ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ជនគណនា 34

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះ‌អម្ចាស់​បានមាន​ព្រះ‌បន្ទូល​មក​​លោក​ម៉ូសេ ដោយបន្ទូល​ថា៖
2«ចូរ​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែលថា៖ «ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​កាណាន ជាស្រុកដែល​ត្រូវ​បាន​ជាកម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា គឺ​ស្រុក​កាណាន និងព្រំ‌ប្រទល់របស់វា
3គឺព្រំប្រទល់ខាង​ត្បូង​គិត​ចាប់​ពី​ទី​រហោ‌ស្ថាន​ស៊ីន ជាប់​នឹង​ស្រុក​អេដុម​។ ព្រំប្រទល់​ខាងកើតឈៀងខាងត្បូងនឹងបញ្ចប់នៅចុងខាងត្បូងនៃសមុទ្រអំបិល។
4រួច​បត់​ទៅ​ខាង​ត្បូង​ចាប់ពី​ទួល​ក្រា‌ប៊ីម ឆ្លង​កាត់​ទី​រហោ‌ស្ថាន​ស៊ីន ហើយ​ពី​ទី​នោះ​បន្តទៅ​ដល់​ខាង​ត្បូង​កាដេសបារនា និងបន្តរហូតដល់​ទៅ​ហាសាអាដា ហួសទៅដល់​អាសម៉ូន
5ពីទីនោះ ព្រំប្រទល់​​ត្រូវ​បត់ពីអាសម៉ូន ឆ្ពោះ​​​ទៅ​​ស្ទឹង​ស្រុក​អេស៊ីបរហូត​​ទៅ​ទល់​នឹង​សមុទ្រ។
6ព្រំ‌ប្រទល់​ខាង​លិច នោះគឺ​តាម​បណ្ដោយ​សមុទ្រ​ធំ។ នេះ​ត្រូវ​បាន​ជា​ព្រំ​ដែន​ខាង​លិច​របស់អ្នក​រាល់​គ្នា។
7ព្រំ‌ប្រទល់​ខាង​ជើង​របស់​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់គ្នា​ត្រូវ​កំណត់​នោះគឺ​ចាប់ពី​សមុទ្រ​ធំ រហូត​ដល់​ភ្នំ​ហោរ។
8ហើយពី​ភ្នំ​ហោរ រហូតដល់​ក្រុង​ហា‌ម៉ាត់ ហើយ​បន្ត​​ទៅ​ដល់​សេដាដ។
9ហើយ​ព្រំ‌ប្រទល់​នេះ​ត្រូវ​បន្ត​ទៅ​ដល់​ស៊ីប្រុន រួច​បញ្ចប់នៅហាសារអេណាន។ នេះ​ត្រូវជា​ព្រំ‌ប្រទល់​ខាង​ជើង​របស់​អ្នក​រាល់​គ្នា។
10បន្ទាប់មក អ្នករាល់គ្នា​ក៏​ត្រូវ​កំណត់​ព្រំ‌ប្រទល់​ខាង​កើត​របស់​អ្នក​រាល់​គ្នាចាប់​ពី​ហាសារអេណាន​ទៅ​សេផាម។
11ហើយពីព្រំ‌ប្រទល់ខាងកើត​នេះ​ត្រូវ​ចុះ​ពី​សេផាម​ទៅ​រីម‌ឡា ដែល​នៅ​ខាង​កើត​អា‌យ៉ីន រួច​បន្ដ​ចុះ​ទៅ​តាមបណ្ដោយ​ត្រើយ​ខាង​កើត​សមុទ្រ​គេនេ‌សារ៉ែត
12រួច​បន្ដចុះទៅក្រោមរហូតដល់ព្រំដែន​ខាង​កើតនៃ​សមុទ្រ​អំបិល។ នេះ​គឺ​ជា​ស្រុក​របស់​អ្នក​រាល់គ្នា​ដែល​​​ព្រំ‌ប្រទល់ជុំវិញ​»។
13បន្ទាប់មក លោក​ម៉ូសេ​បានបង្គាប់ដល់​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយប្រាប់ថា៖ «នេះ​ហើយ​ជា​ស្រុកដែលអ្នក​រាល់គ្នា​នឹង​បាន​​ទទួល​ដោយ​ការ​ចាប់ឆ្នោត ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​ប្រគល់​ដល់​​កុល‌សម្ព័ន្ធ​ប្រាំ​បួន និង​កុល‌សម្ព័ន្ធ​​ពាក់​កណ្ដាលទៀត។
