1នេះគឺជាប្រវត្តិរបស់ពូជពង្សលោកអ៊ើរ៉ុន និងលោកម៉ូសេ ពេលព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេនៅលើភ្នំស៊ីណាយ។
2ឈ្មោះរបស់កូនប្រុសៗរបស់លោកអ៊ើរ៉ុនគឺ លោកណាដាប់ ជាកូនច្បង លោកអប៊ីហ៊ូវ លោកអេឡាសារ និងលោកអ៊ីថាម៉ារ។
3ទាំងនេះគឺជាឈ្មោះកូនប្រុសៗរបស់លោកអើរ៉ុន គឺជាអ្នកដែលត្រូវបានតែងតាំងឲ្យបម្រើក្នុងមុខងារជាបូជាចារ្យ។ ប៉ុន្តែ លោកណាដាប់ និងលោកអប៊ីហ៊ូវបានបាត់បង់ជីវិតនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ក្នុងពេលដែលអ្នកទាំងពីរយកភ្លើងដែលមិនអាចទទួលយកបានចូលទៅថ្វាយដល់ព្រះអម្ចាស់ នៅទីរហោស្ថានស៊ីណៃ។
4លោកណាដាប់ និងលោកអប៊ីហ៊ូវគ្មានកូនប្រុសទេ ដូច្នេះ មានតែលោកអេឡាសារ និងលោកអ៊ីថាម៉ារទេ ដែលបម្រើក្នុងមុខងារជាបូជាចារ្យ ជាមួយលោកលោកអើរ៉ុន ជាឪពុករបស់ពួកគេ។
5ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖
6«ចូរនាំកុលសម្ព័ន្ធលេវី ហើយឲ្យពួកគេឈរនៅចំពោះបូជាចារ្យអ៊ើរ៉ុន ដើម្បីឲ្យពួកគេបានជួយដល់គាត់។
7ពួកគេត្រូវមានភារកិច្ចជំនួសលោកអ៊ើរ៉ុន និងសហគមន៍ នៅខាងមុខត្រសាលប្រជុំ។ ពួកគេត្រូវបម្រើនៅក្នុងព្រះពន្លា។
8ពួកគេត្រូវថែទាំគ្រឿងបរិក្ខារទាំងអស់នៅក្នុងត្រសាលប្រជុំ ហើយពួកគេត្រូវជួយកុលសម្ព័ន្ធអ៊ីស្រាអែល ដើម្បីបំពេញមុខងារបម្រើនៅក្នុងព្រះពន្លា។
9អ្នកត្រូវប្រគល់ពួកលេវីទៅលោកអ៊ើរ៉ុន និងកូនប្រុសៗរបស់លោក។ ដ្បិត យើងបានប្រគល់ពួកគេទាំងអស់ ឲ្យជួយលោកដើម្បីបម្រើជនជាតិអ៊ីស្រាអែល។
10អ្នកត្រូវតែងតាំងលោកអ៊ើរ៉ុន និងកូនប្រុសៗរបស់លោកឲ្យធ្វើជាបូជាចារ្យ ប៉ុន្តែ សម្រាប់ជនបរទេស ដែលចូលមកជិត ត្រូវសម្លាប់គេចោល»។
11ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖
12«មើល៍ យើងបានញែកពួកលេវីចេញពីចំណោមប្រជាជនអ៊ីស្រាអែល។ យើងបានធ្វើការនេះ ជំនួសឲ្យយកកូនប្រុសច្បង ដែលកើតនៅក្នុងចំណោមប្រជាជនអ៊ីស្រាអែល។ ពួកលេវីគឺជាកម្មសិទ្ធិរបស់យើង។
13កូនច្បងទាំងអស់ជារបស់យើង។ នៅថ្ងៃដែលយើងបានប្រហារកូនច្បងនៅក្នុងទឹកដីអេស៊ីប យើងបានញែកកូនច្បងរបស់អ៊ីស្រាអែលដោយឡែកសម្រាប់យើង ទាំងមនុស្ស ទាំងសត្វ។ ពួកគេជាកម្មសិទ្ធិរបស់យើង។ យើងគឺជាព្រះអម្ចាស់»។
14ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេនៅក្នុងទីរហោស្ថានស៊ីណាយ។ ព្រះអង្គមានបន្ទូលថា៖
15«ចូររាប់ពូជពង្សរបស់ពួកលេវីនៅតាមគ្រួសារនីមួយៗ នៅក្នុងផ្ទះរបស់ដូនតារបស់ពួកគេ។ ចូរជំរឿនប្រុសៗទាំងអស់ចាប់តាំងពីមួយខែឡើងទៅ»។
16លោកម៉ូសេបានរាប់ពួកគេ តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ដូចដែលព្រះអង្គបានបង្គាប់ឲ្យធ្វើ។
