1អ្នកណាស្រឡាញ់ការប្រៀនប្រដៅ និងស្រឡាញ់ចំណេះដឹង ប៉ុន្តែអ្នកណាស្អប់ការកែតម្រូវគឺជាមនុស្សល្ងង់។
2ព្រះអម្ចាស់ ផ្តល់ព្រះគុណដល់មនុស្សល្អ ប៉ុន្តែព្រះជាម្ចាស់នឹងមិនផ្តល់ក្តីមេតា្តដល់ មនុស្សដែលដើរតាមផ្លូវអាក្រក់ឡើយ។
3គ្មានមនុស្សណាបានតាំងមាំមួនឡើង ដោយសារអំពើអាក្រក់ទេ ប៉ុន្តែមនុស្សសុចរិត មិនត្រូវរលើងឡើយ។
4ស្ត្រីមានចិត្តបរិសុទ្ធ នោះជាមកុដដល់ប្តី តែស្ត្រីណាដែលនាំឲ្យមានសេចក្ដីខ្មាស និងដូចជាជំងឺដែលបានចាក់ឬស នៅក្នុងឆ្អឹងរបស់ប្តីវិញ។
5គ្រប់ទាំងផែនការរបស់មនុស្សសុចរិត គឺសុទ្ធតែទៀងត្រង់ តែយោបល់របស់មនុស្សអាក្រក់ គឺជាការឆបោកវិញ។
6ពាក្យសម្ដីរបស់មនុស្សអាក្រក់ គឺរកតែរឿងនឹងរង់ចាំដើម្បីសម្លាប់ តែពាក្យរបស់មនុស្សទៀងត្រង់ នឹងជួយឲ្យគេបានជីវិត។
7បើមនុស្សអាក្រក់រលំ គេគ្មាននៅសល់អ្វីឡើយ តែពូជពង្សរបស់មនុស្សសុចរិតនៅស្ថិតស្ថេរជានិច្ច។
8មនុស្សដែលចេះត្រិះរិះពិចារណាតែងតែមានគេសរសើរ ប៉ុន្តែមនុស្សមានចិត្តមិនត្រង់តែងតែមានគេមើលងាយ។
9រស់នៅជាមនុស្សសាមញ្ញ ហើយមានអ្នកបម្រើតែម្នាក់ នោះប្រសើរជាងវាយឫកហ៊ឺហា តែខ្វះអាហារបរិភោគវិញ។
10មនុស្សសុចរិតតែងតែថែទាំសត្វរបស់ខ្លួន ប៉ុន្តែមនុស្សអាក្រក់វិញ គ្មានចិត្តមេត្តាករុណាសោះឡើយ។
11អ្នកខំប្រឹងធ្វើស្រែចម្ការ គឺតែងតែមានអាហារបរិភោគឆ្អែតគ្រប់គ្រាន់ ចំណែកអ្នកចូលចិត្តនិយាយឥតប្រយោជន៍ជាមនុស្សខ្វះការពិចារណា។
12មនុស្សពាលតែងតែលោភចង់បានទ្រព្យសម្បត្តិរបស់មនុស្សអាក្រក់ ប៉ុន្តែអ្វីៗដែលមនុស្សសុចរិតបានធ្វើផងនោះគឺចេញមកពីគេខ្លួនឯង។
13មនុស្សអាក្រក់ជាប់អន្ទាក់ ដោយសារតែពាក្យសម្ដីរបស់ខ្លួនចំណែកមនុស្សសុចរិតតែងតែរួចពីទុក្ខលំបាកវិញ។
14ផលចេញពីពាក្យដែលអ្នកនោះប្រើ បានបំពេញដល់គាត់នូវការល្អ គឺបានមកពីផលនៃដៃរបស់គាត់បានជារង្វាន់។
15ផ្លូវរបស់មនុស្សអាក្រក់គឺនៅត្រង់ចំពោះមុខ ប៉ុន្តែមនុស្សមានប្រាជ្ញា គឺស្តាប់យោបល់អ្នកដទៃ។
16មនុស្សខ្លៅឆាប់ច្រឡោតខឹង ចំណែកមនុស្សឆ្លាតតែងតែចេះទប់ចិត្ត។
17មនុស្សនិយាយការពិតរមែងធ្វើឲ្យមានភាពត្រឹមត្រូវ ចំណែកសាក្សីក្លែងក្លាយតែងតែធ្វើឲ្យមានមិនត្រឹមត្រូវ។
18អ្នកដែលនិយាយប៉បាច់ប៉ប៉ោចតែងតែធ្វើឲ្យអ្នកដទៃរបួស ដូចចាក់មួយដាវ ចំណែកពាក្យសម្ដីរបស់មនុស្សមានប្រាជ្ញាជាឱសថព្យាបាលមុខរបួស។
19ពាក្យពិតពីមាត់មានតម្លៃរហូត ប៉ុន្តែពាក្យភូតភរស្ថិតនៅតែមួយគ្រាខ្លីតែប៉ុណ្ណោះ។
20អ្នកដែលប៉ុនប៉ងធ្វើអំពើអាក្រក់តែងតែលាក់ចិត្តអាក្រក់ជានិច្ច ប៉ុន្តែអ្នកកសាងសន្តិភាពតែងតែមានក្តីសុខសាន្ត។
21គ្មានគ្រោះកាចណាកើតមានដល់មនុស្សសុចរិតទេ ប៉ុន្តែមនុស្សអាក្រក់វិញ តែងតែជួបប្រទះនិងទុក្ខលំបាក។
22ព្រះអម្ចាស់ស្អប់មនុស្សកុហក តែព្រះអង្គគាប់ព្រះហឫទ័យមនុស្សដែលរស់ជាមួយពាក្យស្មោះត្រង់។
23មនុស្សឆ្លាតមិនអួតពីចំណេះដឹងខ្លួនទេ ប៉ុន្តែមនុស្សខ្លៅចូលចិត្តអួតអាងអំពីអវិជ្ជារបស់ខ្លួន។
24មនុស្សឧស្សាហ៍នឹងក្លាយទៅជាមេគ្រប់គ្រង ចំណែកមនុស្សខ្ជិលច្រអូសនឹងធ្លាក់ខ្លួនជាអ្នកបម្រើវិញ។
25ការខ្វល់ខ្វាយតែងតែធ្វើឲ្យមនុស្សបាក់ទឹកចិត្ត ប៉ុន្តែពាក្យទន់ភ្លន់តែងតែធ្វើឲ្យមានអំណរឡើងវិញ។
26មនុស្សសុចរិតតែងតែនាំមិត្តសម្លាញ់របស់ខ្លួនឲ្យដើរតាមផ្លូវល្អ ចំណែកកិរិយារបស់មនុស្សអាក្រក់នាំឲ្យគេវង្វេងវិញ។
27ព្រានកម្ជិលគ្មានសាច់អាំងទេ ចិត្តឧស្សាហ៍ជាសម្បត្តិដ៏មានតម្លៃរបស់មនុស្ស។
28នៅក្នុងផ្លូវសុចរិតមានជីវិត ហើយផ្លូវនេះមិននាំមនុស្សទៅរកសេចក្ដីស្លាប់ឡើយ។