ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

សុភាសិត 13

Read Scripture freely. Divine Threads study for this chapter is coming later.

1កូនដែលឆ្លាតនឹងស្តាប់សេចក្តីបង្រៀនរបស់ឪពុកខ្លួន តែអ្នកចំអកនឹងមិនស្តាប់ក៏មិនទទួលយកដែរ។
2ពីផលដែលចេញពីមាត់របស់អ្នកគឺមានអំណរហើយនឹងការល្អ ប៉ុន្តែអ្នកព្រហើន​មិន​ព្រម​ស្ដាប់​ការ​បន្ទោសហើយរកតែហឹង្សា។
3អ្នក​ណា​ដែល​រវាំង​មាត់របស់ខ្លួន នោះ​រមែង​រក្សា​ជីវិត​ខ្លួន តែ​អ្នក​ណា​ដែល​ហា​មាត់​ធំ នោះ​នឹង​ត្រូវ​វិនាស​ទៅ។
4ព្រលឹង​នៃ​មនុស្ស​ខ្ជិល​ច្រអូស​ប្រាថ្នា​ចង់​បាន តែ​មិន​បាន​អ្វី​សោះ ប៉ុន្តែ​ព្រលឹង​នៃ​មនុស្ស​ឧស្សាហ៍ នោះ​នឹង​បានសម្បត្តិ​ជា​បរិបូរ​វិញ។
5មនុស្ស​សុចរិត​រមែង​ស្អប់​ពាក្យ​ភូត​ភរ តែ​មនុស្ស​អាក្រក់​គេ​គួរ​ខ្ពើមហើយ​មាន​សេចក្ដី​ខ្មាស​ផង។
6សេចក្ដី​សុចរិត​តែង​តែ​ការ​ពារ​អ្នក​ណា ដែល​ប្រព្រឹត្ត​តាម​ផ្លូវ​ទៀង​ត្រង់ តែ​អំពើ​អាក្រក់តែងតែនាំនឹងជំរុញឲ្យមនុស្សបែរចុះចូលជាមួយ​​បាប​វិញ។
7អ្នក​មាន​តែងតែ​អាង​លើ​ទ្រព្យ ដើម្បី​ធានា​ជីវិត​របស់​ខ្លួន ប៉ុន្តែ​អ្នក​ដែលបានឲ្យទាំងអស់ ដែលខ្លួនមាន គ្មានអ្វីជាបន្ទុកឡើយ អ្នកនេះហើយជាសម្បត្តិពិតប្រាកដវិញ។
8​ទ្រព្យ​សម្បត្តិរបស់អ្នកមាន នឹង​ទុក​សម្រាប់លោះ​ជីវិតរបស់គេ​ តែ​មនុស្ស​ក្រ​ គេ​មិន​ដែល​ឮ​ពាក្យ​គំរាមកំហែង​ទេ។
9មនុស្ស​សុចរិត​ប្រៀប​ដូច​ជា​ពន្លឺ​ត្រចះ‌ត្រចង់ ប៉ុន្តែ​មនុស្ស​អាក្រក់​ប្រៀប​ដូច​ជា​ចង្កៀង​រលត់។
10ការ​វាយ‌ឫក​ធំ​តែងតែ​បង្ក​ឲ្យ​មាន​ទំនាស់ រីឯ​អ្នក​ដែល​សុខ​ចិត្ត​ទទួល​ដំបូន្មាន​ជា​មនុស្ស​មាន​ប្រាជ្ញា។
11ទ្រព្យ​រក​បាន​រហ័ស បាត់‌បង់​ក៏​រហ័ស​ដែរ ប៉ុន្តែទ្រព្យ​រក​បាន​ដោយ​សន្សំ រមែង​កើន​ឡើង​ជា​ដរាប។
12ការ​អស់​សង្ឃឹម​តែងតែ​នាំ​ឲ្យ​ព្រួយ​ចិត្ត រីឯ​ការ​សម្រេច​ដូច​បំណង ប្រៀប​បាន​នឹង​ដើម​ឈើ​ដែល​មាន​ជីវិត។
