1ព្រះអម្ចាស់ស្អប់អ្នកបន្លំភ្នែកជញ្ជីង តែព្រះអង្គគាប់ព្រះហឫទ័យនឹងអ្នកដែលប្រើជញ្ជីងត្រឹមត្រូវ។
2អ្នកណាដែលមានអំនួត នឹងមិនត្រូវគេឲ្យតម្លៃទេ ប៉ុន្តែអ្នកណាដែលបន្ទាបខ្លួន គឺជាអ្នកដែលពេញដោយប្រាជ្ញា។
3ចិត្តទៀងត្រង់តែងតែនាំផ្លូវមនុស្សត្រឹមត្រូវ ប៉ុន្តែផ្លូវអាក្រក់តែងតែនាំទៅរកសេចក្តីវិនាស។
4នៅថ្ងៃព្រះអម្ចាស់វិនិច្ឆ័យទោស ទ្រព្យសម្បត្តិគ្មានប្រយោជន៍អ្វីទេ គឺមានតែសេចក្ដីសុចរិតប៉ុណ្ណោះ ទើបអាចជួយឲ្យរួចពីស្លាប់បាន។
5សេចក្ដីសុចរិតរបស់មនុស្សគ្មានកំហុស រមែងតម្រង់ផ្លូវរបស់ខ្លួន រីឯមនុស្សពាលវិញ តែងតែស្លាប់ដោយសារអំពើពាលរបស់ខ្លួន។
6សេចក្ដីទៀងត្រង់នៃអ្នកដែលគោរពកោតខ្លាចព្រះជាម្ចាស់ នឹងរក្សាពួកគេឲ្យបានសង្រ្គោះ ប៉ុន្តែមនុស្សវៀចវេរ តែងតែជាប់អន្ទាក់របស់ពួកគេខ្លួនឯង។
7នៅពេលមនុស្សពាលស្លាប់ ក្តីសង្ឃឹមរបស់គេនឹងត្រូវវិនាសដែរ ហើយក្តីសង្ឃឹមជាកម្លាំងរបស់គេក៏គ្មានន័យអ្វីដែរ។
8ពួកអ្នកសុចរិតនឹងរក្សាគេចេញពីសេចក្តីទុក្ខលំបាក ហើយការអាក្រក់ទាំងនោះ និងត្រូវធ្លាក់មកលើមនុស្សពាលវិញ។
9មនុស្សមានមាត់អាក្រក់គឺបំផ្លាញអ្នកជិតខាង ប៉ុន្តែមនុស្សសុចរិតវិញ តែងតែបានសង្គ្រោះ ដោយសារចំណេះដឹង។
10ពេលមនុស្សសុចរិតមានសុភមង្គល អ្នកក្រុងទាំងមូលនឹងសប្បាយរីករាយ ពេលមនុស្សអាក្រក់វិនាស ពួកគេបែរជានាំគ្នាស្រែកហ៊ោវិញ។
11តាមរយៈសេចក្តីល្អរបស់អ្នកដែល កោតខ្លាចព្រះជាម្ចាស់ ធ្វើឲ្យទីក្រុងរបស់ពួកគេកាន់តែរីកចំរើនឡើង ប៉ុន្តែតាមរយៈមាត់មិនល្អរបស់មនុស្សពាលវិញ នោះធ្វើឲ្យទីក្រុងធ្លាក់ចុះវិញ។
12អ្នកណាមើលងាយមិត្តរបស់ខ្លួន អ្នកនោះជាមនុស្សមិនចេះពិចារណាប៉ុន្តែមនុស្សមានចំណេះដឹងតែងតែនៅស្ងៀម។
13អ្នកនិយាយដើមគេមិនអាចរក្សារឿងសម្ងាត់ជិតឡើយ តែអ្នកដែលគេទុកចិត្តតែងតែលាក់រឿងសម្ងាត់ទាំងនោះបាន។
14កន្លែងណាដែលគ្មានអ្នកដឹកនាំមានប្រាជ្ញា ប្រជាជនតែងតែវិនាស ប៉ុន្តែជ័យជំនះគឺដែលមានទីប្រឹក្សា និងអ្នកឲ្យយោបល់ច្រើនៗ។
15អ្នកណាធានារ៉ាប់រងអ្នកដទៃ អ្នកនោះតែងតែកើតទុក្ខ រីឯអ្នកដែលមិនព្រមធានា តែងតែបានសុខ។