17ឈ្មោះកូនប្រុសៗរបស់ពួកលេវីមានលោកគើសូន លោកកេហាត់ និងលោកម៉្រារី។
18កូនប្រុសៗរបស់លោកគើសូន មានលោកលីបនី និងលោកស៊ីម៉ៃ។
19អំបូរដែលមកពីកូនប្រុសរបស់លោកកេហាត់ មានលោកអាំរ៉ាម លោកយីតសារ លោកហេប្រូន និងលោកអ៊ូស៊ាល។
20អំបូរដែលមកពីកូនប្រុសរបស់លោកម៉្រារី មានលោកម៉ាលី និងលោកមូស៊ី។ អ្នកទាំងនេះគឺជាអំបូររបស់ពួកលេវី ដែលរាយនាមតាមអំបូរនីមួយៗ។
21អំបូរលោកលីបនី និងអំបូរលោកស៊ីម៉ៃ មកពីលោកគើសូន។ អ្នកទាំងនេះមកពីអំបូរលោកគើសូន។
22ពួកប្រុសៗទាំងអស់ដែលមានអាយុមួយខែឡើងទៅមានទាំងអស់ ៧៥០០ នាក់។
23អំបូរលោកគើសូនត្រូវបោះជំរំនៅទិសខាងលិចព្រះពន្លា ។
24លោកអេលាសាប់ ជាកូនរបស់លោកឡាអែលត្រូវដឹកនាំអំបូរនៃពូជពង្សរបស់លោកគើសូន។
25គ្រួសាររបស់លោកគើសូន ត្រូវមើលខុសត្រូវនៅក្នុងត្រសាលប្រជុំ បូករួមទាំងព្រះពន្លាផង។ ពួកគេត្រូវមើលថែព្រះពន្លា ក្រណាត់បាំងពីលើព្រះពន្លា និងវាំងននដែលប្រើធ្វើជាច្រកចូលត្រសាលប្រជុំ។
26ពួកគេត្រូវមើលថែរនាំនៅទីលាន វាំងននច្រកចូលទីលាន ដែលស្ថិតនៅជុំវិញទីលាន ព្រះពន្លា និងអាសនៈ ព្រមទាំងកន្លែងថ្វាយតង្វាយផង។ ពួកគេមានភារកិច្ចថែទាំខ្សែចងត្រសាលប្រជុំ និងរបស់ទាំងអស់នៅក្នុងនោះផង។
27អំបូរទាំងនេះមកពីលោកកេហាត់ គឺអំបូរលោកអាំរ៉ាម អំបូរលោកយីតសារ អំបូរលោកហេប្រូន និងអំបូរលោកអ៊ូស៊ាល។ អំបូរទាំងអស់នេះ មកពីអំបូរលោកកេហាត់។
28ប្រុសៗទាំងអស់មានចំនួន ៨៦០០ នាក់ គឺរាប់ចាប់ពីអាយុមួយខែឡើងទៅ ដើម្បីមើលថែរបស់ដែលជាកម្មសិទ្ធិរបស់ព្រះអម្ចាស់។
29គ្រួសារដែលមកពីពូជពង្សរបស់លោកកេហាត់ ត្រូវបោះជំរំនៅប៉ែកខាងត្បូងនៃព្រះពន្លា។
30លោកអេលីសាផាន ជាកូនរបស់លោកអ៊ូស៊ាលត្រូវធ្វើជាមេដឹកនាំអំបូរលោកកេហាត់។
31ពួកគេត្រូវទទួលខុសត្រូវខាងហឹបនៃសម្ពន្ធមេត្រី តុ ជើងចង្កៀង កន្លែងថ្វាយតង្វាយ គ្រឿងបរិក្ខារដែលពួកគេប្រើប្រាស់នៅក្នុងទីបរិសុទ្ធ មានវាំងននខាងក្នុង និងរបស់ផ្សេងៗទៀតដែលនៅក្នុងទីបរិសុទ្ធ។
32លោកអេឡាសារ ជាកូនរបស់លោកបូជាចារ្យអើរ៉ុនត្រូវធ្វើជាមេដឹកនាំលើអស់អ្នកដែលដឹកនាំពួកលេវី។ គាត់នឹងមើលខុសត្រូវលើអស់អ្នកដែលបំពេញមុខងារក្នុងទីបរិសុទ្ធ។
33អំបូរពីដែលមកពីលោកម៉្រារីគឺអំបូរលោកម៉ាស់លី និងលោកអំបូរម៉ូស៊ី។
34អំបូរទាំងនេះមកពីលោកម្រ៉ារី។ ប្រុសៗទាំងអស់មានចំនួន៦២០០ នាក់ ដែលបានរាប់ចាប់តាំងពីអាយុមួយខែឡើងទៅ។
35លោកស៊ូរីអែល ជាកូនរបស់លោកអប៊ីហែលត្រូវដឹកនាំអំបូរលោកម្រ៉ារី។ ពួកគេត្រូវបោះជំរំនៅខាងជើងព្រះពន្លា។
36ពូជពង្សរបស់លោកម្រ៉ារីត្រូវទទួលខុសត្រូវលើស៊ុមរបស់ព្រះពន្លា រនុក សសរ ជើងទ្រ ព្រមទាំងបរិក្ខារ និងអ្វីៗទាំងប៉ុន្មានដែលសម្រាប់ប្រើប្រាស់ជាមួយគ្រឿងទាំងនោះ បូករួមទាំង
