ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 115

Read Scripture freely. Divine Threads study for this chapter is coming later.

1មិន​មែន​យើង​ខ្ញុំ​ទេ ឱ​ព្រះ‌អម្ចាស់​អើយ មិន​មែន​យើង​ខ្ញុំ​ទេ តែ​ព្រះ​នាម​ព្រះ‌អង្គ​វិញ ដែល​ទទួល​ការ​លើក​តម្កើង ដោយ​យល់​ដល់​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​សេចក្ដី​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ។
2ហេតុ​អ្វី​បាន​ជា​ជនជាតិនានា​ពោល​ថា «តើ​ព្រះ​របស់​ពួកគេ​នៅ​ឯ​ណា?»
3ព្រះជាម្ចាស់​នៃ​យើង​ខ្ញុំ​ព្រះ‌អង្គ​គង់​នៅ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​ធ្វើ​គ្រប់​កិច្ច​ការ ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ។
4ព្រះ​របស់​គេ​សុទ្ធ​តែ​ជា​រូបសំណាក ធ្វើ​ពី​ប្រាក់ និង​មាស ជា​ស្នាដៃ​ដែល​មនុស្ស​ធ្វើ។
5រូប​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយ មាន​ភ្នែក តែ​មើល​មិន​ឃើញ
6មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ មាន​ច្រមុះ តែ​ធុំ​ក្លិន​មិន​បាន។
7មាន​ដៃ តែ​ចាប់​កាន់​មិន​បាន មាន​ជើង តែ​មិន​ចេះ​ដើរ រូប​ទាំង​នោះ​មិន​ចេះ​បញ្ចេញ​សំឡេង តាម​បំពង់​កឡើយ។
8ពួកអ្នក​ដែល​ធ្វើ អស់​អ្នក​ដែល​ទុក​ចិត្ត នឹង​រូប​ទាំង​នោះ នឹង​បាន​ដូច​ជា​រូប​ទាំង​នោះ​ដែរ។
9​អុីស្រា‌អែល​អើយ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​ខែល​របស់អ្នក។
10​ពួក​វង្ស​អើរ៉ុន​អើយ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​ខែល​របស់​អ្នក។
11​អ្នករាល់​គ្នា​ដែល​គោរពដល់ព្រះ‌អម្ចាស់អើយ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​ខែល​របស់​អ្នក​។
12ព្រះ‌អម្ចាស់​បាន​នឹក​ចាំ​ពី​យើង ព្រះ‌អង្គ​នឹង​ប្រទាន​ពរយើងព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ពួក​វង្ស​អុីស្រា‌អែល ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ពួក​វង្ស​អើរ៉ុន។
13ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អម្ចាស់ ទាំង​អ្នក​តូច ទាំងអ្នក​ធំ។
14សូម​ព្រះ‌អម្ចាស់ប្រទាន​ពរ ឲ្យ​អ្នក​រាល់​គ្នាបាន​ចម្រើន​ឡើង គឺ​ទាំង​អ្នក​រាល់​គ្នា ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា។
15សូមឲ្យអ្នក​បាន​ពរ​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​ដែល​បានបង្កើត​ផ្ទៃ​មេឃ និង​ផែនដី។
16ស្ថាន‌សួគ៌ គឺ​ជា​​របស់​ព្រះ‌អម្ចាស់ ចំណែក​ផែនដី​វិញ ព្រះ‌អង្គ​បាន​ប្រទានដល់​មនុស្សជាតិ។
17មនុស្ស​ស្លាប់​មិន​ចេះ​សរសើរ​តម្កើង ព្រះ‌អម្ចាស់ទេ ហើយ​អ្នក​ណា​ដែល​ចុះ​ទៅ​ស្ថាន​ស្ងាត់​ឈឹង ក៏​មិន​ចេះ​សរសើរ​តម្កើងព្រះ‌អង្គ​ដែរ។
18ប៉ុន្តែ ​យើង​វិញ នឹង​ថ្វាយ​ព្រះ​ពរ​ព្រះ‌អម្ចាស់ ចាប់​តាំង​ពី​ឥឡូវ​នេះ រហូត​អស់‌កល្ប​។ សរសើរដល់ព្រះអម្ចាស់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។