16ស្ត្រីរូបស្អាតតែងតែមានគេសរសើរ ប៉ុន្តែមនុស្សស្វាហាប់ តែងតែរកទ្រព្យបាន។
17អ្នកមានចិត្តសប្បុរសតែងតែធ្វើឲ្យខ្លួនមានសុភមង្គល ប៉ុន្តែមនុស្សឃោរឃៅរមែងធ្វើឲ្យរូបកាយរបស់ខ្លួនកាន់តែរងទុក្ខវេទនា។
18មនុស្សពាលរកបានតែសម្បត្តិក្ដៅក្រហាយ រីឯមនុស្សដែលសាបព្រោះសេចក្ដីសុចរិត រមែងទទួលផលដែលមិនចេះសាបសូន្យ។
19សេចក្ដីសុចរិតតែងតែនាំទៅកាន់ជីវិត ប៉ុន្តែអ្នកដែលដើរតាមផ្លូវអាក្រក់រមែងស្លាប់ខ្លួន។
20ព្រះអម្ចាស់ស្អប់មនុស្សមានចិត្តវៀចវេរ ប៉ុន្តែព្រះអង្គគាប់ព្រះហឫទ័យនឹងមនុស្សទៀងត្រង់។
21មនុស្សទុច្ចរិតត្រូវតែទទួលទោសជៀសមិនផុត រីឯពូជពង្សរបស់មនុស្សសុចរិតនឹងរួចជីវិត។
22ដូចជាស្ត្រីមានរូបស្អាតតែឥតគំនិត ប្រៀបដូចជាចិញ្ចៀនមាស ដែលគេយកទៅពាក់នៅច្រមុះជ្រូក។
23មនុស្សសុចរិតមានបំណងតែមួយគត់ គឺធ្វើអំពើល្អ ប៉ុន្តែសេចក្ដីប៉ងប្រាថ្នារបស់មនុស្សអាក្រក់រមែងធ្វើឲ្យខ្លួនទទួលទោស។
24មនុស្សមានចិត្តទូលាយរឹតតែមានទ្រព្យច្រើន រីឯមនុស្សកំណាញ់ធ្វើឲ្យខ្លួនកាន់តែក្រទៅៗ។
25មនុស្សមានចិត្តសទ្ធាតែងតែបានចម្រុងចម្រើន ប៉ុន្តអ្នកដាក់ទានទឹកឲ្យគេ តែងតែទទួលទឹកពីគេវិញ។
26អ្នកដែលទុកស្រូវក្នុងឃ្លាំង ដើម្បីដំឡើងថ្លៃតែងតែត្រូវប្រជាជនដាក់បណ្ដាសា រីឯអ្នកដែលសុខចិត្តលក់ស្រូវរបស់ខ្លួននឹងបានទទួលពរ។
27ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងអ្នកដែលព្យាយាមប្រព្រឹត្តល្អ រីឯអ្នកដែលគិតតែពីប្រព្រឹត្តអាក្រក់ តែងតែទទួលផលអាក្រក់។
28មនុស្សដែលពឹងផ្អែកលើទ្រព្យសម្បត្តិ មុខជាត្រូវអន្តរាយ ប៉ុន្តែមនុស្សសុចរិតប្រៀបបាននឹងស្លឹកឈើលាស់ខៀវខ្ចី។
29អ្នកណាធ្វើឲ្យគ្រួសាររបស់ខ្លួនមានទុក្ខកង្វល់ អ្នកនោះនឹងមិនទទួលផលអ្វីទាំងអស់។ មនុស្សល្ងីល្ងើនឹងធ្លាក់ខ្លួនទៅជាខ្ញុំបម្រើរបស់មនុស្សមានប្រាជ្ញា។
30អំពើដែលមនុស្សសុចរិតប្រព្រឹត្ត ប្រៀបបាននឹងដើមឈើផ្ដល់ជីវិត ហើយអ្នកប្រាជ្ញតែងតែទាក់ទាញចិត្តមនុស្ស។
31មនុស្សសុចរិតតែងតែទទួលរង្វាន់ នៅលើផែនដីនេះ រីឯមនុស្សអាក្រក់ និងមនុស្សបាប តែងតែទទួលផល តាមអំពើដែលគេប្រព្រឹត្ត។