1ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេ នៅវាលទំនាបស្រុកម៉ូអាប់ ជិតទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ ដោយបន្ទូលថា៖
2«ចូរបង្គាប់ប្រជាជនអ៊ីស្រាអែលឲ្យប្រគល់ទឹកដីខ្លះដែលជាចំណែករបស់ពួកគេឲ្យពួកលេវីផង។ ពួកគេត្រូវឲ្យក្រុងដើម្បីពួកលេវីបានរស់នៅ ហើយវាលស្មៅនៅជុំវិញក្រុងទាំងនោះផងដែរ។
3ដូច្នេះ ពួកលេវីនឹងមានក្រុងទាំងនេះសម្រាប់រស់នៅ។ ចំណែក វាលស្មៅនឹងបានសម្រាប់ហ្វូងសត្វ និងសម្រាប់សត្វពាហនៈឯទៀតៗរបស់ពួកគេ ដែលជាកម្មសិទ្ធិរបស់ពួកគេ។
4វាលស្មៅនៅជុំវិញទីក្រុងដែលប្រគល់ឲ្យពួកលេវីនោះ ត្រូវគិតចាប់ពីកំពែងក្រុងចេញទៅក្រៅ ចម្ងាយមួយពាន់ហត្ថគ្រប់ទិសទាំងអស់។
5អ្នករាល់គ្នាត្រូវវាស់ខាងក្រៅទីក្រុងនៅទិសខាងកើតពីរពាន់ហត្ថ នៅទិសខាងត្បូងពីរពាន់ហត្ថនៅ នៅទិសខាងលិចពីរពាន់ហត្ថ និងនៅទិសខាងជើងពីរពាន់ហត្ថ។ នេះជាវាលស្មៅសម្រាប់ក្រុងរបស់ពួកគេ។ ទីក្រុងត្រូវស្ថិតនៅចំកណ្ដាលដីនោះ។
6ទីក្រុងទាំងប្រាំមួយ ដែលអ្នករាល់គ្នាឲ្យដល់ពួកលេវី នោះត្រូវឲ្យមានទីក្រុងសម្រាប់ជាជម្រក។ អ្នករាល់គ្នាត្រូវទុកកន្លែងទាំងនេះសម្រាប់ឲ្យអ្នកណាដែលសម្លាប់មនុស្សបានរត់ភៀសខ្លួនទៅ។
7អ្នករាល់គ្នាត្រូវឲ្យទីក្រុងសែសិបពីរទៀតដល់ពួកគេ។ ដូច្នេះ ទីក្រុងទាំងអស់ដែលត្រូវឲ្យដល់ពួកលេវី នោះមានចំនួនសែសិបប្រាំបី។ អ្នករាល់គ្នាក៏ត្រូវប្រគល់វាលស្មៅសម្រាប់ក្រុងនីមួួៗផងដែរ។
8កុលសម្ព័ន្ធធំជាងគេរបស់កូនចៅអ៊ីស្រាអែល គឺកុលសម្ព័ន្ធដែលមានដីច្រើន ត្រូវប្រគល់ក្រុងឲ្យច្រើន ហើយកុលសម្ព័ន្ធតូច ត្រូវឲ្យក្រុងតិច»។ កុលសម្ព័ន្ធនីមួយៗត្រូវប្រគល់ឲ្យពួកលេវី តាមចំណែកដែលពួកគេទទួលបាន។
9ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេ ដោយបន្ទូលថា៖
10«ចូរប្រាប់ប្រជាជនអ៊ីស្រាអែលថា៖ «នៅពេលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកកាណានរួចហើយ
11នោះអ្នករាល់គ្នាត្រូវជ្រើសរើសយកក្រុងខ្លះសម្រាប់ទុកជាកន្លែងឲ្យអ្នកណាដែលបានសម្លាប់មនុស្សដោយអចេតនាភៀសខ្លួនមកជ្រក។
