1បងប្អូនជាទីស្រឡាញ់ ខ្ញុំពិតជាចង់ជួបអ្នករាល់គ្នាខ្លាំងណាស់ បងប្អូនជាអំណរសប្បាយ និងជាមកុដរបស់ខ្ញុំ សំឡាញ់ខ្ញុំអើយ សូមឈរឲ្យបានរឹងពឹងនៅក្នុងព្រះអម្ចាស់។
2ខ្ញុំសូមទូន្មាននាងអ៊ើរ៉ូឌា និងនាងស៊ុនទីចថា ចូរមានចិត្តគំនិតតែមួយ ក្នុងព្រះអម្ចាស់។
3ហើយខ្ញុំក៏សូម បងប្អូនដែលជាមិត្តដ៏ស្មោះត្រង់ សូមជួយនាងទាំងពីរនាក់នេះផង។ ដ្បិត នាងធ្លាប់បានធ្វើការរួមជាមួយខ្ញុំ ដើម្បីផ្សាយដំណឹងល្អ ជាមួយលោកក្លេមេន ព្រមទាំងអ្នកផ្សេងទៀត ដែលពួកគេមានឈ្មោះនៅក្នុងបញ្ជីជីវិតផងដែរ។
4ចូរអរសប្បាយក្នុងព្រះអម្ចាស់ចុះ។ ម្តងទៀតនិយាយថា ចូរអរសប្បាយឡើង។
5ចូរបង្ហាញឲ្យមនុស្សទាំងអស់ស្គាល់ចិត្តសប្បុរសរបស់បងប្អូន។ ព្រះអម្ចាស់ជិតយាងមកដល់ហើយ។
6សូមកុំខ្វល់ខ្វាយនឹងអ្វីឡើយ។ ផ្ទុយទៅវិញ ក្នុងគ្រប់ការទាំងអស់ គឺតាមរយៈពាក្យអធិស្ឋាន និងទូលអង្វរ ទាំងការអរព្រះគុណព្រះអង្គផង
7ហើយ សេចក្ដីសុខសាន្តរបស់ព្រះជាម្ចាស់ ដែលហួសពីការយល់របស់មនុស្សនឹងស្ថិតជាប់ក្នុងចិត្តគំនិតបងប្អូន ដែលក្នុងអង្គព្រះគ្រិស្ដយេស៊ូ។
8ជាទីបញ្ចប់ បងប្អូនអើយ សូមបងប្អូនគិតតែអំពីអ្វីៗដែលពិត ហើយអ្វីដែលថ្លៃថ្នូរ និងអ្វីដែលសុចរិត រួមទាំងអ្វីដែលបរិសុទ្ធ ហើយអ្វីដែលគួរឲ្យស្រឡាញ់ ហើយអ្វីដែលគួរឲ្យគោរព ហើយប្រសិនបើ មានអ្វីដែលល្អឥតខ្ចោះ គួរឲ្យកោតសរសើរ សូមបងប្អូនគិតអំពីការទាំងនេះ។
9សេចក្ដីដែលបងប្អូនបានរៀន បានទទួល និងបានឮហើយឃើញនៅក្នុងខ្ញុំ សូមប្រព្រឹត្តតាមការទាំងនោះចុះ ហើយព្រះជាម្ចាស់នៃសេចក្តីសុខសាន្តនឹងគង់ជាមួយអ្នករាល់គ្នា។
10ខ្ញុំមានអំណរក្នុងព្រះអម្ចាស់យ៉ាងខ្លាំង ដោយដឹងថា បងប្អូនបានបារម្ភដល់ខ្ញុំជាថ្មីម្តងទៀត។ មែនហើយ បងប្អូនក៏បានធ្លាប់នឹកគិតដល់ខ្ញុំដែរ តែបងប្អូនគ្មានឱកាសនឹងសម្តែងទឹកចិត្តរបស់បងប្អូនដើម្បីជួយដល់ខ្ញុំទេ។
11ខ្ញុំនិយាយដូច្នេះ មិនមែនមកពីខ្ញុំខ្វះខាតនោះទេ។ ដ្បិត ខ្ញុំបានរៀនឲ្យចេះស្កប់ចិត្ត ក្នុងគ្រប់កាលៈទេសៈទាំងអស់។