13អ្នក​ណា​មើល‌ងាយ​សេចក្តីបង្រៀន អ្នក​នោះ​នឹងតែងតែមានការចុះចូលជាមួយកំហុស ប៉ុន្តែ​អ្នក​ដែល​គោរព​ព្រះ‌បន្ទូលតែងតែ​ទទួល​រង្វាន់។
14ការ​ប្រៀន‌ប្រដៅ​របស់​មនុស្ស​សុចរិត​ជា​ប្រភព​នៃ​ជីវិត ហើយ​ការពារ​ជីវិត​ឲ្យ​រួច​ពី​អន្ទាក់​នៃ​សេចក្ដី​ស្លាប់។
15អ្នក​ចេះ​គិត​ពិចារណា​តែងតែ​មាន​គេ​គោរព ប៉ុន្តែ​មនុស្ស​ដែល​គេ​ទុក​ចិត្ត​មិន​បាន​តែងតែ​វិនាស។
16មនុស្ស​ឆ្លាត​រមែង​គិត​មុន​នឹង​គូរ ប៉ុន្តែ​មនុស្ស​ខ្លៅ​តែងតែ​លាត​ត្រដាង​ភាព​ល្ងី‌ល្ងើ​របស់​ខ្លួន។
17អ្នក​នាំ​សារ​ដែល​ជា​មនុស្ស​អាក្រក់ តែងតែ​ធ្លាក់​ខ្លួន​អន្តរាយ ប៉ុន្តែ​ទូត​ដ៏​ស្មោះ​ត្រង់​តែងតែ​នាំ​សេចក្ដី​សុខ។
18អ្នក​ដែល​មិន​ទទួល​ការ​អប់រំ​រមែង​ធ្លាក់​ខ្លួន​ក្រ ហើយ​ត្រូវ​គេ​មើល‌ងាយ រីឯ​អ្នក​ដែល​សុខ​ចិត្ត​ទទួល​ការកែតម្រូវ តែងតែ​មាន​កិត្តិយស។
19សេចក្ដី​ប៉ង‌ប្រាថ្នា​ដែល​បាន​សម្រេច រមែង​នាំ​ឲ្យ​សប្បាយ​ចិត្ត ប៉ុន្តែមនុស្ស​ខ្លៅ​មិន​ចូល​ចិត្ត​លះ‌បង់​គំនិត​អាក្រក់​របស់​ខ្លួន​ចោល​ទេ។
20ដើរ​ជា​មួយ​មនុស្ស​មាន​ប្រាជ្ញា​នាំ​ឲ្យ​ខ្លួន​មាន​ប្រាជ្ញា តែ​សេព‌គប់​ជា​មួយ​មនុស្ស​ខ្លៅ នាំ​ឲ្យ​ខ្លួន​ទៅ​ជា​មនុស្ស​អាក្រក់។
21​ទុក្ខ​វេទនាគឺដេញតាមមនុស្សមានបាប ប៉ុន្តែ​មនុស្ស​សុចរិត​តែងតែ​ទទួល​សុភមង្គល​ទុក​ជា​រង្វាន់។
22មនុស្ស​សប្បុរស​តែងតែ​មាន​មរតក​ទុក​ចែក​ឲ្យ​កូន​ចៅ ប៉ុន្តែ​មនុស្ស​បាប​តែងតែ​ប្រមូល​ទ្រព្យ​ទុក​សម្រាប់​មនុស្ស​សុចរិត។
23ស្រែ​ចម្ការ​ដែល​ជន​ក្រីក្រ​ភ្ជួរ​រាស់ តែងតែ​បង្កើត​ផល​យ៉ាង​បរិបូណ៌ ប៉ុន្តែ មាន​អ្នក​ខ្លះ​ស្លាប់ ព្រោះ​តែ​ខ្វះ​យុត្តិធម៌។
24អ្នក​ណា​មិន​សូវ​ប្រើ​រំពាត់ អ្នក​នោះ​មិន​ស្រឡាញ់​កូន​ទេ ប៉ុន្តែ​អ្នក​ដែល​ស្រឡាញ់​កូន​តែងតែ​បង្រៀន​ប្រដៅ​ដល់កូនៗ។
25មនុស្ស​សុចរិត​តែងតែ​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​ជា​ដរាប ប៉ុន្តែ​មនុស្ស​អាក្រក់​តែងតែ​អត់​ខ្វះខាត។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។