ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ជនគណនា 2

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ និងលោកអ៊ើរ៉ុនម្តងទៀត។ ព្រះអង្គមានបន្ទូលថា៖
2«ជនជាតិអ៊ីស្រាអែលម្នាក់ៗត្រូវបោះជំរំនៅជុំវិញទង់ជ័យរៀងខ្លួន នៅក្បែរទង់ជ័យផ្ទះឪពុករបស់ពួកគេ។ ពួកគេនឹងបោះជំរំនៅជុំវិញត្រសាលប្រជុំនៅគ្រប់ជ្រុង។
3អស់អ្នកដែលបោះជំរំនៅខាងកើតត្រសាលប្រជុំ ជាកន្លែងថ្ងៃរះ គឺជាកុលសម្ព័ន្ធរបស់លោកយូដា ហើយពួកគេបោះជំរំតាមអង្គភាពរបស់ពួកគេ។ លោក​ណាសូន ជា​កូន​របស់​លោក​អមីណា‌ដាប់ គឺជាមេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​លោកយូដា។
4ចំនួនប្រជាជន​របស់​យូដា​មាន​ចំនួន ៧៤, ៦០០ នាក់។
5កុល‌សម្ព័ន្ធ​របស់អ៊ីសា‌ខារ​បានបោះ​ជំរំ​នៅជិតកុល‌សម្ព័ន្ធ​លោកយូដា។ លោកនេថា‌​នេល ជា​​កូន​របស់​​​លោកស៊ូហារគឺ​ជាមេ​ដឹក​នាំ​ទាហានរបស់​លោក​អ៊ីសា‌ខារ។
6អង្គ‌ភាព​របស់​គាត់​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៥៤, ៤០០ នាក់។
7កុល‌សម្ព័ន្ធ​របស់លោកសាប់យូ‌ឡូនត្រូវ បោះជំរំនៅជិត​លោកអ៊ីសា‌ខារ​។ លោក​អេលាប ជា​កូន​របស់​​លោកហេឡូន គឺជាមេ​ដឹក​នាំទាហាន​របស់​​លោកសាប់យូ‌ឡូន។
8អង្គ‌ភាព​របស់​គាត់​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៥៧, ៤០០ នាក់។
9ចំនួនប្រជាជនដែលនៅក្នុងជំរំរបស់លោកយូដាទាំងអស់មានចំនួន ១៨៦, ៤០០​ នាក់។ ពួកគេនឹងចេញដំណើរមុនគេ។
10នៅប៉ែកខាងត្បូងត្រូវតែជាជំរំរបស់លោករូបេននៅក្រោមទង់ជ័យរបស់ពួកគេ។ មេដឹកនាំជំរំរបស់លោករូបេនគឺលោក​អេលី‌ស៊ើរ ជា​កូន​របស់​​លោកសេដេ‌អើរ។
11អង្គ‌ភាព​របស់​គាត់​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៤៦, ៥០០ នាក់។
12លោកស៊ីម្មាន​បោះ​ជំរំ​នៅជិតលោក​រូបេន។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​លោកស៊ីម្មានគឺ​លោកស្លូមាល ជា​កូន​របស់​​ស៊ូរី‌សាដាយ។
13​អង្គ‌ភាព​របស់​គាត់​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៥៩, ៣០០ នាក់។
14កុល‌សម្ព័ន្ធ​កាដនៅបន្ទាប់នោះ។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​កាដ គឺលោក​អេលី‌សាប ជា​កូន​របស់​លោក​ដេហ៊ូ‌អែល។
15​អង្គ‌ភាព​របស់​គាត់​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៤៥, ៦៥០ នាក់។
16ចំនួនរបស់អ្នកដែលបានរាប់នៅក្នុងជំរំរបស់លោករូបេន ​សរុប​ទាំង​អស់​មាន​ចំនួន ១៥១, ៤៥០ នាក់។ ពួកគេនឹងចេញដំណើរជាអង្គភាពទីពីរ។