37សសរ និងបង្គោលរបស់ទីលានដែលនៅជុំវិញព្រះពន្លា ជើងសសរ ចម្រឹង និងខ្សែចងដែរ។
38លោកម៉ូសេ និងលោកអ៊ើរ៉ុន ព្រមទាំងកូនប្រុសៗរបស់គាត់ ត្រូវបោះជំរំនៅប៉ែកខាងកើតនៃព្រះពន្លា នៅខាងមុខត្រសាលប្រជុំ ទល់មុខនឹងថ្ងៃរះ។ ពួកគេត្រូវទទួលខុសត្រូវលើការបំពេញភារកិច្ចនៅក្នុងទីបរិសុទ្ធ និងទទួលខុសត្រូវលើអ៊ីស្រាអែល។ ជនបរទេសណាដែលចូលមកក្នុងទីបរិសុទ្ធត្រូវសម្លាប់ចោល។
39លោកម៉ូសេ និងលោកអ៊ើរ៉ុនបានរាប់ប្រុសៗទាំងអស់នៅក្នុងអំបូរលោកលេវី ចាប់តាំងពីអាយុមួយខែឡើងទៅ ដូចដែលព្រះអម្ចាស់បានបង្គាប់។ ពួកគេរាប់បានប្រុសៗចំនួន ពីរម៉ឺនពីរពាន់នាក់។
40ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេឲ្យ «ជំរឿនកូនច្បងរបស់ប្រជាជនអ៊ីស្រាអែលទាំងអស់ ដែលមានអាយុចាប់តាំងពីមួយខែឡើងទៅ។ ធ្វើបញ្ជីឈ្មោះរបស់ពួកគេ។
41អ្នកត្រូវនាំពួកគេលេវីមកឲ្យយើង ជំនួសកូនច្បងរបស់ប្រជាជនអ៊ីស្រាអែលទាំងអស់ និងហ្វូងសត្វរបស់ពួកលេវីដែរ ជំនួសឲ្យហ្វូងសត្វរបស់ពូជពង្សអ៊ីស្រាអែលដែរ យើងជាព្រះអម្ចាស់»។
42លោកម៉ូសេបានរាប់កូនច្បងរបស់ប្រជាជនអ៊ីស្រាអែលទាំងអស់ ដូចព្រះអម្ចាស់បានបង្គាប់ឲ្យលោកធ្វើ។
43លោកបានរាប់កូនប្រុសច្បងទាំងអស់តាមឈ្មោះ និងអាយុចាប់ពីមួយខែឡើងទៅ។ លោករាប់បានទាំងអស់ចំនួន ២២, ២៧៣នាក់។
44ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេម្តងទៀត។ ព្រះអង្គមានបន្ទូលថា៖
45«ចូរយកពួកលេវីជំនួស កូនច្បងដែលនៅក្នុងចំណោមប្រជាជនអ៊ីស្រាអែលទាំងអស់ ហើយត្រូវយកហ្វូងសត្វរបស់ពួកលេវីជំនួសហ្វូងសត្វរបស់ប្រជាជនដែរ។ ពួកលេវីជាកម្មសិទ្ធិរបស់យើង យើងគឺជាព្រះអម្ចាស់។
46អ្នកត្រូវប្រមូលប្រាក់ប្រាំសេកែល សម្រាប់ជាលោះកូនច្បងរបស់ប្រជាជនអ៊ីស្រាអែលដែលមានចំនួន ២៧៣នាក់ ដែលបានលើសចំនួនរបស់ពួកលេវី។
47អ្នកត្រូវប្រើប្រាក់សេកែលនៅក្នុងទីបរិសុទ្ធ តាមរង្វាល់របស់អ្នក។ ប្រាក់សេកែលមានតម្លៃស្មើម្ភៃកេរ៉ា។
48អ្នកត្រូវបង់ថ្លៃលោះដែលអ្នកត្រូវបង់សម្រាប់លោកអ៊ើរ៉ុន និងកូនប្រុសៗរបស់លោក»។
49ដូច្នេះ លោកម៉ូសេបានប្រមូលប្រាក់បង់សម្រាប់លោះពីអស់អ្នកដែលើសពីចំនួននៃពួកលេវី។
50លោកម៉ូសេបានប្រមូលប្រាក់ពីកូនច្បងរបស់ប្រជាជនអ៊ីស្រាអែល។ លោកប្រមូលបានប្រាក់ចំនួន ១៣៦៥ សេកែល តាមទម្ងន់សេកែលនៅក្នុងទីបរិសុទ្ធ។ លោកម៉ូសេប្រគល់ប្រាក់លោះទៅលោកអ៊ើរ៉ុន និងកូនប្រុសៗរបស់លោក។
51លោកម៉ូសេបានធ្វើតាមអ្វីៗទាំងអស់ដែលព្រះអម្ចាស់បានបង្គាប់ឲ្យលោកធ្វើ ហើយបានធ្វើដូចដែលព្រះអម្ចាស់បានបង្គាប់ដល់លោក។