12ក្រុងទាំងនោះជាជម្រករបស់អ្នករាល់គ្នា ឲ្យរួចពីអ្នកសងសឹក។ ធ្វើដូច្នេះ អ្នកដែលត្រូេវជាប់ចោទនោះនឹងមិនត្រូវសម្លាប់មុនពេលឈរកាត់ក្ដីនៅចំពោះមុខសហគមន៍ឡើយ។
13អ្នករាល់គ្នាត្រូវជ្រើសរើសក្រុងប្រាំមួយសម្រាប់ធ្វើជាក្រុងជម្រក។
14អ្នកត្រូវផ្តល់ឲ្យក្រុងជម្រកបីស្ថិតនៅឯនាយទន្លេយ័រដាន់ និងក្រុងបីទៀតនៅក្នុងស្រុកកាណាន។ ក្រុងទាំងនេះគឺសម្រាប់ជាក្រុងជម្រក។ សម្រាប់ប្រជាជនអ៊ីស្រាអែល សម្រាប់ជនបរទេស និងសម្រាប់អស់អ្នកកំពុងរស់នៅជាមួយអ្នករាល់គ្នា។
15ក្រុងទាំងប្រាំមួយនេះគឺសម្រាប់ទុកជាកន្លែងឲ្យអ្នកណាដែលបានសម្លាប់មនុស្សដោយអចេតនាភៀសខ្លួនមកជ្រក។
16ប៉ុន្ដែ ប្រសិនបើជនជាប់ចោទនោះ យករបស់អ្វីមួយធ្វើពីដែក វាយជនរងគ្រោះ ហើយប្រសិនបើជនរងគ្រោះនោះស្លាប់ ជនជាប់ចោទនោះគឺជាឃាតក។ គេត្រូវតែទទួលទោសដល់ស្លាប់។
17ប្រសិនបើ ជនជាប់ចោទនោះកាន់ដុំថ្មវាយជនរងគ្រោះ ដែលអាចធ្វើឲ្យជនរងគ្រោះស្លាប់បាន ហើយប្រសិនបើជនរងគ្រោះនោះស្លាប់ ជនជាប់ចោទនោះគឺជាឃាតក។ គេត្រូវតែទទួលទោសដល់ស្លាប់។
18ប្រសិនបើជនជាប់ចោទយករបស់អ្វីមួយធ្វើពីឈើ វាយអ្នកវាយគ្រោះ ដែលអាចធ្វើឲ្យជនរងគ្រោះស្លាប់បាន ហើយប្រសិនបើ ជនរងគ្រោះនោះស្លាប់ ជនជាប់ចោទនោះ គឺជាឃាតក។ គេត្រូវតែទទួលទោសដល់ស្លាប់។
19អ្នកដែលត្រូវសងសឹកនឹងឈាម នោះត្រូវតែសម្លាប់ឃាតកនោះវិញ។ នៅពេលអ្នកសងសឹកជួបប្រទះឃើញអ្នកនោះវេលាណា អ្នកត្រូវសងសឹកនឹងឈាមនោះត្រូវតែសម្លាប់ឃាតកនោះ
20ប្រសិនបើអ្នកនោះបានវាយគេដោយចិត្តស្អប់ ឬបានលបចោលគេនឹងអ្វីមួយ ដែលធ្វើឲ្យជនរងគ្រោះស្លាប់
21ឬបានវ៉ៃគេនឹងដៃដោយចិត្តស្អប់ ដែលធ្វើឲ្យជនរងគ្រោះស្លាប់ នោះជនជាប់ចោទដែលវ៉ៃគេនោះ ត្រូវតែទទួលទោសដល់ស្លាប់។ គេគឺជាឃាតក អ្នកដែលត្រូវសងសឹកនឹងឈាមនោះត្រូវសម្លាប់ឃាតកនោះវិញ ក្នុងវេលាដែលជួបឃាតកនោះ។
22ប៉ុន្តែ ប្រសិនបើជនជាប់ចោទស្រាប់តែវាយជនរងគ្រោះដោយអចេតនា ទាំងគ្មានចិត្តសម្អប់សោះ ឬមិនបានលបចោលរបស់អ្វីមួយទៅលើជនរងគ្រោះ
23ដែលអាចធ្វើឲ្យជនរងគ្រោះស្លាប់ ជនជាប់ចោទនោះមិនមែនជាសត្រូវរបស់ជនរងគ្រោះទេ គាត់គ្មានបំណងធ្វើឲ្យជនរងគ្រោះឈឺចាប់ទេ។ ប៉ុន្តែ នេះជាអ្វីដែលអ្នករាល់គ្នាត្រូវធ្វើ បើជនរងគ្រោះនោះស្លាប់។
