញុំបានអំពាវនាវរកព្រះអង្គ ហើយអណ្ដាតខ្ញុំបានសរសើរតម្កើងព្រះអង្គ។
18ប្រសិនបើខ្ញុំលាក់អំពើទុច្ចរិតនៅក្នុងចិត្តនោះព្រះអម្ចាស់មិនស្តាប់ខ្ញុំឡើយ។
19ប៉ុន្តែ ព្រះពិតជាបានស្តាប់ខ្ញុំមែន ព្រះអង្គយកព្រះហឫទ័យទុកដាក់ ស្តាប់សំឡេងអធិស្ឋានរបស់ខ្ញុំ។
20សូមលើកតម្កើងព្រះ ព្រោះព្រះអង្គមិនបានបែរចេញពីសេចក្ដីអធិស្ឋានរបស់ខ្ញុំ ក៏មិនបានដកព្រះហឫទ័យសប្បុរសរបស់ព្រះអង្គចេញពីខ្ញុំដែរ។