1ជាចុងក្រោយ បងប្អូនអើយ ចូរអរសប្បាយនៅក្នុងព្រះអង្គម្ចាស់ចុះ។ ដ្បិត ខ្ញុំមិនធុញទ្រាន់ក្នុងការសរសេរសេចក្តីទាំងនេះមកបងប្អូនម្តងទៀតទេ។
2ពីព្រោះសេចក្តីទាំងនេះនឹងការពារបងប្អូនឲ្យមានសុវត្ថិភាព។ ចូរប្រយ័ត្ននឹងពួកឆ្កែ ចូរប្រយ័ត្ននឹងពួកអ្នកដែលធ្វើការអាក្រក់ ចូរប្រយ័ត្ននឹងពួកអ្នកកាត់ស្បែក។
3សម្រាប់ពួកយើង យើងគឺជាអ្នកដែលកាត់ស្បែកពិត។ គឺជាអ្នកដែលថ្វាយបង្គំដោយព្រះវិញ្ញាណនៃព្រះជាម្ចាស់។ ពួកយើងគឺជាអ្នកពឹងអាងនៅលើព្រះគ្រិស្តយេស៊ូ ហើយយើងមិនពឹងអាងខាងឯសាច់ឈាមទេ។
4ទោះបីយ៉ាងនេះក្តី ខ្ញុំផ្ទាល់ក៏ហេតុនឹងពឹងអាងខាងឯសាច់ឈាមដែរ។ បើមាននរណាគិតថាគេបានពឹងអាងលើសាច់ឈាមនោះ ហើយខ្ញុំនេះអាចនឹងពឹងអាងច្រើនជាងគេផង។
5ពេលខ្ញុំកើតបានប្រាំបីថ្ងៃ ខ្ញុំបានទទួលពិធីកាត់ស្បែក ខ្ញុំជាសាសន៍អ៊ីស្រាអែលក្នុងកុលសម្ពន្ធបេនយ៉ាមីន ខ្ញុំជាជនជាតិហេប្រឺ កើតពីសាសន៍ហេប្រឺ ហើយបើពឹងអាចខាងក្រឹត្យវិន័យវិញ ខ្ញុំក៏នៅខាងពួកផារីស៊ីដែរ។
6ខាងឯសេចក្តីឧស្សាហ៍ គឺខ្ញុំបានបៀតបៀនដល់ក្រុមជំនុំ ចំពោះសេចក្តីសុចរិតវិញ ខ្ញុំបាននៅក្រោមក្រឹត្យវិន័យ ហើយក៏គ្មានកន្លែងបន្ទោសបានផង។
7ប៉ុន្តែ អ្វីៗដែលខ្ញុំធ្លាប់គិតថាមានតម្លៃចំពោះខ្ញុំនោះ ខ្ញុំចាត់ទុកទាំងអស់ថាឥតបានការទៅវិញ ព្រោះតែព្រះគ្រិស្ដ។
8ចំពោះមុខ ខ្ញុំបានចាត់ទុកគ្រប់របស់ទាំងអស់ជាឥតប្រយោជន៍ ដោយព្រោះតែខ្ញុំបានស្គាល់ព្រះគ្រិស្តយេស៊ូជាអម្ចាស់របស់ខ្ញុំ ជាអ្វីដែលមានតម្លៃវិសេសវិសាលណាស់។ ដ្បិត ដោយសារតែព្រះអង្គ ខ្ញុំសុខចិត្តបោះបង់ចោលអ្វីៗទាំងអស់។ ខ្ញុំចាត់ទុកអ្វីៗទាំងអស់ដូចជាសំរាម ឲ្យតែខ្ញុំបានព្រះគ្រិស្ត
9គេនឹងឃើញខ្ញុំនៅក្នុងព្រះអង្គ។ ខ្ញុំមិនបានទៅជាសុចរិតដោយខ្ញុំខំប្រព្រឹត្តតាមក្រឹត្យវិន័យនោះទេ។ ផ្ទុយទៅវិញ ដែលខ្ញុំបានរាប់ជាសុចរិតដោយសារជំនឿក្នុងព្រះគ្រិស្ត និងសេចក្តីសុចរិតបានមកពីព្រះជាម្ចាស់ តាមរយៈជំនឿ។
