1ខ្ញុំស្រឡាញ់ព្រះអម្ចាស់ ព្រោះព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេងខ្ញុំ និងពាក្យដែលខ្ញុំទូលអង្វរ។
2ដោយព្រោះព្រះអង្គបានផ្អៀងព្រះកាណ៌ស្តាប់ខ្ញុំ ដូច្នេះ ខ្ញុំនឹងអំពាវនាវរកព្រះអង្គអស់មួយជីវិត។
3អន្ទាក់នៃសេចក្ដីស្លាប់បាននៅជុំវិញខ្ញុំ ការឈឺចាប់នៃស្ថានឃុំព្រលឹងមនុស្សស្លាប់ បានរឹតរួតខ្ញុំ ខ្ញុំរងទុក្ខវេទនា ហើយថប់បារម្ភ។
4ខ្ញុំបានអំពាវនាវ ដល់ព្រះនាមព្រះអម្ចាស់ថា៖ «ឱព្រះអម្ចាស់អើយ ទូលបង្គំសូមអង្វរ សូមរំដោះព្រលឹងទូលបង្គំផង»។
5ព្រះអម្ចាស់ ប្រកបដោយព្រះហឫទ័យ ប្រណីសន្ដោស ហើយសុចរិត ព្រះនៃយើងប្រកបដោយ ព្រះហឫទ័យមេត្តា ករុណា។
6ព្រះអម្ចាស់ជួយការពារមនុស្សឆោតល្ងង់ កាលខ្ញុំត្រូវគេបន្ទាបបន្ថោក ព្រះអង្គបានសង្គ្រោះខ្ញុំ។
7ឱព្រលឹងខ្ញុំអើយ! ចូរបែរមករក ទីសម្រាករបស់ខ្លួនវិញទៅ ដ្បិតព្រះអម្ចាស់បានប្រព្រឹត្តនឹងអ្នក ដោយព្រះគុណហើយ។
8ដ្បិតព្រះអង្គបានរំដោះព្រលឹងខ្ញុំឲ្យរួចពីស្លាប់ ជូតទឹកភ្នែកឲ្យខ្ញុំហើយការពារជើងខ្ញុំមិនឲ្យជំពប់ដួល។
9ខ្ញុំនឹងដើរនៅចំពោះព្រះអម្ចាស់ នៅក្នុងទឹកដីរបស់មនុស្សរស់។
10ខ្ញុំបានជឿ ទោះជាពេលដែលខ្ញុំពោលថា៖«ខ្ញុំមាន ទុក្ខព្រួយខ្លាំងណាស់»។
11ខ្ញុំបានពោលទាំងប្រញាប់ប្រញាល់ថា «មនុស្សទាំងអស់សុទ្ធតែភូតកុហក»។
12តើខ្ញុំនឹងតបស្នងអ្វីដល់ព្រះអម្ចាស់ ចំពោះអស់ទាំងព្រះគុណ ដែលទ្រង់បានផ្តល់មកខ្ញុំ?
13ខ្ញុំនឹងលើកពែងនៃការសង្គ្រោះឡើង ហើយអំពាវនាវរកព្រះនាមព្រះអម្ចាស់។
14ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះអម្ចាស់ នៅចំពោះមុខប្រជាជនទាំងប៉ុន្មាន របស់ព្រះអង្គ។
15ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះអម្ចាស់មានតម្លៃវិសេសណាស់ នៅចំពោះព្រះនេត្ររបស់ព្រះអង្គ។
16ព្រះអម្ចាស់អើយ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ កូនរបស់ស្ត្រីជាអ្នកបម្រើរបស់ព្រះអង្គ ព្រះអង្គបានស្រាយចំណងរបស់ទូលបង្គំហើយ។
17ទូលបង្គំនឹងថ្វាយយញ្ញបូជា នៃការអរព្រះគុណដល់ព្រះអង្គ ហើយអំពាវនាវរកព្រះនាមព្រះអម្ចាស់។
18ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះអម្ចាស់ នៅចំពោះមុខប្រជាជនទាំងប៉ុន្មានរបស់ព្រះអង្គ
19នៅក្នុងព្រះលាននៃព្រះដំណាក់ របស់ព្រះអម្ចាស់ នៅកណ្ដាលអ្នក ក្រុងយេរូសាឡិមអើយ។ សរសើរព្រះអម្ចាស់។