12ខ្ញុំស្គាល់អ្វីទៅដែលជាភាពទ័លក្រ ហើយខ្ញុំក៏ស្គាល់ពីការដែលមានបរិបូរដែរ។ ខ្ញុំបានអប់រំចិត្តក្នុងគ្រប់របៀបទាំងអស់ និងគ្រប់ទីកន្លែង គឺថា ទោះបីហូបឆ្អែត ឬអត់ឃ្លានក្ដី មានបរិបូរ ឬខ្វះខាតក្ដី ខ្ញុំស្កប់ចិត្តជានិច្ច។
13ខ្ញុំអាចធ្វើគ្រប់ការទាំងអស់បាន ដោយព្រះអង្គដែលប្រទានកម្លាំងឲ្យខ្ញុំ។
14ទោះជាយ៉ាងណាក៏ដោយ បងប្អូនបានធ្វើប្រសើរហើយដែលបានរួមជាមួយខ្ញុំក្នុងពេលដែលខ្ញុំជួបទុក្ខលំបាក។
15ឱបងប្អូននៅក្រុងភីលីពអើយ បងប្អូនដឹងហើយថា តាំងពីខ្ញុំបានចាប់ផ្ដើមផ្សាយដំណឹងល្អ នៅពេលខ្ញុំបានចាកចេញពីស្រុកម៉ាសេដូនមកនោះ ក្រៅពីបងប្អូន គ្មានក្រុមជំនុំណាជួយផ្គត់ផ្គងខ្ញុំនោះទេក្រៅពីបងប្អូន។
16កាលខ្ញុំនៅក្រុងថេស្សាឡូនិក បងប្អូនបានផ្ញើជំនួយ តាមសេចក្ដីត្រូវការរបស់ខ្ញុំជាច្រើនលើក។ មិនមែនមានន័យថា ខ្ញុំឃើញតែពីជំនួយរបស់បងប្អូននោះទេ។
17តែខ្ញុំឃើញអំពីផលផ្លែ ការរីកចម្រើន និងភាពច្បាស់លាស់របស់បងប្អូនវិញ។
18ខ្ញុំបានទទួលគ្រប់ទាំងអស់ ហើយខ្ញុំមានបរិបូរផងដែរ។ ឥឡូវនេះ ខ្ញុំមានរឹតតែច្រើន ដោយបានទទួលអំណោយពីបងប្អូន តាមរយៈលោកអេប៉ាប្រូឌីត។ អំណោយទាំងនេះប្រៀបបីដូចជាក្លិនក្រអូបឈ្ងុយឈ្ងប់ ជាយញ្ញបូជាដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ។
19ព្រះជាម្ចាស់របស់ខ្ញុំនឹងបំពេញសេចក្ដីត្រូវការគ្រប់យ៉ាងរបស់បងប្អូន ស្របតាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ព្រះគ្រិស្ដយេស៊ូ។
20ឥឡូវនេះ សូមលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ និងព្រះបិតារបស់យើងដ៏អស់កល្បជារៀងរហូតតទៅ។ អាម៉ែន!
21សូមជម្រាបសួរបងប្អូនរួមជំនឿនៅក្នុងអង្គព្រះគ្រិស្ដយេស៊ូទាំងអស់។ បងប្អូនដែលនៅជាមួយខ្ញុំ សូមជម្រាបសួរមកដល់បងប្អូនទាំងអស់គ្នាដែរ។
22ហើយអ្នកជឿទាំងអស់ក៏ជម្រាបសួរបងប្អូន ជាពិសេស បងប្អូនដែលជាអ្នករាជការរបស់ព្រះចៅអធិរាជ ក៏សូមជម្រាបសួរមកបងប្អូនដែរ។
23សូមព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ដគង់នៅជាមួយវិញ្ញាណរបស់បងប្អូន។