ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 27

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះ‌អម្ចាស់​ជា​ពន្លឺ និង​ជា​ព្រះ‌សង្គ្រោះ​ខ្ញុំ តើខ្ញុំ​ត្រូវ​ខ្លាច​នរណា​ទៀត? ព្រះ‌អម្ចាស់​ជា​ទី​ជម្រក​របស់​ជីវិត​ខ្ញុំ តើខ្ញុំ​ត្រូវតក់‌ស្លុត​ឬ?
2ពេល​ពួកបច្ចា​មិត្ត និង​ខ្មាំង​សត្រូវ​របស់​ខ្ញុំ​នាំគ្នាមកជិត​ខ្ញុំ ដើម្បី​ស៊ី​សាច់​ខ្ញុំ នោះ​គេ​នឹង​ជំពប់​ដួល។
3ទោះ​បើ​មាន​ពល​ទ័ព​មក​ឡោម​ព័ទ្ធ​ខ្ញុំ ក៏​ចិត្ត​ខ្ញុំ​មិន​ភ័យ​ខ្លាច​ឡើយ ទោះ​បើ​មាន​ចម្បាំង​កើត​ឡើង​ទាស់​នឹង​ខ្ញុំ ក៏​ខ្ញុំ​នៅ​តែ​មានទំនុកចិត្តជានិច្ច។
4ខ្ញុំបាន​សូម​សេចក្ដី​តែ​មួយ​ពី​ព្រះ‌អម្ចាស់ ហើយ​នឹង​ស្វែង​រក​សេចក្ដី​នោះ​ឯង គឺ​ឲ្យ​ខ្ញុំ​បាន​នៅ​ក្នុង​ដំណាក់​របស់​ព្រះ‌អម្ចាស់ រាល់​តែ​ថ្ងៃ​អស់​មួយ​ជីវិត​របស់​ខ្ញុំ ដើម្បី​រំពឹង​មើល​សោភ័ណភាព​របស់​ព្រះ‌អម្ចាស់ ហើយ​ពិនិត្យ​ពិចារណា​នៅ​ក្នុង ព្រះ‌វិហារ​របស់​ព្រះ‌អង្គ។
5ដ្បិត នៅក្នុងថ្ងៃដែលមានទុក្ខលំបាក ព្រះជាម្ចាស់នឹងបិតបាំងទូលបង្គំនៅក្រោមម្លប់របស់ព្រះអង្គ បិតបាំងដោយ​ព្រះ​ពន្លារបស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​នឹង​លើក​ខ្ញុំ​ដាក់​លើ​ថ្ម​ដា។
6ដ្បិត ខ្ញុំ​បាន​ងើប​ក្បាល​ឡើង ខ្ពស់​ជាង​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ថ្វាយ​យញ្ញ​បូជា នៅ​ក្នុង​ព្រះ​ពន្លា​របស់​ព្រះ‌អង្គ ទាំង​ស្រែក​ដោយ​អំណរ ខ្ញុំ​នឹង​ច្រៀង ខ្ញុំ​នឹង​លើក​ទំនុក​ថ្វាយ​ព្រះ‌អម្ចាស់!
7ឱ​ព្រះ‌អម្ចាស់​អើយ! សូម​សណ្ដាប់​ពេល​ទូល‌បង្គំ​ទូលរកព្រះអង្គ សូម​មេត្តាដល់​ទូល‌បង្គំ និង​ឆ្លើយ​តប​មក​ទូល‌បង្គំ​ផង!
8ឱព្រះអម្ចាស់អើយ! ចិត្ត​ទូលបង្គំ​នឹក​ដល់​ព្រះ‌បន្ទូលរបស់ព្រះអង្គថា «ចូរ​ស្វែងព្រះភ័ក្រ្តរបស់ព្រះអង្គ!» ទូល‌បង្គំ​ស្វែង​រក​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ហើយ។
9សូមកុំបាំងព្រះភ័ក្រ្តព្រះអង្គពីទូលបង្គំឡើយ សូមកុំបង្វែរសេចក្តីកំហឹងរបស់ព្រះអង្គមកលើអ្នកបម្រើរបស់ព្រះអង្គឡើយ! ព្រះអង្គជាអ្នកជួយទូលបង្គំ ព្រះជាម្ចាស់នៃសេចក្តី សង្គ្រោះទូលបង្គំអើយ សូម​កុំ​ផាត់ទូល‌បង្គំ​ចេញសូមកុំ​បោះ‌បង់​ចោល​ទូល‌បង្គំ​ឡើយ!
10បើទោះបីឪពុក​ម្តាយ បានបោះ​បង់​ចោល​ទូល‌បង្គំ ព្រះ‌អម្ចាស់នឹង​ទទួល​ទូល‌បង្គំ​ទុក។
11ឱ​ព្រះ‌អម្ចាស់​អើយ! សូម​បង្រៀន​ទូល‌បង្គំ​ឲ្យ​ស្គាល់ផ្លូវ​របស់​ព្រះ‌អង្គ សូម​នាំ​ទូល‌បង្គំ​ទៅ​តាម​ផ្លូវ​រាប​ស្មើ ដោយព្រោះ​តែ​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ។
12សូម​កុំ​ប្រគល់​ទូល‌បង្គំ​ទៅ​តាម​បំណង​ចិត្ត បច្ចា‌មិត្ត​របស់​ទូល‌បង្គំ​ឡើយ ដ្បិត​មាន​ស្មរ​បន្ទាល់​ក្លែង​ក្លាយ បាន​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ ពីព្រោះ​ដង្ហើមពួកគេ​ចេញ​ដោយពាក្យ​សាហាវ!
13តើនឹងមានអ្វីកើតឡើងដល់​ទូល‌បង្គំ ​បើទូលបង្គំមិន​ជឿ​ថាព្រះ‌អម្ចាស់ពេញដោយសេចក្ដីសប្បុរស​ នៅ​ក្នុង​ទឹក​ដី​របស់​មនុស្ស​កំពុងរស់នៅ?
14ចូរ​រង់‌ចាំ​ចំពោះព្រះ‌អម្ចាស់ ចូរ​មាន​កម្លាំង ហើយ​មាន​ចិត្ត​ក្លាហាន​ឡើង ចូរ​រង់‌ចាំ​ព្រះ‌អម្ចាស់ចុះ!
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។