ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

សុភាសិត 7

Read Scripture freely. Divine Threads study for this chapter is coming later.

1កូន​អើយ កុំ​ភ្លេច​ពាក្យ​បណ្ដាំ​យើង ចូរ​ចង‌ចាំ​ពាក្យ​ដែល​យើងទូន្មាន។
2ចូរ​រក្សា​ពាក្យ​ដែលយើងទូន្មាន​នេះ ទើប​កូន​មាន​ជីវិត ចូរ​រក្សាសេចក្តីបង្រៀនរបស់យើង​ទុក​ដូច​ជា​កែវ​ភ្នែក។
3ចូរ​ចង‌ចាំ​ពាក្យ​របស់​ឪពុក​គ្រប់​ពេល​វេលា ហើយ​ចារឹក​ទុក​ក្នុង​ដួង​ចិត្ត​ជានិច្ច។
4ចូរ​និយាយដោយ​ប្រាជ្ញា «​អ្នកគឺជា​ប្អូនស្រីរបស់ខ្ញុំ» ហើយ​ត្រូវ​ហៅ​ការ​ចេះ​ដឹង​ថា​ជា​មិត្ត​សម្លាញ់
5ធ្វើ​ដូច្នេះ កូន​អាច​គេច​ផុត​ពី​ស្ត្រី​ក្បត់​ប្ដី និង​គេច​ផុត​ពី​ប្រពន្ធ​គេ ដែល​ប្រសប់​លួង‌លោម។
6ដ្បិតយើងបាន​មើល​តាម​បង្អួច​ផ្ទះរបស់យើង សម្លឹង​ទៅ​ផ្លូវ​កែង។
7យើងឃើញ​មនុស្សដែល​មិន​សូវ​ដឹង​ខុស​ត្រូវ យើងក៏​ឃើញ​ក្មេង​កំលោះ​ម្នាក់ គឺជាអ្នកគ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ។
8ក្មេង​កំលោះ​នោះ​ដើរ​តាម​ផ្លូវ​មាន​ផ្ទះ​លក់​ដូរ ក្បែរ​កន្លែង​ដែល​ស្ត្រី​ក្បត់​ប្ដី​រស់​នៅ ហើយ​ដើរ​តម្រង់​ទៅ​ផ្ទះ​នាង។
9ពេល​នោះ ជា​ពេល​ល្ងាច ថ្ងៃ​កំពុង​លិច ហើយ​យប់​ងងឹត​ក៏​ជិត​មក​ដល់។
10ស្ត្រី​នោះ​ចេញ​មក​ជួប​អ្នក​កំលោះ ទាំង​ស្លៀក​ពាក់​ជា​របៀប​ស្រី​ពេស្យា ដើម្បី​ទាក់‌ទាញ​ចិត្ត​គេ។
11នាង​ពុះ‌កញ្ជ្រោល ស្រើប‌ស្រាល ឥត​អៀន​ខ្មាស ទ្រាំ​នៅ​ក្នុង​ផ្ទះ​មិន​បាន​ទេ។
12នាង​នេះ​ដើរ​រក​ប្រុស​នៅ​តាម​ដង​ផ្លូវ នៅ​តាម​ផ្សារ និង​នៅ​គ្រប់​កៀន​កោះ។
13ដូច្នេះ នាង​ចាប់​អ្នក​កំលោះ​មក​ឱប​រឹតនិងថើប ហើយ​និយាយ​ដោយមុខខឹងថា
14«ថ្ងៃ​នេះ ខ្ញុំ​ទើប​នឹង​ថ្វាយ​យញ្ញ‌បូជា​អរ​ព្រះ‌គុណ ដើម្បី​លា​បំណន់។
15ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ចេញ​មក​ជួប​បង ដ្បិត​ខ្ញុំ​ចង់​ស្គាល់​បង​យូរ​ហើយ ឥឡូវ ខ្ញុំ​ជួប​បង​មែន។
16អូនបាន​រៀបចំ​គ្រែរួចហើយ ដែល​មាន​ភួយ​ចម្រុះ​ពណ៌ និង​មាន​ផាហ៊ុម​ល្អៗ​មក​ពី​​អេស៊ីប។
17អូន​បាន​ប្រោះ​ទឹក​អប់ និង​គ្រឿង​ក្រអូប​ផ្សេងៗ​ពី​លើ​គ្រែ​នោះ។
18សូម​មកចុះ ហើយផឹកស្រារួម​ស្នេហ៍​យ៉ាង​សប្បាយ​ជា​មួយ​គ្នា​ រហូត​ដល់​ព្រឹក​ស្អែក។
19ដ្បិត ប្ដី​អូនមិន​នៅ​ផ្ទះ​ទេ គាត់​បាន​ចេញ​ដំណើរ​ទៅ​កន្លែង​ឆ្ងាយ​ទៅ​ហើយ។
20គាត់​យក​ប្រាក់​មួយ​ថង់​ទៅ​ជា​មួយ​ដល់​ថ្ងៃ​ពេញ‌បូណ៌ ទើប​គាត់​វិល​ត្រឡប់​មក​ផ្ទះ​វិញ»។
21នាង​និយាយ​បញ្ចុះ‌បញ្ចូល​យ៉ាង​ប៉ិន‌ប្រសប់ អូស​ទាញ​អ្នក​កំលោះ​ដោយ​ពាក្យ​សម្ដី​ផ្អែម‌ល្ហែម។
22អ្នក​កំលោះ​ក៏​ទៅ​តាម​នាង​ភ្លាម ដូច​គោ​ដែល​គេ​នាំ​ទៅ​ទី​សត្ត‌ឃាត និង​ដូច​មនុស្ស​ឆ្កួត​ដែល​បណ្ដោយ​ឲ្យ​គេ​ចង​ជើង​ចង​ដៃ យក​ទៅ​ធ្វើ​ទោស។
23អ្នក​នោះ​ប្រៀប​បាន​នឹង​សត្វ​ស្លាប ហើរ​បោះ‌ពួយ​ទៅ​រក​អន្ទាក់ ដោយ​មិន​ដឹង​ថា ខ្លួន​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទេ។ លុះ​ត្រា​តែ​មាន​ព្រួញ​មក​ទម្លុះ​ដល់​បេះ‌ដូង។
24ឥឡូវ​នេះ កូន​អើយ ចូរ​ស្ដាប់​យើង ចូរ​ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី​ដែល​ដែលចេញពីមាត់របស់យើង។
25កុំ​បាក់​ចិត្ត​ទៅ​តាម​ស្ត្រី​ប្រភេទ​នេះ​ឡើយ ហើយ​ក៏​កុំ​វង្វេង​ទៅ​សេព‌គប់​ជា​មួយ​ផ្លូវរបស់នាងដែរ។
26ដ្បិត ​ស្ត្រី​នេះ​បាន​ធ្វើ​ឲ្យមនុស្សវិនាស​ជា​ច្រើនហើយ សេចក្តីស្លាប់​ដោយ‌សារ​ស្នាដៃ​នាង​គឺមានច្រើនណាស់ដែរ។
27ផ្ទះ​របស់​នាង​ជា​ស្ថាន​មច្ចុរាជ គេ​បានចូល​ទៅ​ក្នុង​បន្ទុប់ដែលងងឺត នៃសេចក្តីស្លាប់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។