ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 26

Read Scripture freely. Divine Threads study for this chapter is coming later.

1​ព្រះ‌អម្ចាស់​អើយ សូម​រក​យុត្តិធម៌​ឲ្យ​ទូល‌បង្គំផង ដ្បិត​ទូល‌បង្គំ​បាន​ដើរ​យ៉ាង​ត្រឹម​ត្រូវ ក៏​បាន​ទុក​ចិត្ត​នឹង​ព្រះ‌អម្ចាស់ឥត​ល្អៀង​ឡើយ។
2ឱ​ព្រះ‌អម្ចាស់​អើយ សូម​ពិនិត្យ​មើល​ទូល‌បង្គំ ហើយ​ល្បង​ល​ទូល‌បង្គំ នឹងសាក​ចិត្ត​គំនិត​របស់​ទូល‌បង្គំ​ចុះ។
3ដ្បិតព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ នៅនិងមុខភ្នែក​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​បាន​ដើរ​តាម សេចក្ដី​ស្មោះត្រង់បស់​ព្រះ‌អង្គ។
4ទូលបង្គំមិនបានចូលរួមជាមួយពួកមនុស្សបោកបញ្ឆាត ក៏​មិន​បាន​សេព​គប់​ជា​មួយ​មនុស្ស​មាន​ពុត​ដែរ។
5ទូលបង្គំ​មិន​ចូល​ចិត្ត​ ពួក​អ្នក​ដែល​ប្រព្រឹត្ត​ការអាក្រក់ ហើយ​ទូលបង្គំ​មិន​អង្គុយ​រួម​ជា​មួយ មនុស្ស​ពាល​ដែរ។
6​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​លាង​ដៃ​ជា​សម្គាល់​ថា ទូល‌បង្គំគ្មាន​ទោស​ទេ ហើយ​ទូល‌បង្គំ​ដើរ​ជុំ​វិញ​អាសនា​របស់​ព្រះ‌អង្គ
7ដើម្បី​ស្រែកច្រៀងសរសើរតម្កើន និង​រៀប​រាប់​ពី​ការ​អស្ចារ្យ ​របស់​ព្រះ‌អង្គ។
8​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ស្រឡាញ់ ព្រះ​ដំណាក់​ដែល​ព្រះ‌អង្គ​គង់​នៅ និង​កន្លែង​ដែល​មាន​សិរី​ល្អរបស់​ព្រះ‌អង្គ​ស្ថិត​នៅ។
9សូម​កុំផាត់​ព្រលឹង​ទូល‌បង្គំ​ចេញជាមួយអ្នកមាន​បាប​ឡើយ ឬ​កុំ​ដក​ជីវិត​ទូល‌បង្គំ ជា​មួយ​មនុស្ស​ដែល​កម្ចាយ​ឈាម​ដែរ
10ដៃ​របស់​អ្នក​ទាំង​នោះ សុទ្ធ​តែ​ជាប់​មាន​អំពើ​អាក្រក់ ហើយ​ដៃ​ស្តាំ​របស់​គេ​ពេញ​ដោយ​សំណូក។
11ប៉ុន្តែ ​ទូល‌បង្គំវិញ ទូល‌បង្គំ​នឹង​ដើរ ដោយ​ចិត្ត​ទៀង​ត្រង់ សូមប្រោស​លោះ​ទូល‌បង្គំ ហើយ​ផ្តល់ក្តីមេត្តាដល់ទូល‌បង្គំ​ផង។
12ជើង​ទូល‌បង្គំ​ឈរ​នៅ​លើ​ដី​រាប​ស្មើ ទូល‌បង្គំ​នឹង​ថ្វាយ​ព្រះ​ពរ​ព្រះ‌អម្ចាស់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។