17បន្ទាប់មក ត្រសាលប្រជុំត្រូវចេញពីជំរំជាមួយពួកលេវី គឺនៅចំកណ្តាលនៃជំរំទាំងអស់។ ពួកគេត្រូវចេញពីជំរំតាមលំដាប់ ដូចដែលពួកគេបោះជំរំដែរ។ បុរសគ្រប់រូបត្រូវនៅក្នុងកន្លែងរបស់ខ្លួន និងទង់ជ័យរបស់ខ្លួនដែរ។
18អង្គភាពនៃជំរំរបស់អេប្រាអ៊ីមនៅក្រោមទងជ័យរបស់ពួកគេ។ មេដឹកនាំរបស់កុលសម្ព័ន្ធអេប្រាអ៊ីមគឺលោកអេលី‌សាម៉ា ត្រូវជា​កូន​របស់​លោកអាំមី‌ហ៊ូដ។
19អង្គភាព​របស់​គាត់មាន​ចំនួន ៤០, ៥០០ នាក់។
20បន្ទាប់ពី ពួកគេគឺកុលសម្ព័ន្ធម៉ាណាសេ។ មេដឹកនាំរបស់កុលសម្ព័ន្ធលោកម៉ាណាសេគឺលោក​កាម៉ា‌លាល ត្រូវជា​កូន​របស់​លោកផ្តាស៊ើរ។
21អង្គភាព​របស់​គាត់មាន​ចំនួន ៣២, ២០០ នាក់។
22បន្ទាប់មក កុលសម្ព័ន្ធបេនយ៉ាមីន។ មេដឹកនាំរបស់កុលសម្ព័ន្ធបេន​យ៉ា​មីន​គឺ​លោកអប៊ីដាន ត្រូវជា​កូន​របស់​លោកគីដា‌ហូនី។
23អង្គភាព​របស់​គាត់មាន​ចំនួន ៣៥, ៤០០ នាក់។
24អង្គភាពទាំងអស់ដែលបានរាប់នៅក្នុងជំរំរបស់កុលសម្ព័ន្ធអេប្រាអ៊ីមមានចំនួន ១០៨, ១០០។ ពួកគេចេញ​ដំណើរ​ជាអង្គភាព​ទី​បី។
25នៅប៉ែកខាងជើងជាជំរំអង្គភាពកុលសម្ព័ន្ធដាន់។ មេដឹកនាំរបស់កុលសម្ព័ន្ធដាន់ គឺលោក​អហ៊ី‌យេស៊ើរ ត្រូវជា​កូន​របស់លោក​អាំមី‌សាដាយ។
26អង្គភាព​របស់​គាត់​មាន​ចំនួន ៦២, ៧០០ នាក់។
27នៅកុលសម្ព័ន្ធអេ‌ស៊ើរ​បោះ​ជំរំ​នៅជិត​កុល‌សម្ព័ន្ធ​ដាន់។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ គឺលោក​ប៉ាគី‌ហ៊ាល ត្រូវជា​កូន​របស់លោក​អូក្រាន។
28អង្គភាព​របស់​គាត់​មាន​ចំនួន ៤១, ៥០០ នាក់។
29កុល‌សម្ព័ន្ធ​ណែប‌ថាលីនៅបន្ទាប់។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​ណែប‌ថាលី គឺ​លោកអហ៊ី‌រ៉ា ត្រូវជា​កូន​របស់​លោកអេណាន។
30អង្គភាព​របស់​គាត់​មាន​ចំនួន ៥៣, ៤០០ នាក់។
31អង្គភាពដែលនៅក្រោមទង់ជ័យរបស់ដាន់​ទាំងអស់​មាន​ចំនួន ១៥៧, ៦០០ នាក់។ ពួក​គេ​ចេញ​ទៅក្រោយ​គេ​បង្អស់ ​តាម​ទង់​របស់​ពួកគេ»។
32អ្នកទាំងនេះគឺជាជនជាតិអ៊ីស្រាអែល រាប់តាមចំនួននៃគ្រួសាររបស់ពួកគេ។ គឺរាប់អស់អ្នកដែលនៅក្នុងជំរំរបស់ពួកគេ តាមអង្គភាពរបស់ពួកគេមានចំនួន ៦០៣, ៥៥០។
33ប៉ុន្តែ លោកម៉ូសេ និងលោកអ៊ើរ៉ុនមិនបានរាប់ពួកលេវីដែលនៅក្នុងចំណោមជនជាតិអ៊ីស្រាអែលទេ។ ការនេះធ្វើតាម ដូចដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។
34ប្រជាជនអ៊ីស្រាអែលធ្វើគ្រប់យ៉ាងតាមដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។ ពួកគេបានបោះជំរំតាមទង់ជ័យរបស់ពួកគេ។ ពួកគេចេញពីជំរំតាមអំបូររបស់ពួកគេ ទៅតាមគ្រួសារដូនតារបស់ពួកគេ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។