1បន្ទាប់មក ពួកមេដឹកនាំរបស់ក្រុមគ្រួសារផ្សេងៗនៃអំបូរកាឡាដ ជាកូនរបស់លោកម៉ាកៀរ (ជាកូនរបស់លោកម៉ាណាសេ) ដែលមកពីអំបូរកូនចៅរបស់លោកយ៉ូសែប បានចូលមក ហើយបាននិយាយនៅចំពោះលោកម៉ូសេ និងនៅចំពោះមុខពួកមេដឹកនាំ ដែលជាមេលើកុលសម្ព័ន្ធរបស់ប្រជាជនអ៊ីស្រាអែលថា៖
2«ព្រះអម្ចាស់បានបង្គាប់លោក ដែលជាម្ចាស់របស់យើងខ្ញុំ ឲ្យប្រគល់ចំណែកដីដល់ប្រជាជនអ៊ីស្រាអែល ដោយការចាប់ឆ្នោត។ ហើយព្រះអម្ចាស់ក៏បានបង្គាប់លោក ឲ្យប្រគល់ទឹកដីជាចំណែករបស់លោកស្លូផិហាត ជាបងប្អូនរបស់យើងខ្ញុំ ទៅឲ្យកូនស្រីរបស់គាត់ដែរ។
3ប៉ុន្ដែ ប្រសិនបើកូនស្រីរបស់គាត់រៀបការជាមួយកូនប្រុសរបស់កុលសម្ព័ន្ធណាមួយទៀតនៃជនជាតិអ៊ីស្រាអែល នោះចំណែកទឹកដីរបស់ពួកនាងនឹងត្រូវកាត់ចេញពីចំណែកមរតកនៃដូនតារបស់យើងខ្ញុំ។ ដីនោះនឹងត្រូវបន្ថែមនៅក្នុងចំណែកកុលសម្ព័ន្ធដែលនាងបានទៅចូលរួមជាមួយ។ ក្នុងករណីនោះ ដីនោះនឹងត្រូវដកចេញពីចំណែកមរតករបស់យើងខ្ញុំ។
4ហើយក្នុងករណីនោះ នៅពេលឆ្នាំនៃមេត្តាករុណារបស់ប្រជាជនអ៊ីស្រាអែលមកដល់ នោះចំណែកមរតករបស់ពួកនាងនឹងត្រូវដាក់ចូលក្នុងចំណែកមរតកនៃកុលសម្ព័ន្ធដែលពួកនាងបានចូលរួម។ ដូច្នេះ ចំណែកមរតករបស់ពួកនាងនឹងត្រូវដកចេញពីចំណែករមតកនៃដូនតារបស់យើងខ្ញុំ»។
5ដូច្នេះ លោកម៉ូសេបានបង្គាប់ដល់ប្រជាជនអ៊ីស្រាអែល តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ថា៖ «អ្វីដែលកុលសម្ព័ន្្ធរបស់កូនចៅលោកយ៉ូសែបគេបាននិយាយនៅពេលនេះ គឺត្រឹមត្រូវ។
6នេះជាអ្វីដែលព្រះអម្ចាស់បានបង្គាប់ ពីដំណើរនៃពួកកូនស្រីស្លូផិហាត។ ព្រះអង្គបានមានបន្ទូលថា៖ «ចូរឲ្យពួកគេរៀបការជាមួយអ្នកណាដែលគេគិតថាល្អបំផុត ប៉ុន្តែ គេត្រូវរៀបការជាមួយអ្នកនៅក្នុងកុលសម្ព័ន្ធនៃឪពុករបស់ពួកគេតែប៉ុណ្ណោះ»។
7មិនត្រូវឲ្យមានមរតករបស់កូនចៅអ៊ីស្រាអែល ប្ដូរពីកលសម្ព័ន្ធមួយ ទៅកុលសម្ព័ន្ធមួយទៀតឡើយ។ ប្រជាជនអ៊ីស្រាអែលម្នាក់ៗ ត្រូវនៅជាប់នឹងចំណែកមរតកនៃកុលសម្ព័ន្ធដូនតារបស់ខ្លួន។
8កូនស្រីទាំងអស់របស់ប្រជាជនអ៊ីស្រាអែលដែលមានចំណែកមរតកក្នុងកុលសម្ព័ន្ធរបស់នាង នោះនាងត្រូវតែរៀបការជាមួយនរណាម្នាក់ដែលស្ថិតនៅក្នុងកុលសម្ព័ន្ធឪពុករបស់នាង។ ធ្វើបែបនេះ គឺដើម្បីឲ្យប្រជាជនអ៊ីស្រាអែលបានគ្រប់គ្រងមរតករពីដូនតារបស់ពួកគេ
9មិនត្រូវមានចំណែកមរតកណាមួយ ប្ដូរពីកុលសម្ព័ន្ធមួយ ទៅកុលសម្ព័ន្ធមួយទៀតឡើយ។ កុលសម្ព័ន្ធនៃប្រជាជនអ៊ីស្រាអែលទាំងអស់ត្រូវថែរក្សាចំណែកមរតករបស់ខ្លួន។
10ដូច្នេះ ពួកកូនស្រីរបស់លោកស្លូផិហាតក៏ធ្វើដូចដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ
11នាងម័សឡា នាងធើសា នាងហុកឡា នាងមីលកា និងនាងណូហា ជាកូនស្រីរបស់លោកស្លូផិហាត បានរៀបការជាមួយកូនចៅរបស់ម៉ាណាសេ។
12ពួកគេបានរៀបការចូលទៅក្នុងអំបូរនៃកូនចៅរបស់លោកម៉ាណាសេ ជាកូនលោកយ៉ូសែប។ ដូច្នេះ មរតករបស់ពួកគេក៏នៅតែស្ថិតក្នុងកុលសម្ព័ន្ធនៃអំបូររបស់ឪពុកពួកគេ។
13ទាំងនេះគឺជាបញ្ញត្ត និងច្បាប់ដែលព្រះអម្ចាស់បានប្រទានដល់ពួកកូនចៅអ៊ីស្រាអែល តាយរយៈលោកម៉ូសេ នៅវាលទំនាបស្រុកម៉ូអាប់ ជិតទន្លេយ័រដាន់ នៅក្រុងយេរីខូ។