24ក្នុងករណីសហគមន៍ត្រូវសម្រុះសម្រួលរវាងជនជាប់ចោទ និងអ្នកសងសឹកនឹងឈាម តាមមូលដ្ឋានច្បាប់
25សហគមន៍ត្រូវរំដោះជនជាប់ចោទនោះ ពីកណ្ដាប់ដៃរបស់អ្នកសងសឹកនឹងឈាម។ សហគមន៍ត្រូវនាំអ្នកនោះវិលត្រឡប់ទៅក្រុងជម្រក ដែលខ្លួនបានរត់ភៀសខ្លួនទៅ ហើយគាត់ត្រូវរស់នៅក្នុងក្រុងនោះ រហូតដល់ពេលមហាបូជាចារ្យ ដែលបានតែងតាំងដោយប្រេងបរិសុទ្ធក្នុងជំនាន់នោះស្លាប់។
26ប៉ុន្ដែ ប្រសិនបើជនជាប់ចោទចេញហួសព្រំប្រទល់ក្រុងជម្រកដែលខ្លួនរត់ភៀសខ្លួនទៅនោះ
27ហើយអ្នកសងសឹកនឹងឈាម ជួបគាត់នៅខាងក្រៅព្រំប្រទល់ក្រុងជម្រក រួចសម្លាប់គាត់ជនជាប់ចោទ អ្នកសងសឹកនឹងឈាមនោះគ្មានទោសជាឃាតកទេ។
28នេះព្រោះតែជនជាប់ចោទត្រូវរស់នៅក្នុងក្រុងជម្រក រហូតដល់មហាបូជាចារ្យស្លាប់។ បន្ទាប់ពីមហាបូជាចារ្យស្លាប់ ទើបជនជាប់ចោទអាចវិលត្រឡប់ទៅស្រុកដែលគាត់មានលំនៅដ្ឋានរបស់ខ្លួនវិញបាន។
29ទាំងនេះជាច្បាប់បញ្ញត្តសម្រាប់អ្នករាល់នៅគ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។
30អ្នកណាក៏ដោយដែលសម្លាប់មនុស្សម្នាក់ គេត្រូវសម្លាប់ឃាតកនោះវិញ នៅពេលដែលមានសាក្សីជាច្រើនធ្វើបន្ទាល់។ ប៉ុន្តែ បើមានសាក្សីតែម្នាក់ គេមិនអាចសម្លាប់ជននោះបានឡើយ។
31អ្នករាល់គ្នាក៏មិនត្រូវទទួលសំណូកអ្វីនឹងលោះជីវិតឃាតករដែលជាប់ចោទពីបទមនុស្សឃាតឡើយ។ ត្រូវតែសម្លាប់អ្នកនោះកុំខាន
32ក៏មិនត្រូវទទួលសំណូកអ្វីនឹងលោះអ្នកដែលបានរត់ទៅជ្រកក្នុងក្រុងជម្រកនោះដែរ។ អ្នករាល់គ្នាមិនត្រូវឲ្យគេត្រឡប់មកនៅក្នុងស្រុករបស់គាត់វិញ រហូតដល់មមហាបូជាចារ្យស្លាប់។
33មិនត្រូវបំពុលស្រុកដែលអ្នករាល់គ្នាទៅរស់នៅតាមរបៀបនេះឡើយ ដ្បិត ឈាមរបស់ឃាតកនឹងបំពុលស្រុកនោះ។ គ្មានតង្វាយធួនណាអាចលោះស្រុកនោះបានឡើយ នៅពេលឈាមបានស្រក់លើស្រុកនោះហើយ គឺមានតែឈាមនៃអ្នកដែលបានកម្ចាយឈាមនោះប៉ុណ្ណោះ។
34ដូច្នេះ អ្នករាល់គ្នានមិនត្រូវធ្វើឲ្យស្រុកដែលអ្នករាល់គ្នាចូលទៅរស់នៅទៅជាសៅហ្មងឡើយ ពីព្រោះយើងក៏នៅក្នុងស្រុកនោះដែរ។ ដ្បិត យើងជាព្រះអម្ចាស់ ដែលរស់នៅក្នុងចំណោមកូនចៅអ៊ីស្រាអែល»។