14ចំណែក កុលសម្ព័ន្ធ​នៃ​កូន​ចៅ​រូបេន តាមរយៈការ​បែង​ចែក​មរតក​​ក្នុ​ងកុលសម្ព័ន្ធនៃ​ដូនតារបស់ពួកគេ និង​កុល‌សម្ព័ន្ធ​កូន​ចៅ​កាដ តាមរយៈការ​បែង​ចែក​មរតក​​ក្នុ​ង​កុលសម្ព័ន្ធនៃ​ដូនតារបស់ពួកគេ ព្រមទាំង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​ទៀត បាន​ទទួល​ទឹក​ដី​​របស់​ពួក​គេ​អស់ហើយ។
15កុល‌សម្ព័ន្ធ​ទាំង​ពីរ និង​កុល‌សម្ព័ន្ធ​​ពាក់​កណ្ដាល បាន​ទទួល​ទឹក​ដី​ជា​ចំណែរបស់​ខ្លួន នៅ​ផ្នែក​ខាងលើ​​ទន្លេ​យ័រដាន់ ខាងលិច​​ក្រុង​យេរីខូ ​គឺបែរមុខ​ទៅ​ទិស​ខាងកើត»។
16ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​​ម៉ូសេ ដោយមានបន្ទូល​ថា៖
17«​ឈ្មោះ​ពួក​អ្នក​ដែល​ត្រូវ​ចែក​ស្រុក​នោះ ទុក​ជា​មរតក​សម្រាប់អ្នក​រាល់​គ្នា នោះ​គឺ​បូជា‌ចារ្យ​អេឡាសារ ​និង​យ៉ូស្វេ​ជា​កូន​នូន
18ហើយអ្នក​​ត្រូវ​ជ្រើសរើសមេដឹកនាំម្នាក់​ពី​គ្រប់​កលុសម្ព័ន្ធ ដើម្បី​​បែងចែកទឹកដីឲ្យ​អំបូររបស់ពួក​គេ។
19ទាំងនេះ​ជា​​ឈ្មោះរបស់ពួក​គេ​៖ ពីកុល‌សម្ព័ន្ធ​យូដា លោកកាលែប គឺ​កូន​របស់​លោកយេភូ‌នេ។
20ពី​កុល‌សម្ព័ន្ធកូនចៅ​របស់​ស៊ីម្មាន គឺលោកសាំយូ‌អែល ជា​កូន​របស់​លោកអាំមី‌ហ៊ូដ ។
21ពីកុល‌សម្ព័ន្ធ​បេន‌យ៉ាមីន គឺលោកអេលី‌ដាដ ជា​កូន​របស់​លោក​គីស‌ឡូន ។
22មេ​ដឹក​នាំ​ពីកុល‌សម្ព័ន្ធកូន​ចៅ​​ដាន់ គឺលោកប៊ូ ជា​កូន​របស់លោក​យុក‌លី​។
23ពីកូនចៅ​របស់យ៉ូសែប មេដឹកនាំកូនចៅនៃកុល‌សម្ព័ន្ធ​ម៉ាណា‌សេ គឺលោកហានាល ជា​កូន​របស់​លោកអេផូដ។
24មេដឹកនាំពីកុល‌សម្ព័ន្ធនៃកូន​ចៅ​របស់​អេប្រាអ៊ីម គឺលោកកេម‌យួល ជា​កូន​របស់លោក​ស៊ីបតាន ។
25មេដឹកនាំពីកុល‌សម្ព័ន្ធនៃកូន​ចៅ​របស់​សាប់យូ‌ឡូន គឺលោកអេលី‌សាផាន ជា​កូន​របស់លោក​ប៉ាណាក់។
26មេដឹកនាំពីកុល‌សម្ព័ន្ធនៃកូន​ចៅ​របស់​អ៊ីសា‌ខារ គឺលោកប៉ាល‌ទាល ជា​កូន​របស់​លោកអាស្សាន។
27មេដឹកនាំពីកុល‌សម្ព័ន្ធនៃកូន​ចៅ​របស់​អេ‌ស៊ើរ គឺលោកអហ៊ី‌ហ៊ូដ ជា​កូន​របស់លោក​សេឡូ‌មី ។
28មេដឹកនាំពី​កុល‌សម្ព័ន្ធ​នៃកូន​ចៅ​របស់​ណែប‌ថាលី គឺលោកពេដា‌ហិល ជា​កូន​របស់លោក​អាំមី‌ហ៊ូដ»។
29ព្រះអម្ចាស់​បង្គាប់អ្នក​ទាំងនេះ​ឲ្យ​បែង​ចែកទឹកដីនៃ​ស្រុក​កាណាន ចែកឲ្យកុលសម្ព័ន្ធ​នីមួយៗ​របស់ជនជាតិ​​​អ៊ីស្រា‌អែលទុកជា​មរតក។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។