1ឱព្រះជាម្ចាស់អើយ យើងខ្ញុំត្រូវតែសរសើរតម្កើងព្រះអង្គ នៅក្រុងស៊ីយ៉ូន ហើយថ្វាយតង្វាយតាមពាក្យដែលយើងខ្ញុំ បានសន្យាចំពោះព្រះអង្គ។
2ព្រះអង្គតែងតែស្ដាប់ពាក្យទូលអង្វរ របស់មនុស្សលោកជានិច្ច ពួកគេ នឹងមករកព្រះអង្គទាំងអស់គ្នា។
3កំហុសរបស់ទូលបង្គំធ្ងន់ធ្ងរណាស់ មានតែព្រះអង្គទេ ដែលលើកលែងទោសឲ្យយើងខ្ញុំបាន។
4មានពរហើយអស់អ្នកណា ដែលព្រះអង្គជ្រើសរើស ហើយនាំចូលមកជិតព្រះអង្គ ដើម្បីឲ្យបានអាស្រ័យនៅក្នុងទីលានព្រះអង្គ។ យើងខ្ញុំនឹងបានស្កប់ចិត្តដោយសេចក្ដីល្អ នៃដំណាក់ព្រះអង្គ គឺជាព្រះវិហារដ៏បរិសុទ្ធរបស់ព្រះអង្គ។
5ឱព្រះនៃការសង្គ្រោះរបស់យើងខ្ញុំអើយ ព្រះអង្គឆ្លើយតបយើងខ្ញុំដោយឫទ្ធិបារមីគួរឲ្យស្ញែងខ្លាច និងដោយសេចក្ដីសុចរិត ព្រះអង្គជាសេចក្ដីសង្ឃឹម ដល់អស់ទាំងចុងបំផុតផែនដីនិងដល់ចុងសមុទ្រនៅទីឆ្ងាយ។
6ព្រះអង្គបានតាំងភ្នំទាំងឡាយឲ្យមាំមួន ដោយឥទ្ធិឫទ្ធិរបស់ព្រះអង្គ ព្រះអង្គក្រវាត់ដោយឫទ្ធានុភាព
7ព្រះអង្គធ្វើឲ្យសូរសន្ធឹក នៃសមុទ្របានស្ងប់ឈឹង គឺសូរសន្ធឹកនៃរលក ការច្របូកច្របល់របស់ប្រជាជន។
8ដល់ម៉្លេះបានជាអស់អ្នក ដែលរស់នៅឯចុងបំផុតផែនដី ស្ញែងខ្លាចដោយឃើញ ទីសម្គាល់របស់ព្រះអង្គ។ ព្រះអង្គធ្វើឲ្យអស់អ្នក ដែលរស់នៅទិសខាងកើត និងទិសខាងលិចស្រែកហ៊ោរដោយអំណរ។
9ព្រះអង្គថែរក្សាផែនដី ហើយក៏ស្រោចស្រព ព្រះអង្គធ្វើឲ្យផែនដីមានភោគផល សម្បូរហូររហៀរ ទន្លេរបស់ព្រះមានពោរពេញទៅដោយទឹក ព្រះអង្គផ្គត់ផ្គង់ឲ្យគេមានស្រូវ ដ្បិតព្រះអង្គបានរៀបចំផែនដីមកដូច្នេះ។
10ព្រះអង្គស្រោចស្រពផែនដីជាបរិបូរ ក៏ពង្រាបដីអោយរាបស្មើ ហើយធ្វើឲ្យដីទន់ដោយទឹកភ្លៀង ក៏ប្រទានពរឲ្យគ្រាប់ពូជដុះឡើង។
11ព្រះអង្គប្រោសប្រទានឲ្យឆ្នាំ ប្រកបដោយភាពសម្បូរណ៍សប្បាយ ហើយផ្លូវរាជរថព្រះអង្គក៏ហូរហៀរ ដោយ ភោគផលបរិបូរដែរ។
12វាលស្មៅនៅទីរហោស្ថានមានសំណើមហូរហៀរ ហើយភ្នំនានាក៏ហ៊ុមព័ទ្ធដោយអំណរដែរ
13វាលស្មៅប្រដាប់ខ្លួនដោយហ្វូងចៀម ជ្រលងភ្នំតាក់តែងខ្លួនដោយស្រូវដេរដាស ទីទាំងនោះស្រែកច្រៀងព្រមគ្នាដោយអំណរ។