10ឥឡូវនេះ ខ្ញុំគឺចង់ស្គាល់ព្រះគ្រិស្ដ និងស្គាល់ឫទ្ធានុភាពដែលបានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ហើយចូលរួមជាមួយព្រះអង្គក្នុងទុក្ខលំបាកដែរ។ ហើយឲ្យបានដូចព្រះអង្គដែលសុគត
11ដើម្បីឲ្យខ្ញុំមានជីវិតរស់ឡើងវិញ ប្រសិនបើអាចរស់ឡើងវិញបាន។
12វាមិនមែនជាការពិតទេ ដែលថាខ្ញុំបានទទួលការទាំងនេះរួច ឬបានគ្រប់លក្ខណៈហើយ។ ខ្ញុំកំពុងតែបន្តទៅមុខ ដើម្បីចាប់សេចក្តីនោះឲ្យបាន ដ្បិត ខ្លួនខ្ញុំផ្ទាល់ក៏ត្រូវព្រះគ្រិស្ដយេស៊ូចាប់ខ្ញុំដើម្បីសេចក្តីនោះដែរ។
13បងប្អូនអើយ ខ្លួនខ្ញុំផ្ទាល់ ក៏យល់ឃើញថា ខ្ញុំបានទៅដល់គោលដៅនៅឡើយទេ។ ប៉ុន្តែ មានការមួយ ដែលខ្ញុំបំភ្លេចអ្វីៗទាំងអស់ដែលកន្លងទៅ ដើម្បីផ្ចង់ចិត្តឆ្ពោះទៅខាងមុខវិញ។
14ខ្ញុំរត់តម្រង់ទៅរកគោលដៅ ដើម្បីឲ្យបានទទួលរង្វាន់ពីព្រះជាម្ចាស់ដែលបានត្រាស់ហៅពីស្ថានបរមសុខនៅក្នុងអង្គព្រះគ្រិស្ដយេស៊ូ។
15យើងទាំងអស់គ្នាដែលជាមនុស្សគ្រប់ពេញវ័យ សូមឲ្យយើងគិតបែបនេះ ប្រសិនបើ បងប្អូនមានការគិតអំពីអ្វីមួយផ្សេង ព្រះជាម្ចាស់នឹងបង្ហាញបងប្អូន ឲ្យដឹងពីការនោះដែរ។
16ទោះបីជាយ៉ាងណាក៏ដោយ ឬមានអ្វីកើតឡើងក៏ដោយ យើងត្រូវតែទៅមុខជានិច្ច ហើយសូមឲ្យតោងជាប់នឹងសេចក្តីទាំងនោះផង។
17បងប្អូនអើយ ចូរយកតម្រាប់តាមខ្ញុំ។ ចូរសម្លឹងមើលអស់អ្នកដែលដើរជាគំរូ ដែលបានដាក់ឲ្យបងប្អូនឃើញនៅក្នុងយើង។
18ដ្បិត មានមនុស្សជាច្រើន ដែលខ្ញុំតែងតែប្រាប់ដល់បងប្អូនជាញយដង ហើយឥឡូវខ្ញុំកំពុងប្រាប់បងប្អូន ទាំងទឹកភ្នែកដូចជាសត្រូវនៃឈើឆ្កាងរបស់ព្រះគ្រិស្ដ។
19ដល់ទីបំផុត អ្នកទាំងនោះត្រូវវិនាសអន្តរាយ។ គេយកក្រពះធ្វើជាព្រះ យកកេរ្តិ៍ខ្មាសធ្វើជាកិត្តិយស។ ពួកគេគិតតែពីអ្វីៗដែល នៅលើផែនដីនេះតែប៉ុណ្ណោះ។
20ប៉ុន្តែ សញ្ជាតិរបស់យើងគឺនៅក្នុងស្ថានបរមសុខ ហើយយើងនៅទន្ទឹងរង់ចាំព្រះសង្គ្រោះ គឺព្រះអម្ចាស់យេស៊ូគ្រិស្ដ។
21ព្រះអង្គនឹងបំផ្លាស់បំប្រែរូបកាយដ៏ថោកទាបរបស់យើងនេះ ឲ្យបានដូចព្រះកាយប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ដោយមហិទ្ធិឫទ្ធិ ដែលធ្វើឲ្យព្រះអង្គបង្ក្រាបអ្វីទាំងអស់នៅក្រោមអំណាចរបស់ព្រះអង្គ។